ពលរដ្ឋ​រម្លឹក​ឡើង​វិញ​ពី​ការ​ឈឺចាប់​ក្នុង​របប​អាវ​ខ្មៅ និង​ទាមទារ​យុត្តិធម៌

«វាជារបបសាហាវជាទីបំផុត សម្លាប់មនុស្សដែលគ្មានទោសពៃអ្វីទាំងអស់» នេះជាការលើកឡើងរបស់ជានរងគ្រោះ ដែលបានឆ្លងកាត់របបខ្មែរក្រហម។ រយៈពេលជិត៣៥ឆ្នាំកន្លងមកនេះ ប្រជាពលរដ្ឋទាំងនោះ នៅតែចងចាំនៅឡើយ នូវភាពភ័យខ្លាចដែលជួបប្រទះជាង៣ឆ្នាំ។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: April 17, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«វាជារបបសាហាវជាទីបំផុត សម្លាប់មនុស្សដែលគ្មានទោសពៃអ្វីទាំងអស់» នេះជាការលើកឡើងរបស់ជានរងគ្រោះ ដែលបានឆ្លងកាត់របបខ្មែរក្រហម។ រយៈពេលជិត៣៥ឆ្នាំកន្លងមកនេះ ប្រជាពលរដ្ឋទាំងនោះ នៅតែចងចាំនៅឡើយ នូវភាពភ័យខ្លាចដែលជួបប្រទះជាង៣ឆ្នាំ។


ស្ដូបគោរពវិញ្ញាណខន្ដ របស់ជនរងគ្រោះនឹងរបបខ្មែរក្រហម នៅជើងឯង។ (រូបថត MONOROOM.info/ S.Tith)

របួសផ្លូវចិត្ត - ក្នុងឱកាសពិធីរម្លឹកខួបថ្ងៃទី១៧ មេសា របស់គណបក្សសង្រ្គោះជាតិ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ​២០១៤នេះ ជនរងគ្រោះដែលបានឆ្លងកាត់ របប៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ បានសម្តែងអារម្មណ៍សោកស្តាយ និងរន្ធត់ជា​ពន់ពេក ចំពោះការបាត់បង់សាច់ញាតិរបស់ខ្លួន និងភាពរងគ្រោះដែលពលរដ្ឋទាំងនោះបានឆ្លងកាត់។

លោក សួង ថន ដែលមានទីលំនៅបច្ចុប្បន្ននៅចំការដួងក្នុងរាជធានីភ្នំពេញ បានរៀបរាប់ពីការឈឺចាប់ ដែលលោក​មិនអាចបំភ្លេចបានថា លោកត្រូវបានគេជម្លៀសចេញពីមន្ទីរកសិកម្ម នៅខេត្តកំពត មកនៅទន្លេបាទី។ ឈ្មោះជា​ប្រជាជនថ្មី លោកបានជួបរឿងលំបាកវេទនាជាខ្លាំង ត្រូវគេធ្វើបាប និងបង្ខំអោយរែកដី ដោយទទួលបានរបប​ហូប​ចុកតិចតួចបំផុត ហើយក្នុងមួយថ្ងៃហូបបបរបានតែមួយពេល។ លោកថ្លែងទាំងទឹកមុខក្រៀមក្រំទៀតថា «វេទនា​ណាស់ ខោមិនខោ អាវមិនអាវ ដេកក៏ដេកនឹងព្រៃផ្សៃ មិនមានអីដេកស្រួលទេ ដូចពួកមូលដ្ឋានគេមានរោង។»

ជាងនេះទៅទៀត អ្វីដែលធ្វើអោយលោកមានការសោកស្តាយ ទៀត បងប្អូន៤នាក់ត្រូវបានគេសម្លាប់ទាំងអស់។ ជារៀងរាល់ឆ្នាំ លោកតែងមកចូលរួមពិធីរម្លឹកខួបថ្ងៃទី១៧ មេសានៅជម្ឈមណ្ឌលប្រល័យពូជសាស៍ជើងឯក ដើម្បី​រម្លឹកដល់វិញ្ញាណក្ខន្ធ អ្នកបានស្លាប់បាត់បង់ជីវិតទៅ រួមទាំងក្រុមគ្រួសាររបស់លោកផងដែរ។

បើទោះបីជាមិនត្រូវបានជម្លៀសដូចប្រជាជនដទៃទៀត ដូនជី សេង នាង ស្រុកកំណើតនៅខេត្ត ព្រៃវែង បានរម្លឹក​ពីសម្រាប់ការរស់នៅរបស់ដូនជី ថាមិនខុសពីប្រជានដទៃទៀតឡើយ ដូនជីត្រូវបានគេបង្ខំអោយធ្វើការងារធ្ងន់ៗ ជាច្រើនដូច រែកទំនប់ ភ្លឺស្រែ និងដកស្ទូងដោយគ្មានពេលទំនេរ រីឯការទទួលមិនដែលឆ្អែតនោះទេ។

ដូនជីនៅវត្តទួលសម្រោងរូបនេះ រៀបរាប់បន្តថា ដូនជីតែងតែងឃើញប្រជាពលរដ្ឋ ត្រូវគេដឹកទៅទាំងខ្សែៗ យក​ទៅ​សម្លាប់ កន្លែងដែលគេតែងតែហៅថា វាលតាប្រុញ ដោយអោយជីករណ្តៅដោយខ្លួនឯង។ ចំណែកឯព្រះថេរៈ​របស់​ដូនជី ក៏មានវាសនាមិនខុសពីប្រជាជនទាំងអស់ដែរ គឺត្រូវគេចាប់ផ្សឹក បន្ទាប់អោយចូលជាកងទ័ព រួចក៏ស្លាប់​បង់​ជីវិត​ក្នុងសមរភូមិទៅ។

អ្នកស្រី ម៉ែន សុភាព ដែលបានយកឱកាសថ្ងៃនេះ ទម្លាយការឈឺចាប់ ក្នុងពេលដែលអ្នកស្រីឆ្លងកាត់របប​ខ្មែរក្រហម​នោះ បានបញ្ជាក់ថាសាច់ញាតិអ្នកស្រីភាគច្រើន សុទ្ធសឹងជាអ្នករដ្ឋការ ត្រូវបានគេជម្លៀសចេញទៅរហូត ហើយ​គ្មានដំណឹងសូម្បីបន្ដិចថា ពួកគេនៅមានជីវិតឬយ៉ាងណានោះ។ ហើយការមកចូលរួមថ្ងៃនេះ ក្នុងគោលបំណង​មក​បង្សុកូល ឧទ្ទិសមគ្គផលដល់ប្រជាជនខ្មែរដែលបានស្លាប់ក្នុងរបបនោះ ជាពិសេសគឺសាច់ញាតិអ្នកស្រីដែលបាន​បាត់ដំណឹង​តាំងពីឆ្នាំ១៩៧៥។

អ្នកស្រីរៀបរាប់ដោយអារម្មណ៍ក្តុកក្តួលថា៖ «មានការក្តុក្តួលក្នុងចិត្ត គឺជំងឺចាស់យើងរើឡើងវិញ ដោយការ​ស្រណោះ​ស្រណោក នឹកឃើញសាកសព គំនរឆ្អឹង គំនរខោអាវអញ្ចឹង ធ្វើអោយអ៊ុំមានការឈឺចាប់ជាទីបំផុត»។

ភាពគ្មានជំនឿលើការកាត់ក្តីទៅលើមេដឹកនាំខ្មែរក្រហម

អ្នកស្រី ម៉ែន សុភាព ដែលតែងតែតាមដានដំណើរការកាត់ក្តីមេដឹកនាំខ្មែរក្រហម បានបង្ហាញភាព​មិនទុកចិត្ត​ទៅ​លើ​ដំណើរការកាត់ក្តី របស់សាលាក្តីនេះថា៖ «មើលទៅរាល់ថ្ងៃសង្ឃឹមដូចជាមិនសង្ឃឹមដែរ ដូចថាវាអង្វែងដែរហើយ ដូចជាគ្មានឃើញលទ្ធផល ជាដុំកំភួនសោះ។ ដូចជាគ្មានសង្ឃឹមថា នឹងរកយុត្តិធម៌អោយខ្មែរដែល​ស្តាប់ជាង៣លាន​នេះបានទេ។ ហើយត្រលប់ទៅត្រលប់មក កាត់ទោសបានតែឌុចម្នាក់ ហើយមេដឹកនាំខ្មែរក្រហមចេះតែស្លាប់​ជាបន្ត​បន្ទាប់។»

មិនខុសគ្មាដែរ លោក សុវណ្ណ មានទីលំនៅនៅចាក់អង្រែលើ បានអះអាងថា តាមដែលលោកតាមដានការកាត់ទោស ដូចជាមិនដំណើរការទៅមុខអីនោះទេ ដូចជាមានការរារាំង ហើយដំណើរការដដែល រីឯប្រជាពលរដ្ឋ​តែងតែ​ចាំមើល​ជានិច្ច។

យល់ស្របនិងការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើ ដូនជី សេង នាង បានរិះគន់ ចំៗថា «ខាងអន្តរជាតិ​ចេះតែ​បញ្ជូនលុយមកទាំងបាវៗ ហើយយកមកអោយតែគេចែកលុយគ្នាចាយ រីឯកាពិតរកមិនឃើញ»។ ចំពោះ​ភាព​យឺត​នៃសាលាក្តីកូនកាត់មួយនេះ ដូនជីរូបនេះបានទម្លាក់កំហុសថា ដោយសារមានមេដឹកនាំរដ្ឋាភិបាល​នៅពីក្រោយ​ខ្នង៕

---------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៧ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...