ជាម យៀប៖ ស៊ុន ឆ័យ និយាយ​បំផ្លើស​រឿង​ចំណូល​បាន​ពី​អង្គរ

លោក ជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការទី២ រដ្ឋសភា បានចោទលោក សុន ឆ័យ ដែលជាអនុប្រធានគណៈកម្មការទី២ដែរនោះ ថាបាននិយាយបំផ្លើសព័ត៌មាន ពីប្រាក់ចំណូលបានមកពីភ្ញៀវ ដែល​បាន​មក​ទស្សនា​ប្រាសាទ​អង្គរ។ លោកថា ការនិយាយបំផ្លើសរបស់លោក សុន ឆ័យ គឺជាការទាញយក​ផល​ចំណេញ​នយោបាយ។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ៖ ប្រាថ្នា ([email protected]) - យកការណ៍៖ ស៊្រុន ទិត្យ - ភ្នំពេញ ថ្ងៃទី៣១ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 31, 2014
  • ប្រធានបទ: រដ្ឋសភា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ខ្ញុំសូម​ជម្រាប​ថា គេ​មាន​រាយការណ៍ មាន​បញ្ចាំង​ស្លាយ មាន​ជា​លាយ​ល័ក្ខ​អក្សរ​ជូន​ហើយ នៅ​តែ​មិន​​អស់​ចិត្ត​ទេ នៅ​តែ​បំផ្លើស» នេះ​ជា​ការ​ថ្លែង​ឡើង របស់​លោក ជាម យៀប ប្រធាន​គណៈកម្មការ​ហិរញ្ញ​វត្ថុ ធនាគារ និង​សវនកម្ម នៃ​រដ្ឋសភា មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។ ការ​ថ្លែង​របស់​លោក ជាម យៀប នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៤​នេះ បាន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ លោក ស៊ុន ឆ័យ ថា​ចំណូល​ដែល​បាន​មក​ ពី​ភ្ញៀវ​ដែល​ទស្សនា​អង្គរ ១៥០​លាន​ដុល្លារ​ក្នុង​​មួយ​ឆ្នាំ។

តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ បាន​ចាត់​ទុក​ថា ការ​លើក​ឡើង​របស់​លោក សុន ឆ័យ ជា​ការ​និយាយ​បំផ្លើស​សព្វ​គ្រប់​បែប​យ៉ាង ដែល​លោក​មិន​អាច​ទទួល​យក​បាន។ លោក​បាន​បន្ត​ថា «សុទ្ធ​តែ​ចំណូល​ត្រូវ​បាន​១៥០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ អញ្ចេះ​​គាត់​ទៅ​តាម​ចំណូល ដែល​បាន​ក្នុង​មួយ​ឆ្នាំ អ្នក​ដែល​ចូល​តាម​យន្តហោះ (អ្នក​មក​ទស្សនា​កម្ពុជា) ដែល​ទេសចរណ៍ ដែល​គេ​រាយការណ៍​មក។ គាត់​អត់​គិត​ថា ពី​សៀមរាប ខ្មែរ​ដែល​ចូល​ទៅ​គេ​អត់​យក​លុយ​ទេ ចំណែក​បរទេស​ដែល​ចូល​ទៅ​​ជាង​១​លាន​នាក់​ទេ គាត់​គិតជាង​៤លាន​នាក់ ទៅ​តាម​តួ​លេខ​ដែល​ក្រសួង​ទេសចរណ៍​បូក​សរុប ហើយ​គាត់​គុណ​យក​តែ​ម្តង ទៅ​ឃើញ​១៥០​លាន​(ដុល្លា​រ)»។

លោកបន្ថែមថា៖ «ពេលខ្ញុំកំពុងនិយាយអញ្ចឹងគាត់ដើរចេញបាត់ នុះទៅនិយាយ ទៅវាយអាស្អីណាគាត់ អាពេលខ្ញុំនិយាយក្នុងហ្នឹងក៏អញ្ចឹងដែរ អាលេខគេថាមកអញ្ចេះ គាត់គុណនឹងដប់អីទៅ ទទួលម៉េចនឹងបាន។»

លោក ជាម យៀប បញ្ជាក់បន្ថែមថា រាល់ការនិយាយរបស់លោក សុន ឆ័យ លោកមិនទទួលខុសត្រូវនោះទេ ហើយលោកក៏មិនមែនជាអ្នករុញទូក បណ្តោយទឹកនោះដែរ។ ប្រធានគណៈកម្មការហិរញ្ញវត្ថុ ធនាគារ និង​សវនកម្មនៃរដ្ឋសភា បានចោទប្រកាន់លោក សុន ឆ័យ អនុប្រធានរបស់លោកថា ដឹងថាការបំផ្លើស​វាខុស​ច្បាប់ ប៉ុន្តែអនុប្រធានរូបនេះនៅតែនិយាយ។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូមិនទាន់អាចទាក់ទងលោក សុន ឆ័យ ដើម្បីសុំការឆ្លើយតបនឹងការលើកឡើង​របស់លោក ជាម យៀប បានទេនៅថ្ងៃនេះ។

កាលពីថ្ងៃទី២២ខែធ្នូ លោក សុន ឆ័យ បានទៅស្រាវជ្រាវពីអំពើពុករលួយក្នុងការចាត់ចែង ថវិកានៅខេត្ត​សៀមរាប ពិសេសចំណូលពីអង្គរ។ លោកបានរកឃើញភាពមិនប្រក្រតីមួយចំនួន ជុំវិញការកេងបន្លំប្រាក់​ចំណូលជាតិ ដែលបានពីការលក់សំបុត្រឱ្យបរទេសចូលទស្សនាអង្គរវត្ត និងការជួលដីជាច្រើនហិកតា​ផ្សេង​ទៀត។

កាលពីថ្ងៃទី២៥ ខែធ្នូ កន្លងទៅ អាជ្ញាធរអប្សរាបានសរសេរសេចក្ដីបំភ្លឺមួយដោយចោទលោក សុន ឆ័យ ថា បាននិយាយបំផ្លើស មួលបង្កាច់ បំភាន់មតិសាធារណជនជាតិ និងអន្តរជាតិ ឱ្យយល់ច្រឡំទៅលើស្ថាប័ន​អប្សរា និងរដ្ឋាភិបាល ថាជាអ្នកដែលធ្វើឱ្យបាត់បង់ចំណូលជាតិ។ អាជ្ញាធរអប្សរាបានឱ្យដឹងទៀតថា អ្វីដែល​លោក សុន ឆ័យ ធ្វើគឺគ្រាន់តែជាគំនុំសងសឹកផ្ទាល់ខ្លួន ដោយសាររូបគាត់ត្រូវបានអាជ្ញាធរអប្សរា ឈ្នះក្តី​រឿង​ទន្រ្ទានកាន់កាប់ដីមួយកន្លែង ក៏ដូចជាការកេងចំណេញផ្នែកនយោបាយដើម្បីបម្រើគណបក្សខ្លួន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...