ហេតុអ្វី​អ្នក​គាំទ្រ​បក្ស​សម្បុក​ឃ្មុំ BSDP ជា​អតីត​អ្នក​គាំទ្រ CNRP?

ចម្លើយភាគច្រើន ដែលទទួលបានពីពលរដ្ឋទាំងនោះ គឺភាពអស់សង្ឃឹម ការអស់ជំនឿ ជាការខកចិត្ត​មួយ​យ៉ាង​ធំ ជា​ពិសេស​របស់​អ្នក ដែលខំដាក់ក្តីស្រលាញ់ ជាមួយនឹងការជួយជ្រោមជ្រែង ដើម្បីឆ្ពោះទៅ​រក​ការ​ផ្លាស់​ប្តូរ មួយ​ដែល​ជា​នីតិរដ្ឋ​ពិត​ប្រាកដ តាមរយៈការគោរពច្បាប់ និងយកច្បាប់ជាធំ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី១០ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 17, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យ៉ាងហោចណាស់ ប្រជាពលរដ្ឋ និងតំណាងរបស់ខ្លួន ប្រមាណជាងមួយពាក់នាក់ ដែលបានអះអាងថា ពួក​ខ្លួន​ធ្លាប់ធ្វើការគាំទ្រគណបក្សសង្គ្រោះជាតិ បាននាំគ្នាងាកមកចាប់ យកគណបក្សថ្មីមួយទៀត ដែលទើបនឹង​បង្កើត​ឡើង មានឈ្មោះថា «គណបក្សសំបុកឃ្មុំ​សង្គមប្រជាធិបតេយ្យ»។

តើមានមូលហេតុអ្វីខ្លះ ដែលនាំឲ្យពួកគាត់ចាកចេញ ពីគណបក្សដ៏ធំមួយ ដែលមានសម្លេងក្នុងរដ្ឋសភា យ៉ាង​ក្រាស់ក្រែល បែរជាមកចូលរួម ជាមួយនឹងគណបក្សថ្មី ដែលមិនមានកៅអីមួយសោះ ក្នុងរដ្ឋសភាទៅវិញ។ ដើម្បី​បានជ្រាបច្បាស់ពីបញ្ហានេះ សូមស្តាប់ការបកស្រាយ និងការលើកឡើង របស់តំណាងពលរដ្ឋតាម​ខេត្ត​នីមួយៗ ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូដូចខាងក្រោម៖

លោក តូច វិត មកពីខេត្តកណ្តាល បានលើកលើងថា លោកបានដាក់ចិត្ត ចូលរួមជាមួយនឹងគណបក្សលោក ម៉មសូណង់ដូ ដោយលាលែង និងអស់ជំនឿលើគណបក្សសង្គ្រោះជាតិ ព្រោះតែលោកបានបាត់បង់​ប្អូន​ប្រុស​ម្នាក់ ឈ្មោះ រដ្ឋា បន្ទាប់ពីគណបក្សនេះ បានធ្វើបាតុកម្ម ហើយគ្មានការទទួលខុសត្រូវ និងមិនទទួលស្គាល់ថា ប្អូនរបស់លោក ជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនោះឡើយ។ លោកបន្តថា មកទល់ពេលនេះគណបក្ស​សង្គ្រោះ​ជាតិ នៅតែមិនទទួលខុសត្រូវ ធ្វើព្រងើយកន្តើយ និងមិនស្វែងរកយុត្តិធម៌ ឲ្យប្អូនលោកឡើយ។

» សូមស្តាប់ការបញ្ជាក់បន្ថែម៖

អ្នកមីង គួង ឆែម មកពីខេត្ត ព្រៃវេង បានលើកឡើងថា អ្នកមីងបានមើលឃើញ គោលនយោបាយរបស់​គណបក្ស​​សង្គ្រោះជាតិ នាពេលកន្លងមកនេះ ឃើញថា«មិនកើត» ដូចអ្វីដែលបានអះអាង។ អ្នកមីងបន្តថា បន្ទាប់​​ពីអស់ជំនឿ លើគណបក្សសង្គ្រោះចាតិ អ្នកមីងបានប្តូរចិត្ត មកគាំទ្រគណបក្ស លោក ម៉ម សូណង់ដូ វិញ ព្រោះតែលោកមានការស្រលាញ់ និងអាណិតប្រជាពលរដ្ឋ និងជួយពលរដ្ឋ ដោយមិនរើសមុខ។ អ្នកមីងថា៖ «ឃើញ​​តែចាញ់គេ។ អ្នកគាំទ្រឃើញតែគេចាប់។ (...) ចូល (រួមជាមួយរដ្ឋាភិបាល) យកតែប្រាក់ខែស៊ី មិន​បាន​គិត​ដល់​ប្រជាជនទេ។»

» សូមស្តាប់ការបញ្ជាក់បន្ថែម៖

លោក ឡូយ សាវឿន មកពីខេត្តតាកែវ បានបង្ហាញនូវការគាំទ្រ យ៉ាងពេញទំហឹង ចំពោះគណបក្ស ដឹកនាំ​ដោយ​​លោក ម៉ម សូណង់ដូ ដែលបានធ្វើការប្តេជ្ញាចិត្ត ក្នុងការជួយប្រជាពលរដ្ឋ។ លោកជាគ្រូបង្រៀន និងក៏​ជា​អតីត​អ្នកគាំទ្រ គណបក្សសង្គ្រោះជាតិម្នាក់ ដែលមិនខ្លាចបាត់បង់ នូវអាជីពជាគ្រូបង្រៀន ចេញមុខគ្រប់​សកម្មភាព របស់គណបក្សសង្គ្រោះជាតិ ស្ទើរតែមួយខេត្តតាកែវ មានតែលោកម្នាក់ ដែលហ៊ានចេញមុខ។ លោក​​បន្តថា ទីបំផុតគណបក្សសង្គ្រោះជាតិ ដឹកនាំតាមបែប«បក្សពួកនិយម»ទៅវិញ តាមរយៈអ្នកធ្វើការ មិន​ដែល​បាន​«តួនាទី» ឯអ្នកពូកែអែបអប បានឡើង«ធំ»។ មូលហេតុនេះហើយ ដែលបង្ខំឲ្យលោកចាកចេញ ពី​គណបក្សមួយនេះ មកចូលរួមជាមួយ នឹងគណបក្សលោក ម៉ម សូណង់ដូ វិញ។

» សូមស្តាប់ការបញ្ជាក់បន្ថែម៖

អតីតសមាជិកគណៈកម្មការ នៃគណបក្សសិទ្ធិមនុស្ស និងក៏ជាសមាជិកគណៈកម្មការ នៃគណបក្សសង្គ្រោះ​ជាតិម្នាក់ បានលាលែងពីគណបក្សដើមរបស់ខ្លួន ព្រោះតែភាពអស់សង្ឃឹម របស់លោកចំពោះគណបក្ស។ លោក​បន្តថា ព្រោះតែលោកបានចំណាយពេលច្រើន ជាមួយនឹងគណបក្សនេះ (CNRP) ហើយគណបក្សនេះ មិនបានបង្ហាញអ្វី ដែលជាការផ្លាស់ប្តូរណាមួយ តាមការសន្យារបស់ខ្លួននោះឡើយ។ លោកថ្លែងឡើងថា៖ «យើង​​គ្មានក្តីសង្ឃឹម ចំពោះគណបក្សសង្គ្រោះជាតិ ឲ្យមានការផ្លាស់ប្តូរនៅកម្ពុជាបានឡើយ»។

» សូមស្តាប់ការបញ្ជាក់បន្ថែម៖

លោក ទូច ថាវ មកពីខេត្តកំពង់ស្ពឺ បានលើកឡើងថា លោកចូលរួមជាមួយនឹងគណបក្សសំបុកឃ្មុំ សង្គម​ប្រជា​ធិបតេយ្យ ដើម្បីជួយជាតិ។ លោកថាគណបក្សនេះ មិនមែនជាគណបក្ស របស់លោក ម៉ម សូណង់ដូ ទេ តែ​ជាគណបក្សរបស់ជាតិ ហើយបានប្រមូលផ្តុំប្រជាពលរដ្ឋ ដែលស្រលាញ់ជាតិ មករួមសាមគ្គីគ្នា ជា«ធ្លុង»​មួយ​ដើម្បីដោះស្រាយ បញ្ហាជូនជាតិរួមគ្នាតែមួយ។ លោកថ្លែងឡើងដែរថា៖ «ជួយជាតិ សាមគ្គីគ្នា ស្រលាញ់គ្នា»។

» សូមស្តាប់ការបញ្ជាក់បន្ថែម៖

លោក សុខ រដ្ឋា មកពីខេត្តព្រៃវែង បានបង្ហាញគំនិតផ្ទាល់ខ្លួនថា ការចូលរួមរបស់លោក ព្រោះតែគណបក្ស​មួយនេះ មានគោលនយោបាយល្អ ជាមួយនឹងការបង្ហាញ នូវការជួយជ្រោមជ្រែង ដល់ប្រជាពលរដ្ឋ​ដែលមាន​ទុកលំបាក នៅតាមបណ្តាខេត្តមួយចំនួន ពិសេសប្រជាពលរដ្ឋ ទីទ័លក្រ។

» សូមស្តាប់ការបញ្ជាក់បន្ថែម៖

លោក ជួប ផន មកពីខេត្តកំពង់ឆ្នាំង បានលើកឡើងថា មានតែគណបក្សសម្បុកឃ្មុំនេះទេ ដែលអាចជួយ​រំដោះ​ជាតិ ឲ្យមានការរីកចម្រើនដ៏ពិតប្រាកដបាន។ លោកបានបង្ហាញការគាំទ្រ ដល់សកម្មភាពរបស់ប្រធាន​គណបក្ស លោក ម៉ម សូណង់ដូ ដែលតែងតែជួយប្រជាពលរដ្ឋក្រីក្រ ដោយគ្មានការរើសអើង។

» សូមស្តាប់ការបញ្ជាក់បន្ថែម៖

លោក ភី ហេង មកពីខេត្តកំពង់ចាម បានលើកឡើងថា គោលនយោបាយគណបក្សមួយនេះ មានភាពល្អ ប្លែក​ខុសបីគណបក្សនយោបាយផ្សេងៗទៀត។ លោកបង្ហាញនូវទស្សនៈផ្ទាល់ខ្លួនថា មានតែប្រធានគណបក្ស​នេះ​ទេ ដែលមានវីរៈភាព ហើយនិយាយអ្វី សុទ្ធតែជាពាក្យពិត មិនដែលភូតភររាស្រ្ត និងភរភូតអ្នកដទៃ។

» សូមស្តាប់ការបញ្ជាក់បន្ថែម៖

សូមបញ្ជាក់ថា ក្នុងសមាជនៃគណបក្សសំបុកឃ្មុំកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥ កន្លងមកនេះ មានអ្នក​ចូល​រួមគាំទ្រ ប្រមាណជាងមួយពាក់នាក់ មកពីតាមបណ្តាខេត្តនានា ទាំង២៥ខេត្ត-ក្រុង។ សមាជនេះ ត្រូវបាន​រៀប​ចំឡើង ដើម្បីធ្វើការបោះឆ្នោតគាំទ្រ ប្រធាន អនុប្រធាន និងអគ្គលេខាធិការបក្ស។ លោក ម៉ម សូណង់ដូ បាន​ជាប់ជាប្រធានបក្ស, លោក ហារី សំអាត និងលោក ហ៊ាង ឫទ្ធី ជាអនុប្រធាន (អនុប្រធានពីររូប) លោក យ៉ែម វណ្ណថន ជាអគ្គលេខាធិការ ឯលោក អ៊ី សំអុល ជាអគ្គហិរញ្ញិក។ សមាជនេះធ្វើឡើង នៅក្នុងបរិវេណ​គេហដ្ឋាន លោក ម៉ម សូណង់ដូ នៅឃុំគគីរ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...