មូលប្បទានប័ត្រ២២២លានអ៊ឺរ៉ូ ក្នុងការផ្ទេរកីឡាករ ណីម៉ា
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៥ សីហា ២០១៧
- កែប្រែចុងក្រោយ: August 05, 2017
- ប្រធានបទ: ផ្ទេរកីឡាករ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មូលប្បទានប័ត្រក្នុងទំហំទឹកប្រាក់ ដ៏មហាសាល «២២២លានអ៊ឺរ៉ូ» ត្រូវបានកីឡាករអន្តរជាតិ ណីម៉ា (Neymar) មកពីប្រទេសប្រេស៊ីល អមដំណើរដោយមេធាវីរបស់កីឡាករ ប្រគល់ដោយផ្ទាល់ដៃ ទៅឲ្យប្រធានក្រុមបាល់ទាត់ បាសឺឡូន (FC Barcelone) កាលពីរសៀលថ្ងៃព្រហស្បត្តិ៍ ដើម្បីជាសំណងរំលោះកិច្ចសន្យារបស់ខ្លួន ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៣ និងបន្តជាថ្មី នៅឆ្នាំ២០១៦។
ឯកត្តកម្មមិនដែលធ្លាប់មាន
ទឹកប្រាក់ដ៏សម្បើមនេះ ជាថវិការបស់ក្រុមបាល់ទាត់ ប៉ារីស សាំងហ្សែរម៉ាំង (Paris Saint germain - ប្រទេសបារាំង) ដែលចំណាយក្នុងនាមកីឡាករ ណីម៉ា ដើម្បីផ្ទេរយកកីឡាករលំដាប់ពិភពលោករូបនេះ មកទាត់នៅក្នុងក្រុមរបស់ខ្លួន សម្រាប់កិច្ចសន្យារយៈពេល៥ឆ្នាំ ដែលបានចុះហត្ថលេខា កាលពីយប់ថ្ងៃព្រហស្បត្តិ ម្សិលម្ង៉ៃ។ ទឹកប្រាក់ ២២២លានអ៊ឺរ៉ូនេះ ជាទំហំទឹកប្រាក់មិនដែលធ្លាប់មាន នៅក្នុងប្រវត្តិនៃការផ្ទេរកីឡាករបាល់ទាត់ មកទល់នឹងថ្ងៃនេះ។
នៅមុនប្រគល់ជូនផ្ទាល់ដៃ ទៅឲ្យប្រធានក្រុមបាល់ទាត់ បាសឺឡូន មូលប្បទានប័ត្រនេះត្រូវបានបញ្ជូន ទៅឲ្យស្ថាប័ន «សម្ព័ន្ធបាល់ទាត់អាជីព (Liga)» របស់ប្រទេសអេស្ប៉ាញរួចហើយ ដោយហេតុថា ទាំងកីឡាករ និងទាំងក្រុមប៉ារីស ចង់ឲ្យស្ថាប័ននេះ ធ្វើជាមេបាជួយមើលការខុសត្រូវ ក្នុងនីតិវិធីនៃការផ្ទេរកីឡាករ។ តែស្ថាប័ន «Liga» មួយនេះ បែរជាបដិសេធមូលប្បទានប័ត្រខាងលើ ដោយពន្យល់ពីមូលហេតុថា ខ្លួនមិនមានការធានា ឲ្យបានត្រឹមត្រូវពីទឹកប្រាក់ ដែលមាននៅក្នុងនោះ។
តែនិយាយថា «គ្មានការធានា» គឺជាការអះអាងដោយគ្មានហេតុផល ព្រោះថា មូលប្បទានប័ត្រដែលមានទំហំទឹកប្រាក់ រហូតដល់ប៉ុណ្ណេះ មានតែខាងធនាគារ «Société Générale» ដែលគ្រប់គ្រងគណនេយ្យ របស់ក្រុមបាល់ទាត់ប៉ារីសប៉ុណ្ណោះ ដែលមានសិទ្ធិចេញ។ ដូច្នេះ បើក្នុងគណនេយ្យគ្មានប្រាក់ ដល់ប៉ុណ្ណេះទេ ធនាគារក៏មិនអាចចេញមូលប្បទានប័ត្រ បានយ៉ាងដូច្នេះដែរ៕