កោះ​ហៅ ធី សុវណ្ណថា ឲ្យ​ចូល​បំភ្លឺ​រឿង​ប្ដឹង សាន្ដ ប៊ុនធឿន

ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅ កញ្ញា ធី សុវណ្ណថា នៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះ ឲ្យចូលខ្លួនទៅបំភ្លឺ នៅថ្ងៃទី ៩ ខែកក្កដាខាងមុខ រឿងពាក្យបណ្ដឹង ដែលអ្នកគាំទ្រគណបក្សកាន់អំណាចរូបនេះ បានដាក់ទៅកាន់តុលាការ ប្ដឹងលោក សាន្ដ ប៊ុនធឿន កាលពីថ្ងៃចន្ទពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។
កោះ​ហៅ ធី សុវណ្ណថា ឲ្យ​ចូល​បំភ្លឺ​រឿង​ប្ដឹង សាន្ដ ប៊ុនធឿន
ពីឆ្វេងទៅស្ដាំ៖ កញ្ញា ធី សុវណ្ណថា «ចៅតា» និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី៣០ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: June 30, 2017
  • ប្រធានបទ: យុត្តិធម៌-ច្បាប់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដីកាកោះដើមបណ្ដឹង របស់ព្រះរាជអាជ្ញារងនេះ បានធ្វើឡើងតែបីថ្ងៃប៉ុណ្ណោះ ក្រោយពាក្យបណ្ដឹង ដែលបានដាក់ចូល ទៅកាន់តុលាការ កាលពីថ្ងៃទី ២៦ ខែមិថុនា។ ក្នុងដីកាកោះនោះ ដែលត្រូវបាន​ផ្សព្វផ្សាយ​​ជាសាធារណៈ នៅព្រឹកថ្ងៃទី៣០ ខែមិថុនានេះ លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង បានបង្គាប់ឲ្យដើមបណ្ដឹង កញ្ញា ធី សុវណ្ណថា ចូលខ្លួនមកបំភ្លឺ នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី៩ ខែកក្កដាខាងមុខ ពីពាក្យបណ្ដឹងរបស់នាង ដែលបានដាក់ប្ដឹងលោក សាន្ដ ប៊ុនធឿន អ្នកសារព័ត៌មាន​លើបណ្ដាញសង្គម ពីបទ«ញុះញង់​ឲ្យប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍»។

កញ្ញា ធី សុវណ្ណថា បានសរសេរតបនឹងដីកាកោះនេះ នៅលើទំព័រហ្វេសប៊ុកថា៖ «សាន្ត ប៊ុនធឿន អើយ... ដីកាកោះ ចេញហើយ ! អ្វីដែលខ្ញុំអាចជួយបងបាន គឺដាក់ពាក្យសុំ "ឈប់ប្តឹង"។ តែបណ្តឹងអាជ្ញារបស់តុលាកា នៅតែបន្តដំណើរការ។ បើតុលាការសម្រេចឲ្យបងជាប់គុក ខ្ញុំនឹងប្រើសិទ្ធ ជាដើមបណ្តឹង សុំធានាបងឲ្យនៅក្រៅឃុំ... ។»

កាលពីម្សិលម៉ិញ យុវតីអ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជារូបនេះ បានប្រកាសយល់ព្រម ធ្វើការអាធ្យាស្រ័យ ឲ្យលោក សាន្ដ ប៊ុនធឿន បន្ទាប់ពីអ្នកសារព័ត៌មានរូបនេះ បានប្រកាសទទួលស្គាល់កំហុស តាមវីដេអូផ្សាយផ្ទាល់រាប់ម៉ោង នៅលើទំព័រហ្វេសប៊ុករបស់លោក 

ចំពោះសាធារណៈមតិវិញ បានប្រតិកម្មផ្សេងៗគ្នា ទាក់ទងនឹងពាក្យបណ្ដឹង របស់កញ្ញា ធី សុវណ្ណថា។ ក្រុមអ្នកគាំទ្រគណបក្សកាន់អំណាច ដូចកញ្ញា ធី សុវណ្ណថា បានយល់ស្របនឹងពាក្យបណ្ដឹងនេះ ថាត្រូវធ្វើឡើង ដើម្បីបង្ហាញពីការអនុវត្តន៍ច្បាប់ របស់នីតិរដ្ឋ ហើយពលរដ្ឋ ចាំបាច់ត្រូវគោរពច្បាប់។

តែសម្រាប់ក្រុម​អ្នកនិយមកណ្ដាល និងក្រុមដែលមិនចូលចិត្តកញ្ញា ធី សុវណ្ណថា បានបកស្រាយថា បើការអនុវត្តច្បាប់ និងការគោរពច្បាប់ មានលក្ខណៈស្មើភាពគ្នា សម្រាប់គ្រប់ពលរដ្ឋនោះ វាជាការប្រសើរណាស់។ ក្រុមនេះបានលើកឡើងថា ចំណាត់ការទៅលើបណ្ដឹង កញ្ញា ធី សុវណ្ណថា «ចៅតា» ដូចខាងលើនេះ ហាក់ដូចជាមានល្បឿន លឿនទៅមុខ ខណៈបណ្ដឹង​ដ៏ច្រើនផ្សេងទៀត ហាក់ដូចជានៅទ្រឹង ឬស្ថាត់ឈឹងតែម្ដង។

ក្រុមខ្លះទៀត ថែមទាំងបរិហារថា ស្ថាប័នតុលាការខ្មែរ កំពុងធ្វើខ្លួន ឲ្យក្លាយជា«បាយឡុកបាយឡ» សម្រាប់​ជន​អវិជ្ជា​ក្នុង​សម័យ​នេះ យកធ្វើ​ជាល្បែងកំសាន្ដ​ទៀត​ផង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...