ដកកាំបិតចាក់ទាហាន រួចស្រែក«ព្រះអាឡាហ៍ធំធេងណាស់»
- ដោយ: ការិយាល័យ មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៣ កុម្ភៈ ២០១៧
- កែប្រែចុងក្រោយ: February 03, 2017
- ប្រធានបទ: ភេរវកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បុរសម្នាក់ បានបើកការវាយប្រហារ ទៅលើទាហានដើរល្បាតមួយរូប ដោយប្រើកាំបិត «សស្ងាច» នៅនឹងដៃ និងដោយស្រែកឡើងថា «Allah Akbar = ព្រះអាឡាហ៍ធំធេងណាស់» ។ ការប្រើអំពើហិង្សានេះ បានកើតឡើង នៅក្បែរសារមន្ទីរ លូវ្រ៍ (Louvre) កណ្ដាលរដ្ឋធានីប៉ារីស ប្រទេសបារាំង នៅព្រឹកថ្ងៃសុក្រនេះ។ ប៉ុន្តែបុរសម្នាក់នេះ ត្រូវបានទាហានរូបនោះ ផ្ទុះអាវុធការពារខ្លួន បណ្ដាលឲ្យបុរស រងរបួសជាទម្ងន់។ ជាសកម្មភាពវាយប្រហារមួយ ដែលមានចរឹត ដូចអំពើភេរវកម្ម បើតាមនាយករដ្ឋមន្ត្រីបារាំង លោក ប៊ែរណា កាស្នើវ (Bernard Cazeneuve)។
ស្នងការនគរបាលរដ្ឋធានី លោក មីឆែល កាដូត៍ (Michel Cadot) បានថ្លែងឲ្យដឹងថា ទាហានរងគ្រោះ បានរងរបួសស្រាល ខណៈជនដៃដល់ បានរងរបួសធ្ងន់ នៅត្រង់ពោះ។ លោក កាដូត៍ បានបន្តថា៖ «បន្ទាប់ពីបានឆែកឆេរ នៅក្នុងស្បោងស្ពាយជាប់ខ្នង របស់ជននេះរួច យើងបានដឹងថា មិនមានគ្រឿងផ្ទុះ នៅក្នុងនោះទេ»។
លោក កាដូត៍ បានរៀបរាប់ថា ជនដៃដល់ ដែលយ៉ាងហោច ប្រដាប់ដោយកាំបិត«សស្ងាច»មួយ បានរត់សំដៅចូលទៅកាន់កងកម្លាំងនគរបាល និងទាហាន ដែលកំពុងយាមល្បាត នៅតាមផ្លូវដើរក្រោមដី នៃសារមន្ទីរ មុននឹងធ្វើសកម្មភាព ដោយស្រែកឡើងថា «Allah Akbar = ព្រះអាឡាហ៍ធំធេងណាស់»។ ទាហានដែលរងការវាយប្រហារ បានផ្ទុះអាវុធឡើង ចំនួន៥គ្រាប់ ហើយបានបាញ់ចំពោះ របស់ជនដៃដល់។
ពាក្យបួនម៉ាត់នេះ តែងត្រូវបានសកម្មជនអ៊ីស្លាមជ្រុលនិយមទាំងឡាយ ស្រែកឡើង នៅពេលពួកគេធ្វើសកម្មភាពអ្វីមួយ។ លោកស្នងការ បានបន្តថ្លែងទៀតថា៖ «ជនដៃដល់ បានធ្វើសកម្មភាពមួយ ដែលមានបំណងយ៉ាងច្បាស់ ក្នុងការបង្កើតឲ្យមានហិង្សា និងបានលើកឡើងពីពាក្យសំដី ដែលធ្វើឲ្យគិតថា ខ្លួនមានបំណងចង់ធ្វើសកម្មភាព នៅក្នុងក្របខណ្ឌ នៃអំពើភេរវកម្ម»។
លោក កាដូត៍ បានបញ្ជាក់បន្ថែមថា ទេសចរណ៍ និងអ្នកទស្សនា ដែលមានវត្តមាន ប្រមាណជា២៥០នាក់ នៅក្នុងសារមន្ទីរ ចំពេលកើតហេតុ ត្រូវបានជម្លៀសភ្លាមៗ ចេញទីកន្លែងកើតហេតុ និងបញ្ជូន នៅក្នុងផ្នែកម្ខាងទៀត ដែលមានសុវត្ថិភាព នៃសារមន្ទីរ។
Agression au #Louvre: une vidéo montre le moment où les visiteurs entendent les consignes de sécurité pic.twitter.com/lniLN2HEvG
— BFMTV (@BFMTV) 3 février 2017
កងកម្លាំងនគរបាល និងអាវុធហត្ថ យ៉ាងច្រើនសន្ធឹកសន្ធាប់ ត្រូវបានបញ្ជូនទៅដាក់ពង្រាយ នៅក្នុង និងនៅជុំវិញសារមន្ទីរ។ អ្នកសារព័ត៌មានមួយរូប ដែលមានវត្តមានផ្ទាល់កន្លែង បានឲ្យដឹងថា កងកម្លាំងទាំងនោះ មានពាក់អាវក្រោះ និងប្រដាប់ដោយអាវុធ ប្រតិកម្មធុនធ្ងន់ នៅនឹងដៃ។ ចរាចរណ៍ឆ្លងកាត់ និងនៅក្បែរសារមន្ទីរ ត្រូវបានបិទជាបណ្ដោះអាសន្ន៕