ចេហ្សេ រ៉ូឌ្រីហ្គេ នាំមិត្តស្រីមកបង្អើលថ្ងៃដំបូង នៅ PSG
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១០សីហា ២០១៦
- កែប្រែចុងក្រោយ: August 11, 2016
- ប្រធានបទ: បាល់ទាត់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មកដល់ក្រុមបារីស ត្រឹមតែពីរថ្ងៃប៉ុណ្ណោះ តែកញ្ញា អូរ៉ាហ៍ រីស៍ (Aurah Ruiz) មិត្តស្រីរបស់កីឡាករ ចេហ្សេ រ៉ូឌ្រីហ្គេ (Jesé Rodriguez) ដែលទើបនឹងត្រូវបានផ្ទេរ ពីក្រុម រៀលម៉ាឌ្រីត (Real Madrid) របស់អេស្ប៉ាញ បានទាក់ទាញចំណាប់អារម្មណ៍ ពីសំណាក់អ្នកគាំទ្រ របស់ក្រុមបាល់ទាត់ នៃនៅរដ្ឋធានីប៉ារីស របស់បារាំងរួចជាស្រេចហើយ។
តាមពិតទៅ ប្រសិនជាកីឡាករ ចេហ្សេ រ៉ូឌ្រីហ្គេ ត្រូវបានក្រុមប៉ារីស ទិញក្នុងទឹកប្រាក់ ២៥លានអ៊ឺរ៉ូ ពីក្រុមរៀលម៉ាឌ្រីតនោះ គឺដោយសារកីឡាករមានសក្ដានុពល ដោយរកគ្រាប់បាល់បានច្រើនគួរសម នៅក្នុងរដូវកាលកន្លងមក។ ប៉ុន្តែសម្រាប់សាធារណមតិទូទៅ ជាពិសេសសម្រាប់អ្នកគាំទ្រវិញ មិនសូវមាននរណាស្គាល់កីឡាករ ចេហ្សេ រ៉ូឌ្រីហ្គេ វ័យ ២៣ឆ្នាំ នេះ ប៉ុន្មានទេ។ ហើយវត្តមានរបស់កីឡាករ នៅក្នុងក្រុមប៉ារីស ក៏ត្រូវបានគេគិតថា កីឡាករទំនងជាមកអង្គុយ ចាំចូលទាត់ជំនួសខ្សែប្រយុទ្ធ កីឡាករ អេឌីនសុន កាវ៉ានី (Edinson Cavani) តែប៉ុណ្ណោះ។
តែផ្ទុយទៅវិញ វត្តមានដំបូងរបស់កីឡាករ នៅថ្ងៃទី៨ ខែសីហានេះ នៅលើវាលស្មៅរបស់ក្រុមប៉ារីស កីឡាករបានបង្ក ឲ្យមានចំណាប់អារម្មណ៍មកលើខ្លួន តាមរយៈ... «មិត្តស្រី»របស់ខ្លួន គឺតារាទូរទស្សន៍ជាតិអេស្ប៉ាញ ដ៏ស៊ិចស៊ី វ័យ២៤ឆ្នាំ គឺនាងកញ្ញា អូរ៉ាហ៍ រីស៍ នេះតែម្ដង។ ហើយរហូតមកដល់ថ្ងៃនេះ ក្រុមអ្នកគាំទ្រ និងសារព័ត៌មាននានារបស់បារាំង បានយកនាង អូរ៉ាហ៍ រីស៍ មកជជែកវែកញែកមិនឈប់មិនឈរ។
នាង អូរ៉ាហ៍ រីស៍ បានអមដំណើរមិត្តប្រុសរបស់ខ្លួន នៅពេលចេញបង្ហាញខ្លួន របស់កីឡាករ កាលពីថ្ងៃចន្ទ ក្នុងកីឡាដ្ឋាន «Parc des Princes» របស់រដ្ឋធានីប៉ារីស ហើយគេក៏ឃើញនាងមានវត្តមាន អមកីឡាករ ចេហ្សេ រ៉ូឌ្រីហ្គេ ទៅកាន់ឧទ្យានហ្វឹកហាត់ របស់ក្រុមប៉ារីស នៅឯតំបន់ជាយក្រុងដែរ។ រូបភាពនៅក្នុងវីដេអូផ្លូវការ របស់ក្រុមប៉ារីស ដែលបង្ហោះនៅលើគេហទំព័រ យូធូប បានបង្ហាញពីភាពរំពើតរំពើន របស់តារាស្រី នៅពេលពួកគេចូលទៅឧទ្យានហ្វឹកហាត់ដំបូង (វីដេអូដាក់ជូន នៅខាងក្រោមអត្ថបទ)៕