របបតិរច្ឆាននៅកម្ពុជា៖ ស្ថានទូតអូស្ត្រាលី ការពារការថ្លែងតាមបែបប្រជាធិបតេយ្យ
- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១០ សីហា ២០១៦
- កែប្រែចុងក្រោយ: August 10, 2016
- ប្រធានបទ: នយោបាយ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការដាក់ញត្តិទៅស្ថានទូតអូស្ត្រាលី ដើម្បីទាមទារការសុំទោស ពីសំណាក់សមាជិកសភាខ្មែរ-អូស្ត្រាលីមួយរូបនោះ ត្រូវបានស្ថានទូតបរទេសមួយនេះ ឆ្លើយតបមកវិញហើយ។ តែចម្លើយនោះ ទំនងជាមិនមែនជាចម្លើយ ដែលមន្ត្រីរដ្ឋាភិបាលកម្ពុជា និងអ្នកគាំទ្រមួយចំនួន រង់ចាំប៉ុន្មានឡើយ។
សេចក្ដីថ្លែងការណ៍ជាភាសាអង់គ្លេសមួយ ដែលស្ថានទូតអូស្ត្រាលី បានចេញផ្សាយ នៅក្នុងថ្ងៃទី១០ ខែសីហានេះ បានឲ្យដឹងថា សំដីរបស់លោក ហុង លឹម (ដែលមានឈ្មោះពេញ លឹម មុយហុង) មិនបានថ្លែងឡើងក្នុងនាមរដ្ឋាភិបាលអូស្ត្រាលី ឬក៏ស្ថានទូតអូស្ត្រាលីនោះទេ។ ហើយលោក ហុង លីម ក៏មិនមែនជាសមាជិករដ្ឋាភិបាល ឬសមាជិកសភាសហព័ន្ធនោះដែរ។
ស្ថានទូតបានសរសេរទៀតថា ប្រទេសអូស្ត្រាលីមានប្រពៃណីដ៏សម្បូរបែប ពីមតិយោបល់ និងការយល់ឃើញខុសៗគ្នា សម្រាប់ចូលរួម នៅក្នុងការជជែកវែកញែក ជាសាធារណៈ។ សេចក្ដីថ្លែងការណ៍បានបញ្ជាក់ថា៖ «ទាំងនេះ គឺជាធាតុផ្សំដ៏សំខាន់ នៅក្នុងប្រព័ន្ធប្រជាធិបតេយ្យរបស់យើង»។
ការប្រៀបធៀបរបស់លោក ហុង លឹម ហៅរបបដឹកនាំនៅភ្នំពេញ ថាមានលក្ខណៈដូច«តិរច្ឆាន» នៅក្នុងកិច្ចសម្ភាស ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ ជាមួយវិទ្យុអាស៊ីសេរី បានបង្កឲ្យសង្គ្រាមពាក្យសំដីផ្ទុះឡើង។ លោក លីម មុយហុង បានថ្លែងនៅក្នុងកិច្ចសម្ភាសនោះថា៖ «យើង សង្ឃឹមថា ឃាតកម្មទៅលើគាត់ហ្នឹង (លោក កែម ឡី) នឹងធ្វើឲ្យយើង មានចិត្តកាន់តែតស៊ូឡើង ព្រោះជាតិយើង ស្រុកយើង ត្រូវថ្លៃថ្នូ ត្រូវគ្រាន់បើ ត្រូវសម្បូរសប្បាយជាងនេះ ជាងសព្វថ្ងៃ មិនត្រូវមានលក្ខណៈរបៀបដូចតិរច្ឆាន ដូចសព្វថ្ងៃនេះទេបាទ»។
មន្ត្រីរដ្ឋាភិបាល និងអ្នកគាំទ្របានចាត់ទុកការប្រៀបធៀប របស់លោក ហុង លឹម ថាជាការមាក់ងាយចំពោះរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ និងប្រជាជនកម្ពុជា។ ញត្តិជាច្រើនត្រូវបានដាក់ ចូលទៅស្ថាប័នធំៗនៅក្នុងប្រទេសកម្ពុជា ជាពិសេសដាក់ជូន ទៅកាន់ស្ថានទូតអូស្ត្រាលី ក្នុងរាជធានីភ្នំពេញ ដើម្បីស្វែងរកការថ្កោលទោស និងទាមទារឲ្យសមាជិកសភាខ្មែរ-អូស្ត្រាលី មកពីរដ្ឋវីតូរៀរូបនេះ ធ្វើការ«សុំទោស»ជាសាធារណៈ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្ត្រី បានប្រតិកម្មតប នឹងការអះអាងរបស់លោក ហុង លឹម ថា៖ «កម្មករ កសិករ និងពាណិជ្ជករទាំងអស់ ពុំអាចទទួលយកបាន ចំពោះការប្រើប្រាស់ពាក្យ"ពាល" ប្រកបដោយឥរិយាបថថោកទាប មិនឆ្លុះបញ្ចាំង ឫ សក្ដិសម និងសីលធម៌ គុណធម៌ ដែលជាអ្នកតំណាងរាស្រ្ត នៃប្រជាជាតិស៊ីវីល័យ និងស្ថេរភាព ជាមួយនឹងការងារទូតនៃទំនាក់ទំនង និងសហប្រតិបត្តិការល្អ រវាងកម្ពជា និងអូស្រ្តាលី នោះឡើយ»។
យ៉ាងណាក៏ដោយ ស្ថានទូតរបស់មហាអំណាច ប្រចាំទ្វីបអូសេអានីមួយនេះ បានសម្ដែងការខ្វល់ខ្វាយ ចំពោះបញ្ហាដែលបានកើតឡើង និងបានបញ្ជាក់ថា ប្រទេសអូស្ត្រាលីបានឲ្យតម្លៃយ៉ាងខ្ពង់ខ្ពស់ ចំពោះការពង្រឹកទំនាក់ទំនងល្អ ជាមួយប្រទេសកម្ពុជា ហើយថានឹងខិតខំធ្វើឲ្យចំណងទាក់ទងនេះ នៅតែបន្តមាន៕