សាលា​ដំបូង​កោះ កឹម សុខា ជា​លើក​ទី​២ តែ​បក្ស​សង្គ្រោះ​ជាតិ​ថា​ជា​ការ​រំខាន​នយោបាយ

សាលាដំបូងរាជធានីភ្នំពេញបានចេញដីការកោះហៅ លោក កឹម សុខា ប្រធានស្តីគណបក្ស សង្គ្រោះជាតិ ជាលើកទី២ ឲ្យចូលខ្លួនបំភ្លឺនៅតុលាការនៅថ្ងៃទី៥ ខែកក្តដា ឆ្នាំ២០១៣ ខាងមុខនេះ ទាក់ទិនទៅនឹងបណ្តឹងរបស់លោក ជុំ ម៉ី ជនរងគ្រោះ និងជាអ្នករស់មានជីវិតពីការសម្លាប់នៅគុកទួលស្លែងដែលបានប្តឹងពីបទបរិហាកេរ្តិ៍ជាសាធារណៈ តែត្រូវបានគណបក្សប្រឆាំងដ៏ធំមួយនេះហៅថា ការជារំខានផ្នែកនយោបាយ។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: July 02, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញបានចេញដីការកោះហៅ លោក កឹម សុខា ប្រធានស្តីគណបក្សសង្គ្រោះជាតិ ជាលើក​ទី២ ឲ្យចូលខ្លួនបំភ្លឺនៅតុលាការនៅថ្ងៃទី៥ ខែកក្តដា ឆ្នាំ២០១៣ ខាងមុខនេះ ទាក់ទិនទៅនឹងបណ្តឹងរបស់លោក ជុំ ម៉ី ជន​រងគ្រោះ និងជាអ្នករស់មានជីវិត ពីការសម្លាប់នៅគុកទួលស្លែង ដែលបានប្តឹងពីបទបរិហាកេរ្តិ៍ជាសាធារណៈ តែត្រូវបាន​គណបក្សប្រឆាំងដ៏ធំមួយនេះហៅថា ការជារំខានផ្នែកនយោបាយ។


សាលាដំបូងរាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ O. Bory)

លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា លោកបានចេញដីកាកោះ​ជា​លើកទី២ឲ្យលោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិចូលខ្លួនមកបំភ្លឺ ករណីបណ្ដឹងរបស់លោកជុំ ម៉ី អតីត​អ្នក​ទោសគុកទួលស្លែង ពីបទបរិហារកេរ្ត៍ជាសាធារណៈ នៅថ្ងៃទី៥ កក្តដា ខាងមុខនេះ ។ លោកបានអះអាងថា ៖«ដីកាកោះ​ជាលើកទី២នេះ បានយកទៅដល់ការិយាល័យរដ្ឋបាល ស្នាក់ការគណបក្សសង្គ្រោះជាតិហើយ»។

លោក ជុំ ម៉ី ដើមបណ្ដឹងម្នាក់ក្នុងចំណោមបួននាក់ ពុំអាចធ្វើការទំនាក់ទំនងបានទេ ប៉ុន្តែលោកធ្លាប់មានប្រសាសន៍ពីមុន ថា លោកប្ដឹងលោក កឹម សុខា ទាមទារជំងឺចិត្ត ១ពាន់ដុល្លារ ហើយថវិការទាំងនោះ លោកយកដើម្បីទៅរៀបចំពិធីរំឭក​វិញ្ញាណក្ខន្ធ ដល់ជនរងគ្រោះនៅគុកទួលស្លែង។

លោក កឺម សុខា ពុំអាចទំនាក់ទំនង ដើម្បីធ្វើការអត្ថាធិប្បាយបានទេ។ ប៉ុន្តែ លោក ហូ វណ្ណ អនុប្រធាន គណៈកម្មាធិការ​វិន័យ គណបក្សសង្គ្រោះជាតិ បានថ្លែងឲ្យដឹងថា បើតាមគម្រោងរបស់លោក កឹម សុខា នោះគឺពុំមានពេលដើម្បី​ឡើងទៅ​តុលាការនោះទេ ដោយសារលោកជាប់រវល់ចេញទៅ ឃោសនាបោះឆ្នោត ហើយករណីនេះ គឺជារឿងមួយប្លែក ដោយ​សារ​តែតុលាការចាត់វិធានការលឿនបំផុត។ លោកបានប្រតិកម្មរថា ៖«ដីការរបស់តុលាការនេះគឺគ្រាន់តែជាការរំខាន មិនឲ្យ​គាត់បានធ្វើការយុទ្ធនាការបោះឆ្នោតតែប៉ុណ្ណោះ ពីព្រោះឆន្ទៈរបស់គាត់គឺគាត់នឹងឡើងតុលាការ នៅពេលដែល​បញ្ចប់​យុទ្ធនាការឃោសនាបោះឆ្នោត»។

លោក ជួ ជុងងី មេធាវីរបស់លោក កឹម សុខា បានថ្លែងឲ្យដឹងថា លោកពុំទាន់បានទទួលដីការនោះនៅឡើយទេ ហើយកូន​ក្តីរបស់លោក ក៏ពុំទាន់បានធ្វើការទំនាក់ទំនងមកលោកនៅឡើយទេ ប៉ុន្តែលោកបានដាក់ពាក្យពន្យាទៅ តុលាការរួច​ហើយ។ លោកបានពន្យល់ថា ៖ «ដោយសារកូនក្ដីខ្ញុំជាប់រវល់ ខ្ញុំបានដាក់ពាក្យពន្យាទៅតុលាការ ដោយគ្មានការកំណត់»។

រីឯ លោក កែម ឡី អ្នកវិភាគឯករាជ្យបានថ្លែងឲ្យដឹងថា ចំពោះចំណាត់ការរបស់តុលាការ ដែលធ្វើលឿននេះគឺវាល្អ​សម្រាប់​ប្រជាពលរដ្ឋកម្ពុជា ប៉ុន្តែតុលាការគួរតែធ្វើឲ្យដូចៗគ្នា ចំពោះពលរដ្ឋដទៃទៀត កុំធ្វើ«ប្លែកៗ»តែលើអ្នកនយោបាយ​ជាន់​ខ្ពស់។ លោកបានបកស្រាយថា ៖ «ប្រសិនបើអ្នកនយោបាយមានសេក្តីក្លាហាន គឺត្រូវតែចូលខ្លួនទៅតុលាការ ដើម្បី​តតាំង​គ្នារកនូវការពិត ហើយក៏អាចកែរប្រែប្រព័ន្ធតុលាការប្រសើរជាងមុន។ ជាពិសេសទៅទៀតនោះលោក កឹម សុខា ក៏អាច​ទាក់ទាញប្រជាប្រិយភាព បានបន្ថែមទៀតផងដែរ»។

សូមរម្លឺកថា អ្នកទោសរួចពីការស្លាប់ក្នុងគុកទួលស្លែង បានមកដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៤ មិថុនា ២០១៣ ដោយប្តឹងលោក កឹម សុខា ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ។ ហើយនៅថ្ងៃ៩ ខែមិថុនា លោក ជុំ ម៉ី បាន​ដឹកនាំបាតុករប្រមាណជា ១ម៉ឺននាក់ ទាមទារឲ្យលោក កឹម សុខា សុំទោសជនរងគ្រោះក្នុងរបបខ្មែរក្រហម ប៉ុន្តែ លោក កឹម សុខា បដិសេធ ដោយលោកទៅធ្វើវេទិការសាធារណៈមួយ នៅឯខេត្តកំពត។

កំដៅប្រតិកម្មនេះបានកើតឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងវាយប្រហារទៅលើលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ កាលពី២៧ ខែឧសភា ឆ្នាំ២០១៣ ថា លោកកឹម សុខា បានចាត់ទុកគុក​ទួលស្លែងឬ​មន្ទីរស២១ ជាគុកសិប្បនិម្មិត្តរបស់ខ្មែរក្រហមដែលរៀបចំឡើងដោយវៀតណាម។ ហើយក៏បានស្នើរទៅរដ្ឋសភា ឲ្យមាន​ការបង្កើតច្បាប់ថ្មីមួយ ដើម្បីដាក់ទោសអ្នកមិនទទួលស្គាល់ ការសម្លាប់មនុស្សក្នុងសម័យខ្មែរក្រហម៕

----------------------------------------------------
ដោយ៖ គិន ង៉ុយ - ភ្នំពេញ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...