ផែនទី​ទឹក​ដី​ថ្មី​របស់ ISIS ក្នុង​គម្រោង​វាយ​​កាន់​កាប់​ពិភពលោក

អង្គការភេរវនិយម «រដ្ឋអ៊ីស្លាម» មានគម្រោងរួចជាស្រេច ក្នុងការបែងចែកទឹកដី ជាច្រើនផ្នែក នៅ​លើ​ទ្វីប​ទាំង​បី សម្រាប់​៥ឆ្នាំ​ទៅ​មុខ​ទៀត។ ជារបកគំហើញថ្មីមួយទៀត បង្កការភ្ញាក់ផ្អើល ដល់ប្រទេសទាំងឡាយ ដែល​ស្ថិត​ក្រោម​គម្រោង​នេះ។
Loading...
  • ដោយ: ដ. កែវ អត្ថបទ - រាយការណ៍៖ ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី១៥ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 16, 2015
  • ប្រធានបទ: ភេរវកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកសារព័ត៌មានប្រចាំឲ្យបណ្ដាញវិទ្យុ និងទូរទស្សន៍ ប៊ីប៊ីស៊ី (BBC) និងជាអ្នកជំនាញ ខាងការស្រាវជ្រាវបញ្ហា​នានា ទាក់ទងអង្គការរដ្ឋអ៊ីស្លាម លោក អេនដ្រូវ ហូស្កេន (Andrew Hosken) បានសរសេរនៅក្នុងសៀវភៅ​របស់​លោក ពីគម្រោងដ៏សម្បើម នឹកស្មានមិនដល់មួយ របស់ក្រុមអង្គការភេរវកម្មនេះ ដែលមានឈ្មោះ ហៅកាត់​តាម​អង់គ្លេស ISIS និង​ហៅ​កាត់​តាម​​បារាំង EI។ សៀវភៅនោះមានចំណងជើង ជាភាសាអង់គ្លេស «Empire of Fear: Inside the Islamic State» និងជាភាសាបារាំង «Empire de la peur: à l'intérieur de l'Etat islamique» ដែលយើងអាចបកប្រែ ជាខេមរភាសាមកថា «ចក្រភពនៃភាពភ័យខ្លាច៖ រឿងរ៉ាវផ្ទៃក្នុង នៃរដ្ឋអ៊ីស្លាម»។

សៀវភៅ ដែលត្រូវបានបោះពុម្ភចេញផ្សាយ នៅចុងខែកក្កដាកន្លងទៅនេះ បានសង្កត់យ៉ាងសំខាន់ ទៅលើ​គម្រោងវិវត្តន៍ខ្លួន របស់ក្រុមអង្គការរដ្ឋអ៊ីស្លាម ដែលត្រូវបានបង្កើតដំបូងឡើយ នៅឆ្នាំ១៩៩៦ ដោយមេគំនិត (ប្រហាក់ប្រហែល នឹងស្ថាបនិកដែរ តែមិនមែនជាអ្នកបង្កើត ឲ្យមានជារូបរាងទេ) មួយរូប នៃចលនាភេរវកម្មនេះ ឈ្មោះ អាប៊ូ មូសា អាល់ហ្សាក្វាវី (Abu Musab al-Zarqawi)។

ជនមេគំនិត អាប៊ូ មូសា បានរៀបចំគម្រោងនេះ មាន៧ជំហាន ដែលនឹងត្រូវធ្វើជាដំណាក់កាលៗ ក្នុងវាយលុក​បណ្ដា​ប្រទេសនានា ក្នុងទ្វីបអ៊ឺរ៉ុបខាងត្បូង ទ្វីបអាហ្វ្រិកខាងជើង និងទ្វីបអាស៊ីខាងលិច បូកបន្ថែមនឹងប្រទេស​ឥណ្ឌាមួយទាំងមូលផង។ ការវាយទន្ទ្រានចក្រវាឡ សឹងមួយចំហៀងផែនដី នឹងត្រូវធ្វើឲ្យសម្រេច នៅក្នុងឆ្នាំ​២០២០ ខាងមុខ ពោលគឺនៅសល់តែ៥ឆ្នាំទៀតប៉ុណ្ណោះ។

សៀវភៅរបស់លោក អេនដ្រូវ បានអះអាងទៀតថា បន្ទាប់ពីបានវាយទន្ទ្រាន កាប់កាប់ទឹកដីទាំងអស់នេះរួច អង្គការរដ្ឋអ៊ីស្លាម មានបំណងច្បាស់លាស់ ក្នុងការធ្វើសង្គ្រាមប្រឆាំង នឹងសហរដ្ឋអាមេរិក។ គម្រោងមួយ​ទៀត​របស់ក្រុមនេះ គឺធ្វើយ៉ាងណា ស្វែងរកប្រាក់ចំណូល ឲ្យបានកាន់តែច្រើន។ បើតាមសារព័ត៌មានអង់គ្លេស «Daily Telegraph» បានធ្វើការប៉ាន់ប្រមាណថា ប្រាក់ចំណូលរបស់អង្គការរដ្ឋអ៊ីស្លាម សម្រាប់ចិញ្ចឹម​សមាជិក​របស់ខ្លួន ប្រមាណជា៥០ពាន់នាក់ ត្រូវមានកម្រិតដល់ទៅ ១,៦ពាន់លានដុល្លារ (១,៤ពាន់លានអ៊ឺរ៉ូ)។ ទឹក​ប្រាក់​ទាំងនេះ ជាចំណូលដែលរកបាន ពីអាជីវកម្មប្រេងកាត និងឧស្ម័នហ្គាស នៅលើទឹកដី ដែលពួកនេះកំពុង​កាន់​កាប់ ក្នុងប្រទេសស៊ីរី និងអៀរ៉ាក់សព្វថ្ងៃ។

បន្ថែមពីលើគម្រោងធំៗទាំងនេះ ក្រុមអង្គការរដ្ឋអ៊ីស្លាម បានគម្រោងតូចៗជាច្រើនទៀត ដើម្បីធ្វើឲ្យ​បណ្ដា​រដ្ឋ​មួយចំនួន ដែលខ្លួនមានទិសដៅកំទេច ធ្លាក់ចុះអន់ខ្សោយ។ ក្រុមនេះកំពុងធ្វើរួចហើយ នៅក្នុងប្រទេសអៀរ៉ាក់ និងប្រទេសស៊ីរី ហើយក៏កំពុងកំទេចឧស្សាហកម្មទេសចរណ៍ ដែលជា«ដង្ហើមសេដ្ឋកិច្ច» យ៉ាងសំខាន់ របស់​ប្រទេស​តួនេស៊ី (ក្នុងទ្វីបអាហ្វ្រិកខាងជើង) មួយទៀតដែរ។

លោក អេនដ្រូវ ហូស្កេន បានសរសេរក្នុងសៀវភៅលោកទៀតថា៖ «ការព្រួយបារម្ភមួយ ក្នុងចំណោមការ​ព្រួយ​បារម្ភជាច្រើននោះ គឺជំហាននៃការប្រើប្រាស់ អាវុធគីមី ឬអាវុធមេរោគ ដែលក្រុមអង្គការរដ្ឋអ៊ីស្លាម កំពុង​ធ្វើការ​អភិវឌ្ឍន៍ នាពេលបច្ចុប្បន្ន។ ប្រសិនបើក្រុមនេះ ទទួលបានមកកាន់នៅនឹងដៃ នូវអាវុធប្រល័យលោកនោះ ខ្ញុំ​ធានា​អះអាងថា ពួកគេនឹងប្រើប្រាស់អាវុធទាំងនេះ ដោយគ្មានរារែក។»

អ្នកសារព័ត៌មានរូបនេះ បានសរសេររំលឹកមកវិញថា ការកម្ចាត់ក្រុមអង្គការរដ្ឋអ៊ីស្លាមនេះ ធ្លាប់ទទួល​បាន​ជោគ​ជ័យ សឹងតែ«ទាំងស្រុង»ហើយ កាលពីឆ្នាំ២០១០ និងឆ្នាំ២០១១ ខណៈក្រុមមេដឹកនាំរបស់ក្រុមនេះ ប្រមាណ​ជា​៨០% ត្រូវបានចាប់ខ្លួន និងសម្លាប់ចោល នាពេលនោះ។ លោក អេនដ្រូវ បានសរសេរទៀតថា៖ «យើងមិន​បានកម្ចាត់វា ឲ្យដល់ឬសគល់ទេ។ វាដូចជាជំងឺប៉េស្ដ៍ (*) អញ្ចឹង... ពេលនេះ វាបានលាប់ឈឺមកវិញ។»៕


(*) ជំងឺប៉េស្ត៍ (peste) ជាជំងឺឆ្លងយ៉ាងសាហាវមួយ នៅក្នុងយុគសម័យកណ្ដាល នៃពិភពលោក បង្កឲ្យមាន​មនុស្ស​ស្លាប់ (ឬត្រូវបានសម្លាប់) យ៉ាងរង្គាល ក្នុងទ្វីបអ៊ឺរ៉ុប។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...