ពីរនាក់ឆក់កាបូបបានសម្រេច តែត្រូវសមត្ថកិច្ចចាប់ខ្លួនបានម្នាក់
- ដោយ: ក. ស្រីនាង អត្ថបទ ៖ ក. ស្រីនាង ([email protected])- យកការណ៍៖ហេង វុទ្ធី -ភ្នំពេញថ្ងៃទី ១២ សីហា ២០១៥
- កែប្រែចុងក្រោយ: August 13, 2015
- ប្រធានបទ: ចោរឆក់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍មួយ បានបង្កការភ្ងាក់ផ្អើល ដល់អ្នកធ្វើដំណើរ នៅតាមផ្លូវបេតុងមួយ កាលពីថ្ងៃទី១១ ខែ សីហា ឆ្នាំ២០១៥ ដោយសារតែ ស្រ្តីរងគ្រោះបានស្រែកឆោរឡោឡើង និងដេញតាមចោរមួយក្រុម មានគ្នា ២នាក់ ដែលបានជិះម៉ូតូធ្វើសកម្មភាព ឆក់កាបូបរបស់គាត់ នៅពេលស្ត្រីរូបនេះ កំពុងធ្វើដំណើរតាមផ្លូវ។ ហេតុការណ៍នេះ កើតឡើងនៅក្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលឲ្យស្រ្តីរងគ្រោះ របួសមុខ និងក្បាលជង្គង់យ៉ាងដំណំ នៅពេលស្រ្តីរងគ្រោះដួលម៉ូតូ។
ភ្លាមៗ ក្រោយពេលកើតហេតុនោះ សមត្ថកិច្ចខណ្ឌសែនសុខ បានបញ្ជូនដំណឹងដល់កងរាជអាវុធហត្ថ ខណ្ឌព្រែកព្នៅ ដើម្បីធ្វើការស្រាវជ្រាវ តាមចាប់ជនសង្ស័យ ដែលគេចខ្លួន ទៅខណ្ឌព្រែកព្នៅនោះ។ ក្រោយពេលធ្វើការស្រាវជ្រាវភ្លាមៗ សមត្ថកិច្ចខណ្ឌព្រែកព្នៅ ចាប់បានជនសង្ស័យ១នាក់ ពីក្នុងចំណោមជនសង្ស័យពីរនាក់។
ស្រ្តីរងគ្រោះមានឈ្មោះ ផន សោភា មានអាយុ ៣៥ ឆ្នាំ រស់នៅក្នុងភូមិ អន្លុងក្ងាន់ សង្កាត់ខ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យ មានឈ្មោះ ម៉ក់ ពិសិដ្ឋ អាយុ ៣០ឆ្នាំ មានមុខរបរមិនច្បាស់លាស់ មានទីលំនៅ ក្នុងភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រោយពេលចាប់ខ្លួនជនសង្ស័យបាន សមត្ថកិច្ចបានដកហូតទូរស័ព្ទ ចំនួនពីគ្រឿង និងលុយចំនួន២៥០០០រៀល ប្រគល់ឲ្យស្រ្តីរងគ្រោះវិញ ហើយបានដកហូតម៉ូតូមួយគ្រឿង ដែលជនល្មើសជិះធ្វើសមកម្មភាព ម៉ាក ហុងដា ពណ៍ខ្មៅ ស៊េរី ២០១៥ ស្លាកលេខភ្នំពេញ 1C 8677 ព្រមទាំងកូនសោរតេឡេរថយន្តចំនួន ១ និងគ្រឿងញៀន ប្រភេទម៉ាទឹកកក ១ ថង់តូចផងដែរ ពីជនសង្ស័យ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ច ខណ្ឌព្រែកព្នៅ កសាងសំនុំរឿងដើម្បីបញ្ជូនទៅតុលាការ៕