ក្រុងព្យុងយ៉ាងត្រៀមបាញ់កាំជ្រួចចេញពីនាវាមុជទឹក ដើម្បីស្វាគមន៍សំដី ត្រាំ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១២ សីហា ២០១៧
- កែប្រែចុងក្រោយ: August 13, 2017
- ប្រធានបទ: ឧបទ្វីបកូរ៉េ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រូបថតជាច្រើន ដែលត្រូវបានថតជាប់ ដោយប្រព័ន្ធផ្កាយរណប បានបង្ហាញថា ប្រទេសកូរ៉េខាងជើង ដូចជាកំពុងត្រៀមលក្ខណៈ ក្នុងការបាញ់សាកល្បងកាំជ្រួច ដែលមានក្បាលភ្ជាប់ដោយគ្រាប់បែក ចេញពីនាវាមុជទឹកមួយគ្រឿង។ ការរកឃើញនេះ បានកើតឡើងចំពេល ដែលភាពតានតឺង កំពុងឡើងកម្ដៅខ្លាំង រវាងប្រទេសកុម្មុយនីស្ដមួយនេះ ជាមួយនឹងសហរដ្ឋអាមេរិក។
លោក «Joseph Bermudez» អ្នកជំនាញមួយរូប ទាក់ទងនឹងបញ្ហាកូរ៉េខាងជើង បានបង្ហាញរូបថតផ្កាយរណបទាំងនេះ នៅលើគេហទំព័រឃ្លាំមើល ឈ្មោះ «38 North» ដែលជាគេហទំព័របស់វិទ្យាស្ថានអាមេរិក-កូរ៉េ នៃសាកលវិទ្យាល័យ «Johns Hopkins»។ សម្រាប់អ្នកជំនាញរូបនេះ រូបថតបានបង្ហាញ ពីការត្រៀមបាញ់សាកល្បង នូវប្រភេពកាំជ្រួច «SLBM» របស់របបក្រុងព្យុងយ៉ាង ដែលនឹងអាចត្រូវធ្វើ ក្នុងពេលខាងមុខ។
លោកបានថ្លែងឡើងថា៖ «រូបថតទាំងនេះ ដែលទើបត្រូវបានថតជាប់ ដោយប្រព័ន្ធផ្កាយរណប នៃសហគ្រាសមួយ បានបង្ហាញពីការវិវត្តន៍ជាបន្តបន្ទាប់ ដែលពន្យល់ថា ប្រទេសកូរ៉េខាងជើង ទំនងជាកំពុងពន្លឿន ការអភិវឌ្ឍផ្នែកដែនសមុទ្រ នៃកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន»។
រូបថតទាំងនោះ បង្ហាញពីសកម្មភាព ក្នុងការបំពាក់កាំជ្រួចរយៈឆ្ងាយ ទៅឲ្យនាវាមុជទឹក ប្រភេទ «SINPO» ស្ថិតក្នុងការដ្ឋានសម្រាប់សាងសង់នាវា និងជាបន្ទាយយោធាជើងទឹក ឈ្មោះ «Mayang-do»។ លោក «Joseph Bermudez» បានបន្តឲ្យដឹងទៀតថា៖ «ប្រទេសកូរ៉េខាងជើង ទំនងជាកំពុងរៀបចំ ការបាញ់សាកល្បង ចេញពីកណ្ដាលសមុទ្រ នូវកាំជ្រួចជាច្រើន។ រូបថតទាំងនេះ ក៏បានប្រាប់ដែរថា ប្រទេសនេះបានធ្វើការកែសម្រួល និងបន្ថែមកម្លាំង សម្រាប់ប្រព័ន្ធបាញ់កាំជ្រួច ចេញពីនាវាមុជទឹក ឬមួយ កំពុងផលិតកាំជ្រួច "Pukguksong-1" ដែលមានលក្ខណៈទំនើប និងខ្លាំងជាងមុន។»។
«បាញ់ដល់ទឹកដីអាមេរិក»
កាំជ្រួច «Pukguksong-1» ជាប្រភេទកាំជ្រួច «SLBM» ដែលបានឆ្លងកាត់ ការបាញ់សាកល្បងដំបូង នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦។ នៅពេលនោះ កាំជ្រួចនោះបានហោះក្នុងចំងាយ៥០០គីឡូម៉ែត្រ ចេញពីប្រទេសកូរ៉េខាងជើង មកកាន់ប្រទេសជប៉ុន។ បន្ទាប់ពីពេលនោះមក មេដឹកនាំវ័យក្មេង របស់របបកុម្មុយនីស្ដ លោក គីម ជុង-អ៊ុន (Kim Jong-Un) បានចេញមកអះអាងថា កាំជ្រួចប្រភេទ «SLBM» របស់ប្រទេសលោក នឹងអាចបាញ់ដល់ទឹកដីអាមេរិក តាមរយៈនាវាមុជទឹក ដោយធ្វើដំណើរឆ្លងកាត់ មហាសមុទ្រប៉ាស៊ីភិច។
កាលពីថ្ងៃសុក្រម្សិលម៉ិញនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានតម្លើងសម្លេងខ្លាំងៗ នៅក្នុងសំនុំរឿងកូរ៉េខាងជើង ដោយបញ្ជាក់ថា វិធានាការយោធា ត្រូវបានត្រៀមរួចជាស្រេច ក្នុងការប្រើប្រាស់ប្រឆាំងក្រុងព្យុងយ៉ាង ដែលបានព្រមានកាលពីប៉ុន្មានថ្ងៃមុន ថានឹងបើកការវាយប្រហារ នៅក្បែរកោះ «Guam» របស់អាមេរិក នៅភាគខាងជើង កណ្ដាលមហាសមុទ្រប៉ាស៊ីភិច។ កោះនោះ គឺជាមូលដ្ឋានយោធាដ៏សំខាន់ ឬនិយាយម្យ៉ាងទៀត ជាបន្ទាយយុទ្ធសាស្ត្រមួយ របស់សហរដ្ឋអាមេរិក សម្រាប់តំបន់អាស៊ីខាងកើត៕