ហ៊ុន សែន ព្រមាន​ដក​ដី​សម្បទាន​លប់​កិច្ច​សន្យា ពី​ក្រុមហ៊ុន​ដែល​បំពាន

នាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុន សែន បានព្រមានជាសាធារណៈទៅដល់ក្រុមហ៊ុនទាំងឡាយ ដែលទទួលបាន​ដី​សម្បទានសេដ្ឋកិច្ចថា នឹងលប់ចោលកិច្ចសន្យាសម្បទានដីសេដ្ឋកិច្ច ចំពោះក្រុមហ៊ុនណាដែលបំពានកិច្ច​សន្យា​ធ្ងន់ធ្ងរ ដោយបង្វែរដីនោះទៅប្រើប្រាស់ ជាដីសម្បទានសង្គមកិច្ច ដែលរដ្ឋាភិបាលកំពុងតែត្រូវការ។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: March 30, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុន សែន បានព្រមានជាសាធារណៈទៅដល់ក្រុមហ៊ុនទាំងឡាយ ដែលទទួលបាន​ដី​សម្បទានសេដ្ឋកិច្ចថា នឹងលប់ចោលកិច្ចសន្យាសម្បទានដីសេដ្ឋកិច្ច ចំពោះក្រុមហ៊ុនណាដែលបំពានកិច្ច​សន្យា​ធ្ងន់ធ្ងរ ដោយបង្វែរដីនោះទៅប្រើប្រាស់ ជាដីសម្បទានសង្គមកិច្ច ដែលរដ្ឋាភិបាលកំពុងតែត្រូវការ។


លោក ហ៊ុន សែន ក្នុងពេលថ្លែងជាភាសាវៀតណាម ទៅកាន់អ្នកមុខអ្នកមាត់នៃប្រទេសវៀតណាម។ (រូបភាពថតពីវីដេអូទូរទស្សន៍វៀតណាម)

ដីធ្លី - ថ្លែងនៅក្នុងពិធីបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រចាំឆ្នាំ ២០១២-២០១៣ និងទិសដៅឆ្នាំ​២០១៣-២០១៤ នៅឯទីស្តីការក្រសួង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានថ្លែងថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបន្តចុះផ្ទៀងផ្ទាត់ជាប្រចាំ នៅសកម្មភាពវិនិយោគរបស់ក្រុមហ៊ុននានា ដែលបានទទួលដីសម្បទាន ដើម្បីធានា​ដល់កិច្ចដំណើរកាវិនិយោគ ទប់ស្កាត់នូវភាពអសកម្មផ្សេងៗដែលអាចកើតមានទាក់ទងនឹងដីសម្បទាននេះ រួមទាំង​ការបង់ថ្លៃសម្បទានដីនិងកំរ៉ៃសួសារផ្សេងៗជូនរដ្ឋតាមកិច្ចសន្យា។

លោក ហ៊ុន សែន បានថ្លែងថា ៖«ត្រូវចាត់វិធាន​ការឲ្យបានម៉ឹងម៉ាត់ចំពោះគម្រោងវិនិយោគទាំងឡាយ ដែលមិន​គោរព​តាមកិច្ចសន្យា ដោយការដាក់ពិន័យ​រឺលប់​ចោលការលើកទឹកចិត្ត រឺលប់ចោលកិច្ចសន្យាសម្បទាន ក្នុងករណី​ធ្ងន់ធ្ងរដើម្បីដកដីសម្បទានសេដ្ឋកិច្ចនោះ បង្វែរ​ទៅ ប្រើប្រាស់ជាដីសម្បទានសង្គមកិច្ចវិញ ដើម្បីផ្តល់ជូនយោធិន​ចូលនិវត្តន៍ បាត់បង់សមត្ថភាព គ្រួសារពលី ពិការ ពីព្រោះយើងកំពុងត្រូវការដី»។

បើយោងទៅតាមរបាយការណ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ ២០១២-២០១៣ បង្ហាញឲ្យដឹងថា មកទល់ពេលនេះរដ្ឋាភិបាលកម្ពុជា បានផ្តល់គោលការណ៍វិនិយោគ ជូនក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច និងបានចុះកិច្ច​សន្យាជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សរុបចំនួន ១២១ ក្រុមហ៊ុន លើផ្ទៃដីកិច្ចសន្យាសរុបចំនួន ១.២៣០.៣៦៤ ហិកតា ស្ថិតនៅក្នុងខេត្តចំនួន១៧ នៅក្នុងនោះក្រុមហ៊ុនមកពីបរទេសសរុបចំនួន ៨២ ក្រុមហ៊ុន លើ​ផ្ទៃដី​សរុប​ចំនួន ៦២០.៩៨៧ ហិកតា។ រាជរដ្ឋាភិបាល ក៏បានសម្រេចលុបចោលគោលការណ៍ និងកិច្ចសន្យា​វិនិយោគ​​សរុប​ចំនួន១១ ក្រុមហ៊ុន លើផ្ទៃដីចំនួន ៨៥.៦៩៨ ហិកតា។

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដែលចេញផ្សាយកាលពី ខែ​មករា ឆ្នាំ ២០១៤ បានឲ្យដឹងថា រាជរដ្ឋភិបាលកម្ពុជា បានធ្វើអនុប្រយោគកាត់ដីសរុបជាង ៩៣ ម៉ឺនហិកតា ក្នុងនោះ​បានកាត់ចេញពីក្រុមហ៊ុនទទួលដីសម្បទានសេដ្ឋចំនួន ១១៦ក្រុមហ៊ុន សម្រាប់ប្រទានកម្មជាកម្មសិទ្ធិ​ជូនប្រជា​ពលរដ្ឋ បន្ទាប់ពីរដ្ឋាភិបាលបានផ្អាក់នូវការផ្តល់ដីសម្បទានសេដ្ឋកិច្ចឲ្យទៅក្រុមហ៊ុនឯកជនកាលពីខែឧសភា ឆ្នាំ ២០១២។

សូមរម្លឹកថា កាលពី ខែឧសភា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជាលេខ០១ ស្តីពី វិធានការ​ពង្រឹង និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច ដោយផ្អាកផ្តល់ដីសម្បទានសេដ្ឋកិច្ច​ទៅឲ្យក្រុមហ៊ុនឯក ក្នុងគោលបំណងកាត់បន្ថយវិវាទដីធ្លី។

របាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលមានចំណងជើងថា កម្ពុជាដីមានជម្លោះដែលមានកម្រាស ៦៨ទំព័រ បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០០០មក ពលរដ្ឋជាង ៧០០.០០០នាក់ ត្រូវបានគេគណនាថា បានរងផល​ប៉ះពាល់ពីដីសម្បទានសេដ្ឋកិច្ចនៅទូទាំងប្រទេស។ ដីជាង៣លានហិកតា ប្រហែលនឹង១៦,៦ភាគរយ នៃផ្ទៃដីសរុប​១៨១.០៣៥គីឡូម៉ែត្រការ៉េនៅ កម្ពុជាត្រូវបានផ្តល់ជាដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនបរទេសនិងក្នុងស្រុក ព្រម​ទាំងអ្នកនយោបាយ ដែលមានអំណាចក្នុងគោលបំណងអភិវឌ្ឍឧស្សាហកម្ម។

លោក ស៊ុន ឆៃ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិបានថ្លែងឲ្យដឹងថា នេះពុំមែនជាលើកទីមួយ ដែលលោក​ ហ៊ុន សែន បានព្រមានយ៉ាងដូច្នេះ វាពុំមានអ្វីដែលប្លែកនោះទេ។ លោកបានថ្លែងឲ្យដឹងទៀតថា ៖ «ខ្ញុំជឿថា មានក្រុម​ហ៊ុន៨០ទៅ៩០ភាគរយបានរំលោភនូវកិច្ចសន្យា ប៉ុន្តែពុំដែលឃើញលោកនាយករដ្ឋមន្ត្រីយកដី ទាំងនោះទៅ ឲ្យ​កសិករវិញនោះទេ»។

លោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុកបានថ្លែងឲ្យដឹងថា ការអំពាវនាវ​របស់លោកនាយករដ្ឋមន្ត្រី គឺវាយឺតពេលទៅហើយ ដោយសារតែការធ្វើសម្បទានដី ដូចព្យុះភ្លៀងកន្លងមក របស់​លោកនាយករដ្ឋមន្ត្រី បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅដល់ធនធានធម្មជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋ​ចាប់​តាំងពីឆ្នាំ ២០០៨ មក។ លោកបានថ្លែងឲ្យដឹងថា ៖ «បើលោកនាយករដ្ឋមន្ត្រី ចង់ឲ្យធនធានធម្មជាតិដែលនៅ​សេស​សល់តិចតួចនោះ ត្រូវតែចាប់វិធានការក្តៅ ទៅដល់ក្រុមហ៊ុនដែលមានខ្នងមន្ត្រី ដែលមានឋានៈធំនៅពីក្រោយ  ធ្វើ​បាបប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់បានដីរបស់ពួកគាត់វិញ ទើបអាចស្តារឡើងវិញបានខ្លះ ពីព្រោះរឿង​ដែល​បាន​កើតឡើង កន្លងមកគឹអាជ្ញាធរមានសមត្ថកិច្ច តែងតែនៅពីក្រោយក្រុមហ៊ុនដោយចោទពលរដ្ឋរស់នៅខុសច្បាប់»៕

------------------------------
ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី២៣០ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...