ធី សុវណ្ណថា បង្ហោះរូបញញឹមបន្ទាប់ពី សាន្ដ ប៊ុនធឿន ទទួលកំហុស
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី៣០ មិថុនា ២០១៧
- កែប្រែចុងក្រោយ: June 30, 2017
- ប្រធានបទ: តារាហ្វេសប៊ុក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទាមទារឲ្យទទួលកំហុស ដើម្បីជាថ្នូរនឹងការអាធ្យាស្រ័យ! ប៉ុន្តែនៅទីបំផុត ការទទួលកំហុសជាសាធារណៈ របស់លោក សាន្ដ ប៊ុនធឿន អ្នកសារព័ត៌មាននៅតាមបណ្ដាញសង្កម បានទទួលលទ្ធផលមកវិញ នៅត្រឹមតែ«ការសោកស្ដាយ» របស់កញ្ញា ធី សុវណ្ណថា ជាមួយនឹងពាក្យពេជន៍ថា លោក ប៊ុនធឿន បានទទួលកំហុសនេះ «យឺតពេល» ដោយហេតុថា ពាក្យបណ្ដឹងរបស់នាង ប្ដឹងអ្នកសារព័ត៌មានកាលពីថ្ងៃច័ន្ទ បានជាប់អាជ្ញាទៅហើយ។
កាលពីថ្ងៃពុធ កញ្ញា ធី សុវណ្ណថា អ្នកគាំទ្រចេញមុខម្នាក់ របស់គណបក្សប្រជាជនកម្ពុជា បានប្រកាសទាមទារ ឲ្យលោក សាន្ដ ប៊ុនធឿន បំពេញនូវលក្ខខណ្ឌចំនួនបី ដើម្បីអាចទទួលបាន ការអាធ្យាស្រ័យរបស់នាង ពីរថ្ងៃបន្ទាប់ពីនាង បានដាក់ពាក្យបណ្ដឹង ប្ដឹងអ្នកសារព័ត៌មានរូបនេះ កាលពីថ្ងៃចន្ទ ពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។ លក្ខខណ្ឌទាំងបីនោះ ត្រូវបានកញ្ញាសរសេរបញ្ជាក់ថា៖ «១- លោកបានជេរប្រមាថ មើលងាយខ្ញុំ និងគ្រួសារខ្ញុំ។ ២- លោកបានបរិហាកេរ្តិ៍ខ្ញុំ ចូល CPP បានលុយ ឡាន វីឡា។ ៣- លោកបានជ្រុលនិយាយ ឲ្យព័ទ្ធឡានខ្ញុំ ឲ្យចាត់ការខ្ញុំ។»។
កញ្ញា «ចៅតា» បានបញ្ជាក់ទៀតថា នាងមិនត្រូវការ ឲ្យអ្នកសារព័ត៌មានរូបនេះ សុំទោសនាងនោះទេ តែកញ្ញា បានអះអាងថា៖ «ខ្ញុំត្រូវការឲ្យលោកទទួលស្គាល់កំហុស រួចផ្សាយកែតម្រូវឡើងវិញ»។
មិនខុសពីការទាមទារទេ ព្រោះគ្មាននរណាម្នាក់សប្បាយចិត្ត នឹងមានក្ដីក្តាំ នៅឯតុលាការនោះទេ ជាពិសេសបើនិយាយដល់ ការតតាំងក្ដី ទល់នឹងកញ្ញា ធី សុវណ្ណថា «ចៅតា» ផងនោះ។ លោក សាន្ដ ប៊ុនធឿន បានយកពេលបង្ហោះវីដេអូផ្សាយផ្ទាល់ ជាច្រើនម៉ោង ដើម្បីឆ្លើយតប ទៅនឹងការទាមទារនោះ និងបាននិយាយទទួលកំហុស ទាក់ទងនឹងសំដីជ្រុលជ្រុស ក្នុងពេលកន្លងមករបស់លោក។
តែជាលទ្ធផល លោក សាន្ដ ប៊ុនធឿន ទទួលការអាធ្យាស្រ័យ ពីសំណាក់កញ្ញា ធី សុវណ្ណថា បែបណាមកវិញ? ជាមួយនឹងរូបថត ឈរញញឹមបិតមាត់មិនជិត ដែលនាងបង្ហោះ នៅលើទំព័រហ្វេសប៊ុករបស់នាង កាលពីរសៀលថ្ងៃព្រហស្បត្តិ៍នេះ អ្នកគាំទ្រគណបក្សកាន់អំណាចវ័យក្មេង បានសរសេរថា៖ «នាងខ្ញុំបានឃើញ ការឆ្លើយតបពីលោក សាន្ត ប៊ុនធឿន។ នាងខ្ញុំព្រមអធ្យាស្រ័យឲ្យលោក "ឈប់ប្តឹង" តែនាងខ្ញុំមានការសោកស្តាយ ដែលលោកព្រមទទួលកំហុស"យឺតពេល"បន្តិច។»។
យុវតីអតីតអ្នកគាំទ្រគណបក្សប្រឆាំង បានបន្តទៀតថា៖ «តាមច្បាប់ ទោះជាខ្ញុំឈប់ប្តឹង បណ្តឹងអាជ្ញានៅតែដំណើរការ តែខ្ញុំនឹងព្យាយាមជួយលោកវិញ ដើម្បីសម្រាលទោសលោក»។
មកដល់ដំណាក់កាលនេះ តើអ្នកសារព័ត៌មានសំដីឆៅ លោក សាន្ដ ប៊ុនធឿន មានអ្វីត្រូវនិយាយតប ទៅដើមបណ្ដឹងវិញនោះ? លោកសរសេរតបថា៖ «អរគុណហើយ ចំពោះការអធ្យាស្រ័យមួយនេះ គឺជាសណ្តានចិត្តដ៏ល្អបំផុត គឺជាមហាបុណ្យដ៏ក្រៃលែង ខ្មែរស្រលាញ់ខ្មែរ ខ្មែរអាណិតខ្មែរ ខ្មែរចេះអធ្យាស្រ័យដល់ខ្មែរនឹងខ្មែរ ទេីបខ្មែរបានសុខជារៀងរហូត»៕