រួច​ពី​ទោស​ប្រហារ​ជីវិត ព្រោះ​ចៅក្រម​លង់​ស្នេហ៍​​លើ​ស្ត្រី​ជាប់​ចោទ

សំនុំរឿងនេះ បានធ្វើឲ្យរញ្ជួយ ពេញទាំងសហរដ្ឋអាមេរិក រហូតមានការថតចេញ ជាភាពយន្ដ​បញ្ចាំង​តាម​ទូរទស្សន៍ នោះ​ផង​ទៀត។ ស្ត្រី​វ័យ​៣២ឆ្នាំ​មួយ​រូប បានចាក់សម្លាប់​អតីតគូស្នេហ៍​របស់​ខ្លួន ចំនួន​២៧កាំបិត បន្ទាប់​ពីអ្នក​ទាំង​ពីរ បាន​បែក​បាក់គ្នា។ ប៉ុន្តែឃាតករម្នាក់នេះ មិនត្រូវបានផ្ដន្ទាទោស ដោយ​ការ​ប្រហារ​ជីវិត​ទេ។ រដ្ឋអាជ្ញាប្រចាំតំបន់ បាន​ចោទ​សហ​ចៅក្រម​ម្នាក់ ថាបានលង់ស្នេហ៍ នឹងស្ត្រីជាប់ចោទ ទើបនាងអាច​រួចផុត ពី​ទោស​ប្រហារ​ជីវិត​បាន។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៧ ធ្នូ ២០១៥
  • កែប្រែចុងក្រោយ: December 14, 2015
  • ប្រធានបទ: បេះដូងយុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រឿងក្ដីឃាតកម្មដ៏សាហាវ ដែលកក្រើក​ពេញទាំងប្រទេសអាមេរិក តែជនដៃដល់ បែរជារួចខ្លួន មិនត្រូវ​បាន​ចៅក្រម​កាត់ទោសប្រហារជីវិតនោះទេ។ នាង ជូឌី អេរៀស (Jodi Arias) អាយុ៣២ឆ្នាំ ត្រូវបានរកឃើញ ថា​បាន​ប្រព្រឹត្តិអំពើមនុស្សឃាត ទៅលើអតីតគូស្នេហ៍បស់នាង ដោយចាក់នឹងកាំបិត តែនាងបានរួចផុត ពី​ទោស​ប្រហារជីវិត ដោយសាររូបសម្រស់របស់នាង បាន​ទាក់ទាញឲ្យ​ចៅក្រម​​ចំណាស់មួយរូប លង់ទៅក្នុង​សំណាញ់​ស្នេហ៍​របស់នាង។

រឿងរ៉ាវដំបូង កើតឡើងនៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០០៨ ដោយការបែកបាក់គ្នា យ៉ាងជូរចត់មួយ រវាងនាង ជូឌី និងអតីតសង្សារបស់នាង នៅក្នុងគេហដ្ឋានរបស់ខាងប្រុស នាក្រុង មីសា (Mesa) រដ្ឋអារីហ្សូណា (Arizona ភាគខាងលិចអាមេរិក)។ នៅក្នុងសភាពខឹងសម្បា ទប់ចិត្តមិនបាននៅពេលនោះ នាង ជូឌី បាន​ទាញ​កាំបិត​មកកាន់នឹងដៃ ហើយបានចាក់បុរសបែកចិត្ត ចំនួន២៧កាំបិត ក្នុងពេលដែលបុរសកំពុងងូតទឹក។

ប៉ុន្តែសវនាការកាត់ទោស កាលពីអំឡុងខែមីនា ឆ្នាំ២០១៥ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាជន​អាមេរិក ព្រោះជាធម្មតា និងតាមច្បាប់អាមេរិក ឃាតករដែលបង្កមនុស្សឃាត ដោយចេតនា យ៉ាង​សាហាវ​ឃោឃៅ​ដូច្នេះ មិនអាចជៀសផុតពីទោស«ប្រហារជីវិត»បានឡើយ ដែលខុសពីនាង ជូឌី ដែលត្រូវបាន​សហ​ចៅ​ក្រម សម្រេចមិនផ្ដន្ទាទោសដល់ជីវិតឡើយ។

ការសម្រេចចិត្តនេះ ត្រូវបានរដ្ឋអាជ្ញាប្រចាំរដ្ឋអារីហ្សូណា លោក ជ័ន ម៉ាទីណេ (Juan Martinez) សរសេរ​នៅ​ក្នុងសៀវភៅ «Conviction: The Untold Story of Putting Jodi Arias Behind Bars» ដែល​​នឹងត្រូវ​​​ចេញ​ផ្សាយ​នា​ដើម​ឆ្នាំ​ខាងមុខ​ ដោយ​លើកយកមូលហេតុ​ដែលធ្វើឲ្យជនជាប់ចោទ អាចរួចការ​ប្រហារ​ជីវិត​នោះ ថា​មក​ពី​​សហ​ចៅ​ក្រម​អាយុ​៧១ឆ្នាំ​ម្នាក់ ពីក្នុង​ចំណោម​ចៅក្រម​ច្រើននាក់ ដែលទទួល​បន្ទុក​កាត់​សេចក្ដី ទៅលើសំនុំ​រឿង​នេះ ​បាន​«លង់​ស្នេហ៍» ក្រោម​សម្រស់ដ៏ផូរផង់​​របស់នាង ជូឌី។ លោក​រដ្ឋអាជ្ញា​បាន​ពន្យល់​ថា លោក​ចៅក្រម ប៊ីល ហ្សេវ៉ាកូស (Bill Zervakos) នៅពេលនោះ បាន​បដិសេធ​​យ៉ាង​ដាច់​អហង្កា នូវ​ទោស​«ប្រហារ​ជីវិត» ដាក់​ទៅ​លើ​​ជន​​ជាប់​ចោទ។

«គាត់ដើរចេញ និងដើរចូល ដើម្បីបានឃើញនាង ជូឌី»

ការអះអាងខាងលើ​កាន់តែគួរឲ្យជឿជាក់ និងកាន់តែទទួលយកបាននោះ បន្ទាប់ពីសហចៅក្រមមួយរូបទៀត អ្នកស្រី តារា កេនឡី (Tara Harris Kelley) ដែលទទួលបន្ទុកកាត់សេចក្ដី នៅថ្ងៃនោះដែរ បាន​រៀបរាប់​ថា៖ «សឹង​តែគ្រប់ពេល គាត់ (សហចៅក្រម ប៊ីល ហ្សេវ៉ាកូស) តែងរំពៃដើម្បីបានឃើញ​នាង ជូឌី។ គាត់​ដើរ​ចេញ​និង​ដើរ​ចូល ដើម្បីបានឃើញជនជាប់ចោទ ខណៈយើងទាំងអស់គ្នា រួមទាំងចៅក្រមដទៃទៀត​ផង ខំ​ប្រឹង​ជៀស​មិនសំលឹងមើលនាងទេ។ នៅពេលសម្រាកញ៉ាំបាយថ្ងៃត្រង់ គាត់បាននិយាយ​ប្រាប់​ខ្ញុំ នៅ​នឹង​តុ​​បាយ​ថា គាត់​​ធ្លាប់​ជា​អ្នកពូកែ​តាមញ៉ែស្រី ប៉ុន្មានដងប៉ុន្មានលើក កាលពីគាត់នៅក្មេង។ គាត់​បាន​និយាយ​​ពី​នាង ជូឌី ថា​នាង​នៅក្មេង និងមានលក្ខណៈគួរឲ្យទាក់ទាញ ហើយគាត់គិតមិនយល់ថា តើហេតុអ្វី ស្ត្រី​ជា​​ជន​​​ជាប់​​ចោទ​ម្នាក់​នេះ អាច​លើក​ដៃសម្លាប់មនុស្សទៅកើត។»

«ខ្ញុំមានអាយុ៧១ឆ្នាំហើយ ម្ចាស់ថ្លៃអើយ!»

នៅចំពោះការចោទប្រកាន់ទាំងនេះ សហចៅក្រម ប៊ីល ហ្សេវ៉ាកូស បានចេញមុខមកបដិសេធ ថា​លោក​មិន​បានលង់ស្នេហ៍ ឬស្រឡាញ់នាង ជូឌី នោះទេ ដោយអះអាងថា លោកមានអាយុច្រើន​ពេក​ហើយ។ លោក​ថ្លែង​ឡើង​ថា៖ «ខ្ញុំមានអាយុ៧១ឆ្នាំហើយ ម្ចាស់ថ្លៃអើយ! ខ្ញុំអត់មានលង់ចិត្តអី ទៅលើនាង ឬ​នរណា​ផ្សេង​អ្វី​ទាំង​អស់។ និយាយឲ្យច្បាស់ទៅ គឺអត់មានទេ! គួរឲ្យចង់សើចណាស់។» លោក​សហ​ចៅក្រម បាន​ចោទ​ត្រឡប់​ទៅ​លោក​រដ្ឋអាជ្ញាវិញ ថាមានបំណងចង់ផ្សាយពាណិជ្ជកម្ម ឲ្យសៀវភៅរបស់ខ្លួន ទើប​បង្កើត និង​ប្រឌិត​រឿង​ទាំង​នេះ​ឡើង។

លោក ប៊ីល ហ្សេវ៉ាកូស បានបញ្ជាក់ថា៖ «គេមានសិទ្ធិនឹងនិយាយ ពីអ្វីដែលគេចង់និយាយ។ ខ្ញុំអត់​ទាំង​បាន​អានសៀវភៅ របស់គាត់នោះផង ហើយខ្ញុំក៏នឹងមិនអានវាដែរ។ គាត់មិនគួរឲ្យខ្ញុំគោរព ក្នុងរឿងនេះទេ។ ខ្ញុំ​គ្រាន់​តែ​ចង់បញ្ចប់ជាមួយរឿងនេះ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...