«ខ្មោចលង ហើយវាបានវាយទារករបស់យើង»... តែចៅក្រមមិនជឿ!
មិនមែនជាពួកគេទេ តែជាស្រមោលមួយ ឬជាខ្មោច ឬជាព្រលឹង ឬជារូបអ្វីម្យ៉ាង ដែលលងពួកគេនៅក្នុងផ្ទះ ហើយតាមរករឿងទារករបស់ពួកគេ ដែលទើបនឹងមានអាយុ១១ខែ រហូតមានរបួសជាទម្ងន់។ ទារកដែលរងគ្រោះ ដែលត្រូវបានដឹកទៅសង្គ្រោះជាបន្ទាន់ ទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១០កន្លងទៅ ជាមួយនឹងសភាពរបួសយ៉ាងធ្ងន់ធ្ងរ៖ បាក់ឆ្អឺងពីរ ហើមភ្នែក និងបែកមាត់ ...
រូបថតបង្ហាញពីបន្ទប់របស់ទារក ដែលប្ដីប្រពន្ធនិយាយថា មានខ្មោចលង។
ខ្មោចលង - កាលពីថ្ងៃទី១៦ ខែមេសា ម្ដាយនិងឪពុកចុង របស់ទារករងគ្រោះ ត្រូវបានកាត់ទោសដោយតុលាការ អាវីញ៉ុង (Avignon) ផ្នែកខាងត្បូងនៃប្រទេសបារាំង ពីបទប្រើហិង្សាវាយតប់លើកុមារ។ ប៉ុន្តែប្ដីប្រពន្ធមួយគូរនេះ មិនបានទទួលខ្លួនថា បានប្រព្រឹត្តការវាយតប់ទៅលើទារកនោះទេ ប៉ុន្តែជនប្រព្រឹត្តិអំពើល្មើសនេះ ជា«ខ្មោច»ដែលលងនៅក្នុងផ្ទះរបស់ពួកគេ។ បុរសជាប្ដី បានថែមទាំងបញ្ជាក់ថា ខ្លួនធ្លាប់បានទៅជួបអាចារ្យមួយរូបកាលពី៣សប្ដាហ៍មុន ដើម្បីសុំឲ្យអាចារ្យរូបនោះ មកបណ្ដេញព្រលឹង«អសុរកាយ»ចេញពីផ្ទះ។
តែប្រព័ន្ធយុត្តិធម៌សាធារណៈរបស់ប្រទេសបារាំង មិនបានជឿសូម្បីបន្តិចឡើយ ពីការលើកឡើងរបស់ប្ដីប្រពន្ធនេះ ដែលថាខ្មោចជា«ជនដៃដល់»។ ប្ដីត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៥ឆ្នាំ ខណៈប្រពន្ធជាប់ពន្ធនាគារ ២ឆ្នាំ ដោយឲ្យព្យួរទោសមួយឆ្នាំ។ មន្ទីរពេទ្យ បានរាយការណ៍ពីហេតុការណ៍នេះ ទៅប្រាប់នគរបាល បន្ទាប់ពីទារកត្រូវបានក្រុមគ្រូពេទ្យទទួលពិនិត្យ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១០កន្លងទៅ។ នៅក្នុងការស៊ើបអង្កេតនៅក្នុងសំនុំរឿងនេះ ក្រុមនគរបាលបានទទួលនូវរបាយការណ៍ ទាក់ទងនឹងនឹងរបួសនៅលើខ្លួនទារកយ៉ាងរន្ធត់ជាច្រើន។
អ្នកជំនាញខាងចិត្តសាស្ត្រពីរនាក់ ដែលបានសិក្សាករណីនេះ ម្នាក់បានលើកឡើងពីការបង្កើតរឿងផ្ដេសផ្ដាស ហើយថាបុរសនេះ បានចាប់ផ្ដើមជឿទៅលើអបិយជំនឿ ខ្មោចព្រាយបីសាច។ តែអ្នកជំនាញម្នាក់ទៀត បាននិយាយច្បាស់ៗថា បុរសនេះគ្មានបញ្ហាអ្វីខាងផ្លូវចិត្តទេ តែបង្កើតរឿងនេះមក ដើម្បីបញ្ជៀសការទទួលខុសត្រូវ ក្នុងការដែលខ្លួនវាយទៅលើទារក។
នៅចំពោះរបាយការណ៍របស់ក្រុមអ្នកស៊ើបអង្កេត មេធាវីការពារក្ដីឲ្យបុរសនេះ ក៏បានថ្លែងនៅពីមុខចៅក្រមដែរថា «បើបុរសនេះ ឈានទៅដល់ដំណាក់កាលវាយទារក នោះគឺដើម្បីចង់ឲ្យប្រពន្ធរបស់ខ្លួន មានពេលទំនេរបន្ដិចតែប៉ុណ្ណោះ»។ ទារកនោះ មកដល់ថ្ងៃនេះ មានអាយុ៤ឆ្នាំ ហើយត្រូវបានទទួលយកទៅចិញ្ចឹមដោយគ្រួសារមួយ ក្រោមការឧបត្ថម្ភពីរដ្ឋ។ ប៉ុន្តែការខាតបង់ដែលរដ្ឋ និងគ្រួសារនោះបានចំណាយទៅលើទារក នឹងត្រូវយកមកគិតគូរពីម្ដាយបង្កើត និងឪពុកចុងរបស់ក្មេងនេះ នៅក្នុងសវនាការលើកក្រោយទៀត៕
-----------------------------------------------
ដោយ ឈូករ័ត្ន (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤