នៅឃុំបឹងប្រាំ ពលរដ្ឋរត់«គេច»ខ្លួន ព្រោះអាជ្ញាធរឈូសដីចំការខ្លួន
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៣ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 13, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រជាពលរដ្ឋបួនគ្រួសារ ក្នុងចំណោមជាងបីរយគ្រួសារ បានចោទអាជ្ញាធរឃុំបឹងប្រាំថា បាននាំកម្លាំង៦០នាក់ អាវុធមួយដើម និងគ្រឿងចក្រពីគ្រឿង កំពុងឈូសឆាយដីខ្លួន និងគម្រាមចាប់ខ្លួន បើសិនជាហ៊ានមករារាំង។ សកម្មភាព ឈូសឆាយ ដែលយ៉ាងហោចណាស់ធ្វើឲ្យ មានពលរដ្ឋមួយរូបត្រូវបានរត់គេសខ្លួន និងសមាជិកគ្រួសារផ្សេងទៀត រងនូវការវាយសំពង។
រនាំងដាក់ឃាំងផ្លូវលំ និងមានរោងទាហានយាម (ខាងឆ្វេងដៃ) នៅឃុំបឹងប្រាំ ស្រុក បវេល ខេត្តបាត់ដំបង។ (រូបថត ឯកសារ)
វិបត្តិដីធ្លី - បន្ទាប់ពីត្រូវបានប្រជាពលរដ្ឋ ចោទថាបានយកតុលាការ មកគម្រាមដើម្បីយកដីធ្លី ស្រែចំការរបស់ពួកគាត់នោះមក នៅពេលនេះ ទំនងជាក្រុមអាជ្ញាធរទាំងនោះ ចាប់ផ្ដើមអនុវត្តឲ្យចេញជាសកម្មភាពជាក់ស្ដែងហើយ។ ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោក ចាន់ ថន ដែលកំពុរត់គេចពីការចាប់ខ្លួន បានបញ្ជាក់ថា នាវេលាម៉ោងជាង១១ថ្ងៃត្រង់ ថ្ងៃទី១៣ ខែមិថុនានេះ លោកមេឃុំបឹងប្រាំ ឈា នី បានដឹកនាំកម្លាំងប្រដាប់ដោយដំបង និងអាវុធ ជាមួយនឹងក្រុមបញ្ជាការពារភូមិ ដែលស្លៀកឯកសណ្ឋានឈុតខៀវ ប្រមាណជិត៦០នាក់ និងគ្រឿងចក្រ២គ្រឿង ទៅឈូសឆាយដីស្រែ និងចំការដែលលោកបានកំពុងអាស្រ័យផលរាល់ឆ្នាំ។ «គាត់ (លោក ឈា នី មេឃុំបឹងប្រាំ) ជាអ្នកនាំកម្លាំងទៅ។ គាត់មិនធ្វើការដោះស្រាយឲ្យទេ ដោយជ្រុលជាធ្វើប្លង់ជាន់លើដីខ្ញុំហើយ។ ខាងសោធិន គេសើរើខ្លាំងពេក អញ្ចឹងគាត់ក៏នាំទៅចង្អុល និងឲ្យកម្លាំងព្យួរាស់ និងឈូសឆាយដីនោះយកតែម្តង។»
លោកបានបន្ថែមថា លោកកំពុងគេចខ្លួន មិនហ៊ានចូលទេ ព្រោះលោកមេឃុំបឹងប្រាំកំពុងរង់ចាំចាប់ បើសិនជាលោក ហ៊ានមករ៉ារាំងការឈូសឆាយនេះ។ លោកបន្ថែមថា ឃើញហេតុការណ៍នេះមិនស្រួល លោកក៏មិនហានចេញមុខដែរ ដោយទុកឲ្យប្រពន្ធ និងម្តាយទៅធ្វើការហាមឃាត់ តែមិនបានសម្រេចទេ ព្រោះមេឃុំនោះមិនបានស្តាប់ឡើយ។ «ខ្ញុំកំពុងរត់គេចខ្លួន។ ប្រពន្ធខ្ញុំក៏កំពុងព្យាយាមឃាត់ឃាំង។ (...) គេចង់ឲ្យខ្ញុំចេញមុខតតាំង ពេលធ្វើសកម្មភាព អាងចាប់ខ្ញុំតែម្តង។»
លោក ចាន់ ថន បានរៀបរាប់បន្តទៀត ថានៅពេលដែលប្រពន្ធរបស់លោក បាននិយាយទៅកាន់លោកមេឃុំនោះ ស្រាប់តែលោកមេឃុំ បានច្រានប្រពន្ធរបស់លោកឈ្មោះ លឿត ឡាង អាយុ៤៥ឆ្នាំ ឲ្យដួល និងបញ្ជាក្រុមសន្តិសុខឲ្យវាយថែមទៀត។ ឃើញដូចនោះលោកយាយ គឹម ហេង អាយុ៦៥ឆ្នាំ ត្រូវជាម្តាយ ដែលកំពុងពរចៅអាយុ៦ខែក្នុងដៃ បានចូលទៅឃាត់មិនឲ្យមានការវាយតប់ តែក៏ត្រូវបានក្រុមសន្តិសុខទាំងនោះវាយដែរ បណ្តាលឲ្យរបូតចៅដែលមានអាយុទើបតែ៦ខែពីដៃធ្លាក់ដីតែម្តង។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចទំនាក់ទំនងជាមួយមេឃុំបឹងប្រាំ លោក ឈា នី ទាក់ទងនឹងការចោទប្រកាន់ ខាងលើនេះបានទេ ដោយទូរស័ព្ទរបស់លោកមិនអាចភ្ជាប់ទំនាក់ទំនងបាន។
សកម្មភាពឈូសឆាយនេះ ត្រូវបានថ្កោលទោស ដោយមន្ត្រីសំរបសំរួលនៃសមាគមសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តបាត់ដំបង លោក យិន ម៉េងលី ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូក្នុងល្ងាចថ្ងៃទី១៣ ខែមិថុនានេះ។ លោកបានចោទប្រកាន់ទៅលើមន្រ្តីអនុវត្តច្បាប់ ដែលជាអាជ្ញាធរមូលដ្ឋានទាងនោះថា មិនយកចិត្តទុកដាក់ដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋដែលរងគ្រោះពិតប្រាកដ តែបែរជានាំកម្លាំងទៅឈូសឆាយដី ដែលកំពុងរង់ចាំការដោះស្រាយពីខេត្តទៅវិញ។
មន្រ្តីសិទ្ធិមនុស្សរូបនេះបានបញ្ជាក់ថា៖ «យើងបានដាក់របាយការណ៍ ទៅអភិបាលខេត្តតាំងពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤ ដើម្បីធ្វើការពិចារណា និងដោះស្រាយ។ មកដល់ខាងខេត្តនៅតែស្ងៀមស្ងាត់ និងមិនទាន់មានការដោះស្រាយអ្វីនៅឡើយទេ។»
លោក បាននិយាយទៀតថា៖ «ខ្ញុំគិតថា សូមឲ្យភាគីពាក់ព័ន្ធនៅរក្សាភាពស្ងៀមស្ងាត់សិន។ (...) ប្រជាពលរដ្ឋដែលធ្លាប់ធ្វើក្នុងឆ្នាំកន្លងមក លោកធ្វើកន្លែងណា នៅកន្លែងហ្នឹងសិនទៅ ជៀសវាងមានហិង្សាកើតឡើង។»
មន្ត្រីសិទ្ធិមនុស្សរូបនេះ បានបន្តថា ក្នុងតំបន់ដែលមានភាពចម្រូងចម្រាសនេះ មានមនុស្សតែពីរ ទៅបីនាក់ប៉ុណ្ណោះ ដែលបានកាន់កាប់ដីពីរពាន់ ទៅបីពាន់ហិកតា។ លោកចង់ឲ្យធ្វើការស៊ើបអង្កេតរឿងនេះ ព្រោះថា ដីទំនាស់មានប្រមាណតែជាង៨០០ហិកតាទេ។ «អាជ្ញាធរខេត្តត្រូវចាត់វិធានការអង្កេត លើអ្នកបី-បួននាក់នោះ ដែលមានដីរហូតដល់ពីបីពាន់ហិកតា ដើម្បីដាក់មកឲ្យប្រចាពលរដ្ឋរងគ្រោះទាំងនោះវិញ។ (...) សកម្មភាពរពស់ប្រជាពលរដ្ឋ ដែលកំពុងត្រូវបានអាជ្ញាធរចោទប្រកាន់នេះ គឺជាសកម្មភាពស្របច្បាប់។»