កូរ៉េខាងជើង៖ រដ្ឋមន្ត្រីនិងជាមេគិញម្នាក់ បានរួចពីការប្រហារជីវិត
- ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី០៥ កុម្ភៈ ២០
- កែប្រែចុងក្រោយ: February 06, 2017
- ប្រធានបទ: ឧបទ្វីបកូរ៉េ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រសួងបង្រួបបង្រួមកូរ៉េ នៃប្រទេសកូរ៉េខាងត្បូង បានថ្លែងឲ្យដឹង កាលពីចុងសប្ដាហ៍កន្លងទៅនេះថា អគ្គមគ្គុទេសន៍ដ៏មហិមា នៃរបបកុម្មុយនីសកូរ៉េខាងជើង លោក គីម ជុង-អ៊ុន (Kim Jong-un) បានដកចេញពីតំណែង នូវរដ្ឋមន្ត្រីមួយរូប ដែលទទទួលបន្ទុក ក្រសួងសន្ដិសុខរដ្ឋ និងជាប្រធានគ្រប់គ្រង បណ្ដាញចារកម្មរបស់របបក្រុងព្យុងយ៉ាង ក្រោមហេតុផល ថាបាន រំលោភ«អំណាច និងការទុកចិត្ត»។ មិនត្រឹមតែប៉ុណ្ណឹង មេដឹកនាំវ័យក្មេងកូរ៉េខាងជើងរូបនេះ នៅបានប្រហារជីវិតភ្នាក់ងារចារកម្ម ជាច្រើននាក់ទៀត។
លោក «Jeong Joon-Hee» អ្នកនាំពាក្យរបស់ក្រសួងបង្រួបបង្រួមកូរ៉េ នៃប្រទេសកូរ៉េខាងត្បូង បានថ្លែងឡើងថា លោក «Kim Won-Hong» រដ្ឋមន្ត្រីសន្តិសុខរដ្ឋ ត្រូវបានដកចេញពីតំណែង កាលពីពាក់កណ្ដាលខែមករាកន្លងទៅ នៅក្នុងក្របខណ្ឌ នៃការអង្កេតមួយ ទាក់ទងនឹងអំពើពុករលួយ និងការ«រំលោភលើអំណាច» ដែលត្រូវបានធ្វើឡើង ទៅលើរាល់ភារកិច្ច របស់ឧត្ដមមន្ត្រីរូបនេះ។
អ្នកនាំពាក្យបានថ្លែងឡើងថា៖ «លោក "Kim Won-Hang" គឺជាទីប្រឹក្សាដ៏ជិតដិតម្នាក់ របស់លោក គីម ជុង-អ៊ុន និងជាមនុស្សដែលបានចូលរួម នៅក្នុងការដឹកនាំដ៏គួរឲ្យភ័យខ្លាច នៃរបបកុម្មុយនីស។ ប៉ុន្តែឧត្ដមមន្ត្រីរូបនេះ ត្រូវបានលោក គីម ជុង-អ៊ុន ដកចេញពីតំណែង។»។
លោក «Kim Won-Hong» មានថានៈជាច្រើន នៅក្នុងរបបកុម្មុយនីស ហើយលោកក៏ជាឧត្ដមសេនីយ៍មួយរូប ដែលពាក់ផ្កាយចំនួន៤គ្រាប់ នៅលើស្មារដែរ។ នៅក្រោយការដកចេញពីតំណែង អតីតឧត្តមមន្ត្រី ត្រូវបានកាត់បន្ថយចំនួនផ្កាយរបស់ខ្លួន មកនៅសល់មួយ។
ប្រភពមួយផ្សេងទៀត ពីមន្ត្រីជាន់ខ្ពស់ របស់ក្រសួងបង្រួបបង្រួមកូរ៉េ (កូរ៉េខាងត្បូង) ដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងបន្ថែមថា ក្នុងពេលតែមួយ នឹងការដកតំណែង របស់លោក «Kim Won-Hong» នៅមានអ្នកទទួលខុសត្រូវ ជាច្រើននាក់ របស់ក្រសួងសន្តិសុខរដ្ឋកូរ៉េខាងជើង ត្រូវបានរបបនេះប្រហារជីវិត។
ប្រភពបានបញ្ជាក់ទៀតថា នេះគឺជាយុទ្ធនាការ«ចម្រាញ់» មួយថ្មីទៀត បង្កក្ដីព្រួយបារម្ភខ្លាំងឡើង ដល់មន្ត្រីជាន់ខ្ពស់របស់របបកុម្មុយនីស ដែលធ្វើឲ្យស្ថិរភាពនយោបាយ របស់របបនេះ មានសភាពកាន់តែផុយស្រួយ។
ក្រសួងសន្តិសុខរដ្ឋរបស់ប្រទសកូរ៉េខាងជើង មិនមែនជាក្រសួង ដែលធានាពីសន្ដិសុខ ជូនដល់ជាតិនិងប្រជាជនទេ តែជាស្ថាប័នគ្រឹះដ៏រឹងមាំមួយ របស់របបក្រុងព្យុងយ៉ាង សម្រាប់ឃ្លាំមើល ទៅលើចលនាប្រជាជន ឬសម្រាប់ប្រយុទ្ធប្រឆាំង ទល់នឹងអ្នកបំបែកខ្លួន (អ្នកក្បត់នឹងរបបដឹកនាំ) ទៅវិញ។ ក្រសួងនេះ ក៏គ្រប់គ្រងផងដែរ នូវពន្ធនាការទាំងឡាយ ដែលបង្កើតឡើង សម្រាប់ដាក់ឃុំអ្នកនយោបាយ ដែលរបបកុម្មុយនីស តាមរយៈតុលាការប្រជាជន សម្រេចផ្ដន្ទាទោស។
ស្ថិតក្នុងតំណែងខាងលើ តាំងពីឆ្នាំ២០១២ នោះមក លោក «Kim Won-Hong» ទំនងជាមន្ត្រីជាន់ខ្ពស់ដំបូងគេ ដែលមិនរងការប្រហារជីវិត ពីសំណាក់របបដឹកនាំ បន្ទាប់ពីលោកត្រូវបានចោទប្រកាន់ និងដកចេញពីតំណែង។ លោកក៏ត្រូវបានគេស្គាល់ដែរ ថាបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការប្រហារជីវិត កាលពីខែធ្នូ ឆ្នាំ២០១៣កន្លងមក ទៅលើលោក ចាំ សុង-តឹក (Jang Song-taek) អតីតឧត្ដមមន្ត្រីថ្នាក់ទី២ ដែលត្រូវជាឪពុកមាសាច់ថ្លៃ (ភរិយារបស់អតីតមន្ត្រីរូបនេះ ត្រូវជាម្ដាយមីងបង្កើត) របស់លោក គីម ជុង-អ៊ុន។
ផ្ទុយទៅវិញ ការដកលោក «Kim Won-Hong» ចេញពីតំណែងនេះ មិនត្រូវបានប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសកូរ៉េខាងជើង អះអាង ឬប្រកាសឲ្យដឹងនោះទេ។ សូមបញ្ជាក់ដែរថា តាំងពីបានឡើងស្នងតំណែងពីឪពុក នៅចុងឆ្នាំ២០១១នោះមក អគ្គមគ្គុទេសវ័យក្មេង លោក គីម ជុង-អ៊ុន បានសម្រេច ឲ្យមានការប្រហារជីវិត ទៅលើមន្ត្រីជាន់ខ្ពស់បំផុត របស់ប្រទេសកូរ៉េខាងជើង អស់ចំនួន៤នាក់ហើយ ក្នុងនោះរាប់ទាំងលោក ចាំង សុង-តឹក ម្នាក់ផង៕