ផៃ ស៊ីផាន៖ ការលើកឡើងពីសាលាក្តីខ្មែរក្រហមរបស់បក្សប្រឆាំង ជាភាពល្ងង់ខ្លៅ
មន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានលើកឡើងថា សាលាក្តីខ្មែរក្រហមត្រូវបានបង្កើតឡើង ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះកម្ពុជា ហើយតុលាការមួយនេះ ដំណើរការទៅមុខបាន ចាំបាច់ត្រូវពឹងផ្អែកលើផ្លូវច្បាប់ និងកត្តារួមផ្សំផ្សេងទៀត ដោយមិនផ្អែកទៅលើបុគ្គលណាមួយ ឬគណបក្សនយោបាយណាមួយ នោះទេ។
សាលាក្ដី នៅពេលបើកសវនាការកាត់ទោស។ រូបថតរបស់សាលាក្ដី។
ច្បាប់ - «បើគាត់ (គណបក្សសង្រ្គោះជាតិ) តាមដានសាលាក្តីខ្មែរក្រហម គាត់ប្រាកដជាដឹងពីស្ថានភាពសាលាក្តីខ្មែរក្រហម ហើយអាចនិយាយពីការទទួលខុសត្រូវ និងមិនបានបង្ហាញពីភាពល្ងង់ខ្លៅ។ គ្នានអ្នកណាបង្ខំតុលាការឲ្យដើរតាមឆន្ទៈខ្លួននោះទេ គឺធ្វើតាមនីតិវិធីច្បាប់:» នេះជាការពន្យល់របស់លោកផៃ ស៊ីផាន មន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសម្ភាសមួយ ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ នេះ។
ការលើកឡើងរបស់លោក ផៃ ស៊ីផាន គឺបានកើតឡើងបន្ទាប់ពីគណបក្សសង្រ្គោះជាតិ បានជំរុញឲ្យពន្លឿន ការជំនុំជម្រះរបស់សាលាក្តីខ្មែរក្រហម ឲ្យបានឆាប់ ហើយបានអត្ថាធិប្បាយថា អ្នកដឹកនាំដែលកំពុងគ្រប់គ្រងប្រទេសកម្ពុជា មានជាប់ពាក់ព័ន្ធជាមួយអតីតមេដឹកនាំខ្មែរក្រហម ហើយថារដ្ឋាភិបាលកម្ពុជាបច្ចុបន្ន ហាក់ដូចជាគ្នានឆន្ទៈពិតប្រាកដ ក្នុងការស្វែងរកយុត្តិធម៌ដល់ពលរដ្ឋកម្ពុជា។
ប្រធានស្តីទីគណៈកម្មការប្រតិបត្តិ របស់គណបក្សសង្គ្រោះជាតិ លោកម៉ៅ មុនីវណ្ណ ក្នុងកម្មវិធីមួយនៅសង្កាត់ជើងឯក ជាយរាជធានីភ្នំពេញ នៅថ្ងៃទី១៧ មេសា នេះបានសង្កត់ធ្ងន់ថា៖ «គណបក្សសង្គ្រោះជាតិ នៅតែជំរុញឲ្យសាលាក្តីខ្មែរក្រហម បន្តស្រាវជ្រាវវែកមុខ មេដឹកនាំខ្មែរក្រហមបន្ថែមទៀត និង ឈានដល់ការកាត់ទោសដល់បុគ្គល និង ប្រទេសដែលពាក់ព័ន្ធផងដែរ។»
ចំពោះករណីនេះលោកផៃ ស៊ីផាន បានអត្ថាធិប្បាយថាអ្នកនយោបាយ គម្បីពង្រីកសមត្ថភាពរបស់ខ្លួន មុននឹងធ្វើការអត្ថាធិប្បាយអ្វីមួយ ដើម្បីជៀសវាងពីការខុសឆ្គង។ មន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាដដែលនេះ បានពន្យល់ថា៖ «រដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ប្រឹងប្រែងបំផុត ដើម្បីឆ្លើយតបឲ្យបានល្អចំពោះសាលាក្តីខ្មែរក្រហម។ បញ្ហាហិរញ្ញវត្ថុ និងនីតិវីធីច្បាប់ គឺជាកង្វល់របស់រដ្ឋាភិបាលជាមួយដៃគូពាក់ព័ន្ធ។»
ជាបន្តបន្ទាប់រដ្ឋាភិបាលកម្ពុជា តែងត្រូវទទួលរងការចោទប្រកាន់ពី គណបក្សជំទាស់ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ពិសេសមន្រ្តីផ្នែកច្បាប់ខាងភាគីអង្គការសហប្រជាជាតិ ដែលថារដ្ឋាភិបាលកម្ពុជា បានលូកដៃទៅក្នុងសាលាក្តីខ្មែរក្រហម ដែលអាចធ្វើឲ្យប៉ះពាល់ដល់ឯករាជ្យភាព របស់តុលាការ និងដំណើរការស្វែររកយុត្តិធម៌ ជូនពលរដ្ឋកម្ពុជា។ ការចោទប្រកាន់ដែលតែងតែច្រានចោល ដោយរដ្ឋាភិបាល៕
-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៧ មេសា ២០១៤