សាមស៊ុង ត្រូវបង់ប្រាក់ ៥៤៨លានដុល្លារឲ្យ អេបផ័ល
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១៣ ធ្នូ ២០១៥
- កែប្រែចុងក្រោយ: December 14, 2015
- ប្រធានបទ: បច្ចេកវិទ្យា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សំនុំរឿងដែលបានបង្កឲ្យមានទំនាស់ រវាងក្រុមហ៊ុនយក្សខាងបច្ចេកវិទ្យា របស់ប្រទេសកូរ៉េខាងត្បូង និងរបស់ប្រទេសអាមេរិក ទាំងពីរ បានកើតឡើងតាំងពីប៉ុន្មានឆ្នាំមុន តែនៅមិនទាន់ដោះស្រាយ បាននៅឡើយ។ បើតាមឯកសារតុលាការ បានឲ្យដឹងថា ក្រុមហ៊ុន សាមស៊ុង បានទទួលយល់ព្រមថា ខ្លួននឹងបង់ប្រាក់ ៥៤៨លានដុល្លា ទៅឲ្យក្រុមហ៊ុន អេបផ័ល ទាក់ទងនឹងសំនុំរឿង នាំការរំលោភកម្មសិទ្ធបញ្ញានេះ។
បង់ហើយយកវិញ...
សាមស៊ុង បានបញ្ជាក់នៅក្នុងលិខិតស្នាមមួយ ដែលបញ្ជូនទៅឲ្យតុលាការអាមេរិក ថាខ្លួននឹងដោះស្រាយ បង់ប្រាក់ទៅតាមការកំណត់ របស់តុលាកាទៅឲ្យ អេបផល។ ប៉ុន្តែ សាមស៊ុង បានអះអាងថា ខ្លួនរក្សាសិទ្ធិក្នុងការយកត្រឡប់មកវិញ ប្រសិនបើថ្លែសំណងជំងឺចិត្តនេះ ត្រូវបានកែប្រែ ឬលប់ចោលដោយសារការប្ដឹងសារទុក្ខរបស់ខ្លួន ទៅកាន់តុលាការជាន់លើ ឬប្រសិនបើសិទ្ធិរបស់ខ្លួន ក្នុងការប្រើប្រាស់ផលិតផលទាំងនោះ ត្រូវបានទទួលស្គាល់។
នៅក្នុងឯកសារដដែលនោះ ក្រុមហ៊ុន អេបផ័ល វិញបានឆ្លើយតបមកវិញ ថាខ្លួនមិនបានយល់ព្រមជាមួយ សាមស៊ុង នៅក្នុងចំណុចដែលបានលើកឡើង ដូចខាងលើនេះទេ។
តុលាការក្នុងរដ្ឋកាលីហ្វ័នី (ភាគខាងលិច នៃសហរដ្ឋអាមេរិក) បានសម្រេចក្ដីកាលពីខែកញ្ញា ឆ្នាំកន្លងទៅ ផ្ដល់ជ័យជំនះទៅឲ្យក្រុមហ៊ុន អេបផ័ល នៅក្នុងសំនុំរឿង កម្មសិទ្ធិបញ្ញា ដែលក្រុមហ៊ុន សាមស៊ុង រងការចោទប្រកាន់ ថាបានប្រើប្រាស់ ឬបានលួចចម្លង ដោយគ្មានការអនុញ្ញាត។ ជ័យជំនះនេះ បានជំរុញឲ្យ សាមស៊ុង ចាំបាច់ត្រូវរុញសំនុំរឿង ឡើងទៅតុលាការកំពូល របស់សហរដ្ឋអាមេរិកបន្តទៀត ឬបើមិនដូច្នេះទេ សាមស៊ុង ចាំបាច់ត្រូវបង់ថ្លៃ នៃការការខូចខាតទៅឲ្យ អេបផ័ល។
រឿងដែលសេសសល់
ចំនួនទឹកប្រាក់ ៥៤៨លានដុល្លា មិនបានស្មើនឹងពាក់កណ្ដាល នៃទឹកប្រាក់ដ៏មហាសាល ដែលក្រុមហ៊ុន អេបផ័ល បានទាមទារពីដើមដំបូងនោះផង។ ម្យ៉ាងទៀត ការចំណាយរបស់ក្រុមហ៊ុន អេបផ័ល ទាក់ទងនឹងការប្ដឹងផ្ដល់ ដែលតាមប្រភបមួយចំនួន មានកម្រិតដល់ទៅ ១,៨លានដុល្លានោះ នៅមិនទាន់ឲ្យដឹងថា តើនរណាជាអ្នកទូទាត់នៅឡើយ។ មិនត្រឹមតែប៉ុណ្ណឹង ក្រុមហ៊ុន អេបផ័ល ថែមទាំងបានទាមទារទៅតុលាការ សុំឲ្យមានសំណងបន្ថែម ទាក់ទងនឹងនឹងការរំលោភកម្មសិទ្ធបញ្ញាមួយចំនួនទៀត ដែលសាលក្រមមិនបាននិយាយដល់៕