អ្នកវិភាគ៖ យុទ្ធសាស្ត្រវាយប្រហារចំណុចខ្សោយរបស់រដ្ឋាភិបាល ធ្វើឲ្យបក្សប្រឆាំងកើនប្រជាប្រិយ
- ដោយ: លោក គិន ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ កក្កដា ២០១៣
- កែប្រែចុងក្រោយ: July 23, 2013
- ប្រធានបទ: វិភាគនយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើកក្តាអ្វីខ្លះ ដែលបណ្តាលឲ្យមានសន្ទុះ នៃការគំទ្រគណបក្សប្រឆាំង ដែលប្រកាសខ្លួនថា ជាអ្នកប្រជាធិបតេយ្យ មានអ្នកគាំទ្យច្រើន ហើយភាគច្រើន គឺជាយុវ័យនោះ?
លោក កែម ឡី អ្នកវិភាគសង្គមឯករាជ្យបានថ្លែងឲ្យដឹងថា រដ្ឋាភិបាលបានចាយសន្លឹកឆ្នោតច្រើនពេក ដូចជាពុំបានព្យាយាមដោះស្រាយបញ្ហានោះទេ តែរដ្ឋាភិបាលបែរជាព្យាយាមបង្រ្កាបទៅវិញ បញ្ហាដីសម្បទានសេដ្ឋកិច្ច ដែលធ្វើឲ្យប៉ះប្រជាពលរដ្ឋច្រើន តុលាការពុំបានឈរលើអព្យារក្រិត សេវាសង្គមពលរដ្ឋធ្វើស្រែដាំដំណាំបាន មានសមត្ថកិច្ច និងអាជ្ញាធរដែនដីទៅជួយយកផលប្រយោជន៍ពីគាត់ទៅវិញ ដោយពុំបានស្វែងរកទីផ្សារសំរាប់គាត់។ លោកបានពន្យល់ថា៖ «កក្តាទាំងនេះហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរគ្មានជម្រើស មិនមែនមានន័យថា ពួកគាត់ស្រលាញ់គណបក្សសង្គ្រោះជាតិនោះទេ ហើយក៏ពុំមែនគណបក្សនោះល្អដែរ ប៉ុន្តែគាត់គ្មានជម្រើស គាត់ចង់កែប្រែសង្គមដែលអយុត្តិធម៌មួយនេះ ដូច្នេះពួកគាត់មានតែធ្វើតាមរយៈគណបក្សនេះតែប៉ុណ្ណោះ»។
លោកបានថ្លែងឲ្យដឹងទៀតថា បញ្ហាមួយទៀតគឺ បញ្ហាជនអន្តោប្រវេសន៍ ចេះតែច្រើនឡើងៗ ហើយពលរដ្ឋឃើញនឹងភ្នែក លឺនិងត្រចៀក ដូច្នេះធ្វើឲ្យពួកគាត់មានការព្រួយបារម្ភ ម្យ៉ាងទៀតចំនុចដែលធ្វើឲ្យយុវជនគាំទ្រ គឺគណបក្សសង្គ្រោះជាតិ បានយកផលវិបាកសង្គម យកមកឃោសនាបោះឆ្នោត និងប្រើកញ្ចប់មួយដែលនិយាយ អំពីការជួយចាស់ជរា មន្ត្រីរាជការ ប៉ូលីស ទាហាន យុវជន នៅពេលគណបក្សគាត់ឈ្នះឆ្នោត ធ្វើជាសារនយោបាយ។
លោកកែម ឡី បាននិយាយថា៖ «ប្រសិនបើគណបក្សប្រជាជន ខំធ្វើការដោះស្រាយផលវិបាកសង្គមទាំងនោះ កុំឲ្យពលរដ្ឋឃើញ គឺគណបក្សសង្គ្រោះជាតិពុំមានប្រជាប្រិយភាព ដល់ប៉ុណ្ណឹងនោះទេ»។
រីឯលោក សុខ ទូច អ្នកវិភាគនយោបាយឯករាជ្យ បានលើកនូវទឡ្ហីករណ៍មួយចំនួនឲ្យដឹងថា ការដែលមានសន្ទុះនៃការគាំទ្រច្រើននោះ គឺដោយសារគេមិននឹកស្មានថាលោកសម រង្ស៊ី នឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញនោះទេ ដូច្នេះការវិលត្រឡប់ចូលមកវិញនោះ បង្ហាញថា គាត់គឺជាអ្នកនយោបាយមួយរូប ដែលមាន«ទំនួលខុសត្រូវ»។ ម្យ៉ាងទៀតនោះគណបក្សប្រជាជនបានសន្យាថា ដោះស្រាយបញ្ហាទំនាស់ដីធ្លី អំពើពុករលួយ បញ្ហាតុលាការ ប៉ុន្តែ«បានត្រឹមតែនិយាយ ប៉ុន្តែគាត់ពុំបានធ្វើ»។ ចំណែកឯការហ៊ានងើបឡើង បញ្ចេញមតិយោបល់ ដែលទាក់ទងទៅនឹងបញ្ហានយោបាយ និងការឈឺចាប់របស់ពួកគេ គឺពុំមានរងការប្រឈម ឬការបង្ក្រាបធ្ងន់ធ្ងរ ដូច្នេះធ្វើឲ្យម្នាក់ៗ ចេះតែហ៊ានតៗគ្នា។
យុវជន រស់ មនោ ដែលរៀននៅឆ្នាំទីបីនៃសាលកលវិទ្យាល័យឯកជនមួយ បានលើកអំពីទស្សនៈដែលគាំទ្រគណបក្សសង្គ្រោះជាតិ នោះថា ខ្លួនពេញចិត្តនូវបាវចនារបស់គណបក្សនោះគឺ សង្រ្គោះ បំរើ និងការពារ។ យុវសិស្សរូបនោះបានថ្លែងទៀតថា ៖«ខ្ញុំសង្ឃឹមថាគណបក្សនោះ នឹងសង្រ្គោះយកកោះត្រល់មកវិញ ហេតុអ្វីក៏គណបក្សប្រជាជន ឲ្យទៅយួនងាយស្រួលម្ល៉េះ»។
យុវសិស្សរូបនោះបានលើកឡើងទៀតថា បើមើលពី បញ្ហាសង្គមវិញ ថ្ងៃណាក៏ឃើញទឹកភ្នែកប្រជាជនយំស្រែកដែរ ទាំងប្រជាជនការពារដីធ្លី កម្មករ-កម្មារិនីរោងចក្រដែលធ្វើកូដកម្មដើម្បីតែលក្ខខណ្ឌការងារប្រសើ ត្រូវបានគេវាយធ្វើបាបដោយគ្មានដំណោះស្រាយ មានអ្នកខ្លះរហូតដល់ទៅរលូតកូនថែមទៀត។ យុវសិស្សរូបនោះបានសួរឡើងថា ៖ «តើយើងបណ្តោយឲ្យមានជំងឺសង្គមនេះ តទៅទៀតរឺ?»។
រីឯយុវជន ងួន មិនា ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា បានលើកឡើងអំពីគំនិតផ្ទុយទៅវិញ ដោយលើកឡើងនោះថា គណបក្សផ្សេងៗបានត្រឹមតែសន្យា និងរត់ចោលពលរដ្ឋទៅសម្ងំនៅឯក្រៅប្រទេស យកសុខតែខ្លួនឯងប៉ុណ្ណោះនៅពេលដែលមានបញ្ហា ហើយនៅពេលណាដែលបោះឆ្នោតជិតមកដល់ ឃើញមុខមកស្រុកវិញហើយ ដោយស្រែកថាខ្លួនឯងជាអ្នកស្នេហាជាតិ។ យុវសិស្សរូបនោះ បានការពារគណបក្សដែលខ្លួនស្រឡាញ់ថា ៖ «មនុស្សយើងពុំដែលធ្វើត្រូវទាំងអស់ ហើយក៏ពុំអាចផ្គាប់ចិត្តមនុស្សរាល់គ្នាត្រូវដែរ យើងក្រឡេកមើលថាតើប្រទេសយើងបានអភិវឌ្ឍន៍អ្វីខ្លះ តើសាកលវិទ្យាល័យមានប៉ុន្មាន? តើយើងចង់បានអ្វីទៀត?»។
ទន្ទឹមនិងគណបក្សរបស់លោកសម រង្ស៊ី កំពុងតែមានប្រជាប្រយិភាពនោះ ក៏មានការលើកឡើងជាច្រើន ទាក់ទិនទៅនឹងការលើកលែងទោសនោះថា លោកមិនអាចឈឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីបានទេនោះ ត្រូវបានលោក សុខ ទូច បានពន្យល់ថា លោកសម រង្ស៊ីកំពុងតែប្រើនយោបាយពីរ គឺ«ចាញ់ក៏ឈ្នះ ឈ្នះក៏ឈ្នះ»។ លោកសម រង្ស៊ី ចង់បង្ហាញថា ការវិលត្រឡប់មកវិញរបស់លោកនោះ ពុំមែនដើម្បីអំណាចទេ គឺមកដើម្បីចង់សង្គ្រោះជាតិតែប៉ុណ្ណោះ។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «តែបើក្នុងរណីលោកសម រង្ស៊ីចាញ់ឆ្នោតវិញ គឺគាត់នឹងលើកឡើងថា រដ្ឋាភិបាលក៏ដូចជាគ.ជ.ប ពុំផ្តល់សិទ្ធិឲ្យគាត់បោះឆ្នោត»។
បើនិយាយអំពីថ្ងៃអនាគតលោក កឹម សុខា និងលោក សម រង្ស៊ីនឹងបាក់បែកគ្នានោះ ត្រូវបានលោក កែម ឡីលើកឡើងថា ករណីលោកកឹម សុខា និងលោក សម រង្ស៊ីមានចំណុចច្រើន ដែលអាចឈានទៅដល់ការបែកបាក់គ្នា។ ប៉ុន្តែអ្នកវិភាគរូបនេះ ជឿជាក់ថា អ្នកទាំងពីរគ្មានថ្ងៃបែកបាក់គ្នានោះទេ ដោយសារតែពួកគាត់ មានកំលាំងប្រជាពលរដ្ឋច្រើនគាំទ្រ ដែលជាសំពាធសំរាប់អ្នកទាំងពីរ ដែលវាប្រហាក់ប្រហែលនឹងករណី ដែលដ្ឋាភិបាលគ្មានជម្រើសថា មិនគាំទ្រស្ថាប័នរាជបាល្ល័ង្គបានទេ ដោយសារតែកំលាំងប្រជាពលរដ្ឋ គាំទ្រអតីតៈព្រះមហាវិរក្សត្រច្រើនលើសលប់នោះ។
លោក សម រង្ស៊ី ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ១២ឆ្នាំ ពីបទបំផ្លាញតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម និងបទក្លែងបន្លំឯកសារពាក់ព័ន្ធ នឹងផែនទីព្រំដែនកម្ពុជា-វៀតណាម។ ប៉ុន្តែនៅថ្ងៃទី១២ ខែកក្កដា កន្លងមកនេះ ព្រះមហាក្សត្រព្រះបរមនាថ នរោត្តម សីហមុនី ឡាយព្រះហស្តលេខាលើកលែងទោស ដោយមានសំណើអមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១២ ខែកក្កដាដដែល។ នេះក៏ជាការលើកទី៤ ដោយព្រះមហាក្សត្រ ទាក់ទងនឹងជម្លោះនយោបាយ ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ និងបញ្ហាព្រំដែនកម្ពុជា-វៀតណាម៕