កីឡាករថ្មីរៀលម៉ាឌ្រីដ៖ ខ្ញុំដាក់ឈ្មោះឆ្កែរបស់ខ្ញុំថា «ម៉េស៊ី»
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: July 02, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កីឡាករវ័យក្មេងអន្តរជាតិអេស្ប៉ាញ អ៊ីស្កូ (Isco) បានធ្វើការផ្ទេរចប់សព្វគ្រប់អស់ហើយ ទៅកាន់ក្រុមរៀលម៉ាឌ្រីដ (Real Madrid) ប៉ុន្តែកីឡាកររូបនេះ នឹងត្រូវចាប់ដៃគូជាមួយគ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) តតាំងជាមួយកីឡាករឆ្នើមរបស់ក្រុមបាសេឡូណា (Barcelona) ណីម៉ា (Neymar) និង ម៉េស៊ី (Messi)។
កីឡាករអូស្លូ និងឆ្កែរបស់គាត់។
កីឡាករឆ្នើមរូបនេះ មិនជឿថា ខ្សែប្រយុទ្ធអាស្សង់ទីន (ម៉េស៊ី) ជាកីឡាករល្អបំផុត នៅក្នុងពិភពលោកនោះទេ។ ប៉ុន្តែគាត់បានដាក់ឈ្មោះឆ្កែរបស់គាត់ថា «ម៉េស៊ី»។
តើគាត់ចង់និយាយពីអ្វី ឲ្យប្រាកដ? នេះជាចម្លើយតាមបែបវិភាគ ៖
• ចំណុចវិជ្ជមាន៖ ឆ្កែរបស់ខ្ញុំល្អបំផុតនៅក្នុងពិភពលោក ដូចកីឡាករម្ចាស់បាល់មាស ៤សម័យកាល «ម៉េស៊ី» ដូច្នោះដែរ។
• ចំណុចអវិជ្ជមាន៖ «ម៉េស៊ី» គ្មានអ្វីអស្ចារ្យទេ គ្រាន់តែដូចទៅនឹងឆ្កែមួយក្បាល តែប៉ុណ្ណោះ។
ប៉ុន្តែទោះជាយ៉ាងណា គាត់បាននិយាយថា៖ «ខ្ញុំដាក់ឈ្មោះឆ្កែរបស់ខ្ញុំថា "ម៉េស៊ី" ព្រោះម៉េស៊ីជាកីឡាករល្អបំផុតនៅក្នុងពិភពលោក ហើយឆ្កែរបស់ខ្ញុំក៏ដូចឆ្នោះដែរ។»
កីឡាករវ័យ ២១ឆ្នាំរូបនេះ បានពន្យល់ពីការដាក់ឈ្មោះសត្វចិញ្ចឹមរបស់គាត់ ខណៈពេលដែលត្រូវបានប្រកាស ធ្វើការផ្លាស់ប្តូរទៅកាន់ក្រុមរៀលម៉ាឌ្រីដជាផ្លូវការ។
អ៊ីស្កូ ធ្លាប់មានភាពល្បីល្បាញ នៅលើសារពត៌មាននានាម្តងមកហើយ កាលពីគាត់នៅក្រុមវ៉ាឡិនសៀ (Valencia) ពោលគឺល្បីខាងបញ្ចេញអាកប្បកិរិយាឈ្លើយ។ ប៉ុន្តែគ្មានអ្នកណាដឹងទេថា គាត់ធ្វើរឿងទាំងនោះដើម្បីអ្វីនោះទេ។
កីឡាកររូបនេះ ក៏ធ្លាប់ឌឺដង ជាមួយនឹងអតីតគ្រូបង្វឹករៀលម៉ាឌ្រីដ លោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) នៅក្នុងបណ្តាញសង្គមធ្វីតថឺ (Twiiter) ផងដែរ កាលពីការប្រកួតផ្តាច់ឆែមពានលីក (Champions League) ឆ្នាំ២០១១ រវាងក្រុមបាសេឡូណា និងក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United)។
ជាងនោះទៅទៀត កីឡាករវ័យក្មេងអេស្ប៉ាញរូបនេះ បាននិយាយផ្គើនដល់ ខ្សែបម្រើឆ្នើមក្រុមបាសេឡូណាទាំង២រូបទាំង ស្ស៊ាវី (Xavi) និងអេនដ្រេ អ៊ីណែស្តា (Andres Iniesta) ថា ពួកគេជាបុគ្គលដែលមិនគួរឲ្យគោរព។
អតីតកីឡាករក្រុមម៉ាឡាកា (Malaga) បានចុះកិច្ចសន្យាលេងឲ្យក្រុមរៀលម៉ាឌ្រីដ រយះពេល ៥ឆ្នាំ បន្ទាប់ពីគាត់ធ្វើតេស្តពិនិត្យសុខភាពបានជោគជ័យ ហើយក៏បានបង្ហាញខ្លួនដល់អ្នកគាំទ្រ នៅក្នុងកីឡាដ្ឋានសាន់ទីអាកូ បឺណាប៊ូ (Santiago Bernabeu) រួចហើយដែរ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ