អេង ឆៃអ៊ាង បង្ហើប​ថា មាន​«អ្នក​ចាត់​ចែង»​ឱ្យ​ដោះ​លែង​មន្ត្រី​ទាំង៥

តើការដោះលែងមន្ត្រី៤នាក់ របស់សមាគម អាដហុក (Adhoc) និងមន្ត្រី ១នាក់ទៀត របស់ គ.ជ.ប ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ធ្វើឡើងក្រោមហេតុផល និងអាចមានអាថ៌កំបាំងអ្វី? អនុប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហើបឃ្លាអរគុណយ៉ាងខ្លីមួយ ដែលអាចធ្វើឲ្យគេយល់ថា មាន«អ្នកចាត់ចែង» ឲ្យដោះលែងមន្ត្រីទាំង៥រូប។
អេង ឆៃអ៊ាង បង្ហើប​ថា មាន​«អ្នក​ចាត់​ចែង»​ឱ្យ​ដោះ​លែង​មន្ត្រី​ទាំង៥
មន្ត្រីទាំងប្រាំរូប ពីឆ្វេងទៅស្ដាំ៖ លោក ណៃ វង់ដា - លោក នី ចរិយា - អ្នកស្រី លឹម មុន្នី -លោក យី សុខសាន្ដ និងលោក នី សុខា។ (រូបថតសហការី)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៩ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: June 29, 2017
  • ប្រធានបទ: យុត្តិធម៌-សិទ្ធិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«អរគុណ អ្នកចាត់ចែងឲ្យដោះលែង មន្ត្រីសិទ្ធិមនុស្សទាំងបួនរូប និងលោក នី ចរិយា» នេះ ជាឃ្លាខ្លីដំបូង ដែលលោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហោះនៅមុននេះ ដើម្បីចូលរួមអបអរសាទរ ការនៅក្រៅឃុំ (ជាបណ្ដោះអាសន្ន) របស់មន្ត្រីទាំងបួនរូប របស់សមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) និងមន្ត្រីមួយរូបទៀត របស់គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) នៅយប់ថ្ងៃទី២៩ ខែមិថុនានេះ។

ការលើកឡើង របស់អនុប្រធានគណបក្សប្រឆាំង បានបង្កជាចំណោទឡើង ជុំវិញមូលហេតុ ឬអាថ៌កំបាំង ដែលឈានទៅដល់ ការដោះលែងជាបណ្ដោះ​អាសន្ន នូវមន្ត្រីទាំង៥រូប ដ៏គួរភ្ញាក់ផ្អើល និងភ្លាមៗក្នុងថ្ងៃនេះ សម្រេចដោយលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរ របស់សាលាដំបូងរាជធានី។

ទាំងក្រុមគ្រួសារ និងសាមីខ្លួន សុទ្ធតែបានអះអាងដូចគ្នាថា ពួកគេទើបតែបានដឹង ពីការសម្រេចរបស់តុលាការ នៅពេលល្ងាចថ្ងៃនេះ។ ខណៈសាមីខ្លួនទាំងប្រាំរូបវិញ បានថ្លែងថា ពួកគាត់ទើបតែបានដឹងពីដំណឹងនេះ ពីសំណាក់មេធាវី នៅ៥នាទី នៅមុនការដោះលែងប៉ុណ្ណោះ។

លោក យី សុខសាន្ដ មន្ត្រីមួយរូប ពីក្នុងចំណោមមន្ត្រីអាដហុកបួនរូប ដែលទើបត្រូវបានដោះលែងនោះ បានបង្ហើបឲ្យដឹងដែរថា មានមន្ត្រី​ស្ថានទូតបរទេសមួយ បានធ្វើអន្តរាគមន៍ ទៅលើរដ្ឋាភិបាល ដើម្បីឲ្យមានការដោះលែង​ពួកគាត់។ ប៉ុន្តែលោក យី សុខសាន្ដ មិនបានបញ្ជាក់បន្ថែមថា ជាមន្ត្រីស្ថានទូតណាមួយ ឱ្យពិតប្រាកដទេ ដោយគ្រាន់តែ​ព្រលយ​ពាក្យ​តិចតួច ទាក់ទងនឹងជំនួប កាលពីពេលថ្មីៗនេះ រវាងឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក និងលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ក្នុងពេលកន្លងមក បណ្ដឹង​ទាមទារ និងការស្នើសុំឲ្យដោះលែង ឲ្យនៅក្រៅឃុំរបៀបនេះ មិនដែលទទួលបានលទ្ធផល ជាវិជ្ជមានទេ។

តែចំពោះមន្ត្រីតុលាការវិញ បានហៅការដោះលែងនេះ ជានីតិវិធី និងឆន្ទានុសិទ្ឋិរបស់ចៅក្រម ដែលបានសម្រេចទៅតាមច្បាប់ ដូចមានយោងនៅក្នុងដីកា បង្គាប់ឲ្យដោះលែង។ មន្ត្រីតុលាការដដែល បាននិយាយបន្តថា ជាការដោះលែងឲ្យនៅក្រៅឃុំ ជាបណ្ដោះអាសន្ន ធ្វើឡើងក្រោមលក្ខខណ្ឌចំនួនបី៖ ហាមមិនឲ្យដូរទីលំនៅ និងចាកចេញពីកម្ពុជា ដោយគ្មានការអនុញ្ញាត ពីតុលាការ ហើយត្រូវបង្ហាញខ្លួន នៅរាល់ការកោះហៅ ពីសំណាក់តុលាការ។

មន្ត្រីសមាគមអាដហុកទាំងបួននាក់ រួមមានលោក​ នី​ សុខា​ - លោក​ យី​ សុខសាន្ត​ - លោក​ ណៃ​ រ៉ង់ដា​ និងអ្នក​ស្រី​ លឹម​ មុន្នី​។ អ្នកទាំងបួននាក់ ត្រូវបាន​ចោទ​ប្រកាន់ ពី​បទ​សូកប៉ាន់​សាក្សី​ តាម​មាត្រា​៥៤៨នៃ​ក្រម​ព្រហ្មទណ្ឌ​។ រីឯអគ្គលេខាធិការរង គ.ជ.ប លោក​ នី​ ចរិយា​ ត្រូវបានចោទប្រកាន់ ពី​បទ​សមគំនិត ​ក្នុង​​អំពើ​​សូកប៉ាន់​សាក្សី​ តាម​មាត្រា​២៩​ និង​ មាត្រា​ ៥៤៨​ នៃ​ក្រម​ព្រហ្មទណ្ឌ​។

បទចោទប្រកាន់ទាំងនេះ ត្រូវបានធ្វើឡើង ក្រោមរឿងរ៉ាវដ៏ចម្រូងចម្រាស់ របស់ស្ត្រីជាងធ្វើសក់ម្នាក់ ឈ្មោះ ខុម​ ចាន់​តារាទី​ ហៅ​ស្រី​មុំ​ ដែលគេបានគិតថា មានរឿង​អាស្រូវ​ផ្លូវ​ភេទ ជាមួយ​លោក​ កឹម​ សុខា​ បច្ចុប្បន្នជាប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ បើគិតមកដល់ថ្ងៃនេះ មន្ត្រីទាំង៥រូប បានជាប់ក្នុងពន្ធនាគារ អស់រយៈពេល ៤២៨ថ្ងៃហើយ។

ស្ថាប័នអន្តរជាតិធំៗជាច្រើន ដូចយ៉ាង ក្រុម​ការងារ​​របស់អង្គការសហប្រជាជាតិ ទទួល​​បន្ទុក​ផ្នែក​​ ការ​​ឃុំឃាំង​មនុស្ស ដោយគ្មាន​​ការជំនុំជម្រះ និងអ្នករាយការណ៍​ពិសេស [ពីបញ្ហា​សិទ្ធិ​មនុស្ស នៅកម្ពុជា] របស់​​អង្គការ​​សហប្រជាជាជាតិ បាន​អំពាវនាវ​ហើយ​អំពាវនាវ​ទៀត ទៅកាន់រដ្ឋាភិបាលកម្ពុជា សុំឲ្យមានការ​ដោះលែង​ពួកគេ ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ។ ស្ថាប័នទាំងនោះ បានហៅការឃុំខ្លួនមន្ត្រីទាំង៥ ថាត្រូវបានធ្វើឡើង តាមតែ«អំពើចិត្ត» និងបានស្នើសុំ ឲ្យបញ្ឈប់នូវរាល់​ការ​តាម​យាយី ដោយ​ប្រព័ន្ធ​តុលាការ ទៅលើ​ក្រុម​អ្នក​ធ្វើការ ផ្នែកសិទ្ធិមនុស្សនៅកម្ពុជា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...