ប្រតិកម្មរបស់ពលរដ្ឋអ្នកគាំទ្រចំពោះការដោះលែង ម៉ម សូណង់ដូ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: March 15, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រោយពីសាលាឧទ្ធណ៍បានប្រកាសថា ដោះលែងលោក ម៉ម សូណង់ដូ នោះ បណ្ដាជនដែលបានធ្វើដំណើរមកគាំទ្រ នៅទីនោះបានស្ទុះអោបគ្នាទាំងក្មេង ទាំងចាស់ ដោយក្តីរំភើប អ្នកខ្លះស្រែកទ្រហោយំ មានទាំងស្រក់ទឹកភ្នែកទៀតផង។
ក្រុមអ្នកគាំទ្រ លោកម៉ម សូណង់ដូ នៅមុខសាលាឧទ្ទរណ៍ថ្ងៃទី១៤ខែមិនា។
នៅក្រៅសាលាឧទ្ធរណ៍ជូរមាត់ទន្លេ ក្រុមអ្នកគាំទ្រ លោក ម៉ម សូណង់ដូ និងសមាជិកនៃសមាគមអ្នកប្រជាធិបតេយ្យ រាប់រយនាក់ក្នុងឯកសណ្ឋាន មួយក្រដាសគូតុងពណ៌លឿងរម្លេចដោយរូបថត លោក ម៉ម សូណង់ដូ និងពាក្យដែលមានន័យថា «ដោះលែងអ្នកគ្មានទោស លោក ម៉ម សូណង់ដូ»។ ជាមួយអាវពណ៌សទាំងមុខ និងក្រោយ បោះភ្ជាប់នូវរូប «សត្វឃ្មុំពណ៌លឿងចាស់» មានកាន់បដាជាភាសារខ្មែរ ឬអង់គ្លេស មានន័យថា«ដោះលែងលោក ម៉ម សូណង់ដូ» ឯផ្នែកខាងក្រោមដាក់ថា«បញ្ឈប់អំពើហិង្សា»។ ខ្លះទៀតកាន់រូបថតលោកម៉ម សូណង់ដូ ផងនោះបាននាំគ្នាស្រែកទាមទារឲ្យមានការដោះលែងលោកម៉ម សូណង់ដូ ទាំងស្រុងពីពន្ធនាគារ ដោយអះអាងថា លោកសូណង់ដូ ពុំបានប្រព្រឹត្តបទល្មើសព្រៃឈើ ដូចសាលាឧទ្ធរណ៍បានចោទប្រកាន់នោះទេ។
ក្រោមបានដឹងពីសាលដីកា ដែលប្រកាសដោយ លោក ឃុន លាងម៉េង ប្រធានចៅក្រមជម្រះនោះរួច លោកតា យឹម យន អាយុ៧០ឆ្នាំ មកពីស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បាននិយាយដោយទឹកមុខញញឹម ថា លោកតាសប្បាយចិត្តណាស់ ដែលតុលាការបានធ្វើការដោះលែងលោកប្រធានម៉ម សូណង់ដូ។ លោកតាបន្តដោយភាពរីករាយថា លោកតានឹងរៀបការកូននៅពីរថ្ងៃខាងមុខនេះ តែដោយលោកតាគោរពស្រលាញ់លោកប្រធាន ទើបលោតាកសុខចិត្តទុករឿងនេះមួយអន្លើរសិន ដើម្បីចូលរួមក្នុងការប្រកាសសាលដីកានេះ ហើយលោកតានឹងនៅតាមដង្ហែរលោក ម៉ម សូណង់ដូ ពីពន្ធនាគាររួចរាល់ ទើបត្រឡប់ទៅផ្ទះវិញ។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានឡើងមកពីខេត្តកំពង់ស្ពឺមានចំនួនជាងហុកសិបនាក់ និងមកពីតាមបណ្តាខេត្តក្រុងនានាជាច្រើននាក់ទៀត។ លោកតាបន្ថែមថា «តុលាការពិតជាមានឯករាជ្យ យុត្តិធម៌ មិនស្ថិតនៅក្រោមគំនាបអ្នកនយោបាយណាម្នាក់»។
ប្រហែលនឹងគ្នានេះដែរ អំស្រីម្នាក់ ឈ្មោះ យឹម សាខន មកពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កំពុងតែមានែរំជួលចិត្ត ស្ទើរនិយាយមិនចេញ បានលើកឡើងថា អុំស្រីមានភាពរំភើប និងសប្បាយក្នុងចិត្តណាស់ដែលលោកម៉ម សូណង់ដូ ត្រូវបានតុលាការដោះលែង។ អុំស្រីក៏សូមអំពាវនាវដល់តុលាការទាំងអស់ សូមឲ្យមានការសន្រេចសេចក្តី ដោះលែងសកម្មជនសិទ្ធិដីធ្លី ដែលកំពុងជាប់ទោសនោះ ឲ្យមានសេរីភាព ដូចលោក ម៉ម សូណង់ដូដែរ។
ចំណែកព្រះតេជគុណ នួន សូវាត ពីប្រទេសកាណាដា ក៏បានចូលរួមសម្តែងនូវការសប្បាយចិត្តចំពោះការដោះលែងលោក ម៉ម សូណង់ដូដែរ។ ព្រះអង្គបានមានសង្ឃដីកាថា ជាយុត្តិធម៌មួយត្រូវតែមានមានចំពោះលោក ព្រោះលោកពុំមានប្រព្រឹត្តអ្វីខុសនោះទេ។ លោកជាអ្នកប្រជាធិបតេយ្យ ជាអ្នកជួយប្រជាពលរដ្ឋស្លូតត្រង់ និងមិនមានប្រព្រឹត្តអ្វីខុសនិងច្បាប់ឡើយ។
ការលើកឡើងប្រហាក់ប្រហែលគ្នានេះ អ្នកគាំទ្រលោក ជាច្រើនរយនាក់បានស្រែកទ្រហឹងអឺងកងនៅមុខសាលាឧទ្ធណ៍ សម្តែងនូវការរីករាយ ភាពពេញចិត្តពេញថ្លើម ចំពោះការសម្រេចរបស់សាលាឧទ្ធរណ៏នេះ។
សូមរំលឹកថា លោក ម៉ម សូណង់ដូ អាយុ ៧១ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ តាមរយៈបណ្តឹងចោទប្រកាន់ពីបទញុះញង់ឲ្យមានការបង្កើតតំបន់អបគមន៍ ក្នុងភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ និងត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ម្ភៃឆ្នាំ និងពិន័យជាប្រាក់ដប់លានរៀល ពីបទជាប់ពន្ធពាក់នឹងការបង្កើតតំបន់អបគមន៍ ប្រឆាំងរាជរដ្ឋាភិបាល កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១២ ។
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៤ មីនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ