ជុំវិញការ«ឈប់ចោទប្រកាន់»របស់តុលាការ ទៅលើសកម្មជនសិទ្ធមនុស្ស ចាន់ សុវ៉េត
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: February 13, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រយៈពេលជិតប្រាំមួយខែ បន្ទាប់ពីការចោទប្រកាន់ លោក ចាន់ សុវេត ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ លើកលែងការចោទប្រកាន់ ដោយរកមិនឃើញពីកំហុសដែលនឹងត្រូវធ្វើការចោទប្រកាន់នោះ។
លោកចាន់ សុវ៉េត មន្ត្រីអង្គការសិទ្ធមនុស្សអាដហុក។
លោក សុក សំអឿន នាយកប្រតិបត្តិ នៃក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បាននិយាយថា លិខិតជូនដំណឹងនោះពុំមាន ពន្យល់ពីមូលហេតុច្បាស់លាស់ ទាក់ទងនឹងការលើកលែងការចោទប្រកាន់នោះទេ។ លោកបន្តថា «ក្នុងលិខិតនោះបាន បញ្ជាក់ថា សំណុំរឿងលោក ចាន់ សុវេត ចៅក្រមសម្រេចលើកចោលបទចោទប្រកាន់ហើយ»។ លោកបញ្ជាក់ថា លោក មិនអាចទាក់ទងសុំការបញ្ជាក់លើបញ្ហានេះពីលោក ឆែ វីរៈ ចៅក្រមស៊ើបសួរបាននេះទេ។
តាមលិខិតជូនដំណឹង ស្តីពីការលើកលែងការចោទប្រកាន់ របស់លោក ឆែ វីរៈ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានី ភ្នំពេញ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៣ ជូនដំណឹងទៅមេធាវីលោក ចាន់ សុវ៉េត គឺលោក ឡោ ជន់ធី និងលោក សំ សុគង់ បានជ្រាបថា សំណុំរឿងព្រហ្មទណ្ឌលេខ២៤៨៧ ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១២ ត្រូវបានលើកលែងការចោទប្រកាន់ តាមដីការលេខ២៤៧។
លោក សំ សុគង់ ការពារ មេធាវីមកពីអង្កការជំនួយផ្នែកច្បាប់នៃកម្ពុជា ការពារក្តីរបស់លោក ចាន់ សុវ៉េត លើកឡើងថា ការសម្រេចនេះមានភាពត្រឹមត្រូវ និងយុត្តិធម៌ ដោយសារការស៊ើបអង្កេត មិនមានភស្តុតាងគ្រប់គ្រាន់ ទាក់ទងនឹងបទល្មើស។
ចំណែកលោកស្រី មុត ពិសិទ្ធិ មេធាវីមកពីសមាគមអាដហុក បានមានចំណាប់អារម្មណ៍ ប្រហាក់ប្រហែលគ្នានេះដែរ តែលោកស្រីបញ្ជាក់បន្ថែមថាថា នេះអាចជាគំរូមួយល្អ សំរាប់ករណីផ្សេងៗទៀត។ លោកស្រីសង្ឃឹមថា តុលាការនឹងធ្វើកំណែទម្រង់ ប្រព័ន្ធយុត្តិធម៌ឲ្យបានល្អ និងធ្វើការស៊ើបអង្កេតឲ្យបានច្បាល់លាស់ មុននឹងធ្វើការចោទប្រកាន់ជាផ្លូវការ ព្រមទាំងប្រមូលឲ្យបានគ្រប់នូវ ភស្តុតាងដាក់បន្ទុក និងដោះបន្ទុក ដើម្បីផ្តល់យុត្តិធម៌ដល់ ជនជាប់ចោទ ក៏ដូចជាជនរងគ្រោះ។
ចំពោះការលើកលែងចោទប្រកាន់នេះ លោក ចាន់ សុវ៉េត អនុប្រធានផ្នែកអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក បាននិយាយថា វាពុំមានអ្វីប្លែកនោះទេ ព្រោះថា ការលើកលែងនេះ វាមិនបានបញ្ជាក់អំពីដំណើរការ នៅក្នុងតុលាការ ថាកំពុងតែល្អប្រសើរនោះទេ។ លោកបន្តថាលុះត្រាតែ «តុលាការពិចារណាដោះលែងសកម្មជនតវ៉ាដីធ្លីផ្សេងៗទៀត និងអ្នកសារព័ត៌មានដែល ពួកគេត្រូវបានតុលាការចាប់ដាក់គុកដោយអយុត្តិធម៌។ ការពិចារណាដោះស្រាយលើបញ្ហាទាំងនេះអាចទៅរួច ទើបបង្ហាញថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា បានប្រសើរឡើងគួរឲ្យទុកចិត្តបាន និងបញ្ជាក់ថាតុលាការនៅកម្ពុជាមានភាពឯករាជ្យ»។
ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ មិនអាចសុំការបញ្ជាក់ពីលោក ឆែ វីរៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានទេនៅថ្ងៃទី១២ ខែកុម្ភៈ នេះដោយលោកមិនទទួលទូរស័ព្ទ។
សូមបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០១២ លោក ចាន់ សុវ៉េត ត្រូវបានចៅក្រម ចេញដីកាស៊ើបសួរ ចោទប្រកាន់ក្នុងរឿងជួយដល់ជនជាប់ចោទ ដែលពាក់ព័ន្ធនឹងរឿងបង្កើតតំបន់អបគមន៍ ប្រឆាំងរដ្ឋាភិបាល តាមរយៈជម្លោះដីធ្លី នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ឲ្យរត់គេចខ្លួន កាលពីខែឧសភា។ ក្នុងអំឡុងពេលដែលរដ្ឋាភិបាល បានប្រើកម្លាំងទ័ពចុះបង្ក្រាបនោះ ក្មេងស្រីអាយុជាងដប់ឆ្នាំម្នាក់បានស្លាប់ ដោយត្រូវគ្រាប់កាំភ្លើង របស់សមត្ថកិច្ច។ ការចោទប្រកាន់នេះ ត្រូវបានធ្វើឡើង នៅក្រោយពេលដែលនាយករដ្ឋមន្ត្រីខ្មែរលោកហ៊ុន សែន បានថ្លែងថានឹងចាត់វិធានការ លើសកម្មជនលេចធ្លោជាច្រើននាក ក្នុងនោះរួមទាំងលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំផង។
អង្គការសិទ្ធិមនុស្ស និងអ្នកវិភាគមួយចំនួនទៀត បានចាត់ទុកថា នេះជាការបំភិតបំភ័យមួយ ដល់សកម្មជនសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន ទោះបីជាមិនមានការចាប់ខ្លួនលោក ចាន់ សុវ៉េត បន្ទាប់ពីការសាកសួរក៏ដោយ។ តែក្នុងអំឡុងពេលស៊ើបអង្កេតកន្លងមក គាត់តម្រូវឲ្យបង្ហាញ អំពីកន្លែងស្នាក់នៅ ទៅតុលាការគ្រប់ពេលចាកចេញពីភ្នំពេញ។
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ