របាយការណ៍៖ បញ្ជីឈ្មោះ«ខុស» នៅតែជាបញ្ហាសម្រាប់អ្នកទៅបោះឆ្នោតនៅកម្ពុជា
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: July 01, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មានប្រជាពលរដ្ឋមួយចំនួន នៅមានការព្រួយបារម្មណ៍ ចំពោះការមិនអនុញ្ញាតិឲ្យពួកគាត់ចូលរួម ក្នុងការបោះឆ្នោតនាពេលខាងមុខ ដោយបញ្ហាខុសឈ្មោះ អាយុ ឬភេទ។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោយពីទទួលបាន«ប័ណ្ណព័ត៌មានអ្នកបោះឆ្នោត» ចែកជូនដោយមេក្រុមនីមួយៗមក ពួកគាត់បានបញ្ចេញប្រតិកម្មភ្លាមៗ ចំពោះការសរសេរឈ្មោះខុសចុះក្នុងប័ណ្ណនោះ មានន័យថាឈ្មោះ មិនត្រឹមត្រូវតាមអត្តសញ្ញាណប័ណ្ណ ឬប័ណ្ណសម្គាល់ខ្លួនជាដើម ។
ហិបឆ្នោត ទទួលសន្លឺកឆ្នោតពីអ្នកបោះឆ្នោត។ (រូបថត news.cn)
លោកពូ សុគន្ធ បានប្រាប់មនោរម្យព័ងអាំងហ្វូ ថា លោកពូបានទទួល «ប័ណ្ណព័ត៌មានអ្នកបោះឆ្នោត» ហើយ ប៉ុន្តែឈ្មោះនេះបានសរសេរខុស ពីអត្តសញ្ញាណប័ណ្ណ។ លោកពូបន្តរថា ឈ្មោះនេះមិនមែនទើបតែខុសនោះទេ ខុសតាំងពីការបោះឆ្នោតក្នុងអាណត្តិទីបួនឆ្នាំ២០០៨ មកម្លេះ ហើយកាលនោះក៏មានការតវ៉ាដែរ តែមិនត្រូវបានដោះស្រាយឲ្យដោយ គ.ជ.ប ថ្នាក់ឃុំ/សង្កាត់ទេ ហើយលោកពូក៏ត្រូវបានបដិសេធ ដោយប្រធានការិយាល័យបោះឆ្នោតនោះ មិនអោយបោះឆ្នោតផងដែរ ដោយសំអាងហេតុផងថាខុសឈ្មោះនេះឯង។
ក្រោយការតវ៉ានេះ ក្នុងការបោះឆ្នោតក្រុមបក្រឹក្សាឃុំ/សង្កាត់ឆ្នាំ២០១២ ឈ្មោះរបស់លោកនៅតែខុសដដែល មិនមានអ្វីកែប្រែ ឬផ្លាស់ប្តូរតាមការស្នើសុំនោះឡើយ ជាពិសេសត្រង់ឈ្មោះរបស់លោក ត្រូវបានអ្នកដទៃចូលបោះទៅវិញ ហើយលោកពូនៅតែបាត់បង់នូវសិទ្ធិ ក្នុងការចូលរួមការបោះឆ្នោតជាលើកទីពីរ។
បុរសវ័យហុកសិបប្រាំបីឆ្នាំរូបនេះបន្តរថា ជាលើកទីបីដែលឈ្មោះនៅតែខុស ទោះជាលោកបានព្យាយាមតវ៉ា ទៅអាជ្ញាធរមូលដ្ឋានដើម្បីអន្តរាគម និងដោះស្រាយនោះក៏ដោយ។ លោកបញ្ជាក់យ៉ាងដូច្នេះថា «ជំនាន់អ៊ុនតាក់ក្នុងឆ្នាំ១៩៩៣ ខ្ញុំបានចូលរួមក្នុងការបោះឆ្នោតនេះ។ តែតាំងពីពេលដែលគេដឹងថាខ្ញុំមាននិន្នាការ ទៅលើគណបក្សផ្សេងក្រៅពីគណបក្សប្រជាជន ហេតុដូច្នេះហើយទើបគេរក"លេស"យ៉ាងណា ធ្វើឲ្យឈ្មោះខុសជានិច្ច នឹងមិនអាចទៅចូលរួមបោះឆ្នោតបាន»។
លោកពូបង្ហាញថា ឈ្មោះក្នុងអត្តសញ្ញាណប័ណ្ឌសរសេរថា«អ៊ុម» ប៉ុន្តែក្នុងងប័ណ្ណព័ត៌មាន អ្នកបោះឆ្នោតបែរជាសរេសរថា«អ៊ុំ»ទៅវិញ។ «មិនមានតែខ្ញុំទេ នៅមានប្រជាពលរដ្ឋជាច្រើនទៀត ក្នុងភូមិនេះ ដែលខុសដូចខ្ញុំដែរ។ អ្នកខ្លះខុសឈ្មោះ ខ្លះខុសឆ្នាំកំណើត ឬអាយុ ភេទ និងអាស័យដ្ឋានជាដើម»។
ដូចគ្នានេះដែរ បងស្រី ម៉ាឡៃ ក៏បានបញ្ជាក់ថា បងស្រីក៏មិនបានចូលរូមបោះឆ្នោត កាលពីលើកមុនៗដែរ (ឆ្នាំ២០០៨ និងឆ្នាំ២០១២) ដោយបញ្ហាខុសឈ្មោះនេះ។ បងស្រីបន្ថែមថា ឆ្នាំ២០១៣នេះ ឈ្មោះនៅតែខុសដដែល ហើយបងស្រីបានឲ្យមេក្រុម ជួយកែឲ្យបានត្រឹមត្រូវឡើងវិញ តែជាងដប់ថ្ងៃហើយ មេក្រុមនៅតែថាមិនទាន់បាននោះទេ។ បងស្រីថា ឈ្មោះក្នុងអត្តសញ្ញាណប័ណ្ឌសរសេរថា«ម៉ាឡៃ» ប៉ុន្តែក្នុងងប័ណ្ណព័ត៌មានអ្នកបោះឆ្នោត បែរជាសរេសរថា«ម៉ាល័យ»ទៅវិញ។
មនោរម្យព័ងអាំងហ្វូ មិនអាចសុំការបញ្ជាកើពីលោក មាស សយ មេភូមិត្រពាំងឈូកបានទេនៅថ្ងៃនេះ ដោយលោកជាប់ប្រជុំ។ តែលោក យឹម យ៉ែម មេហាសិបខ្នង បានបញ្ជាក់ថា ប័ណ្ណព័ត៌មានអ្នកបោះឆ្នោត នេះមិនមែនចេញដោយភូមិនោះទេ គឺចេញដោ គ.ជ.ប ហើយភូមិមានតួនាទីគ្រាន់តែដើរចែកប៉ុណ្ណោះ។ ចំពោះឈ្មោះដែលខុសវិញ ត្រូវបានបន្តិចបន្តួច ឬសូរស័ព្ទស្រដៀងគ្នា គ.ជ.ប នឹងធ្វើការកែតម្រូវឡើងវិញ។ លោកបន្តរថា មកទល់នឹងពេលនេះក្រុម ហាសិបខ្នងរបស់លោកមានឈ្មោះអ្នកខុសនោះត្រឹមតែ១០ភាគរយប៉ុណ្ណោះ ហើយអ្នកខុសទាំងនោះខាងភូមិព្យាយាម ដើម្បីធ្វើការកែសម្រួលជូនពួកគាត់ ឲ្យបានទាន់ពេលវេលា។
មេហាសិបខ្នងរូបនេះបញ្ជាក់ថា «មិនថាតែអ្នកដែលមានឈ្មោះខុសនោះទេ អ្នកគ្មានអត្តសញ្ញាណប័ណ្ណ ឬលិខិតបញ្ជា្កក់អត្តសញ្ញាណ ក៏ភូមិទទួលធ្វើឲ្យបានទាន់ពេលវេលាដែរ»។
ចំពោះបញ្ហាខាងលើ លោកទេព នីថា អគ្គលេខាធិការ គ.ជ.ប ក៏ធ្លាប់បានអះអាងថា គ.ជ.ប បានធ្វើការប្រកាសឲ្យពលរដ្ឋ មកពិនិត្យបញ្ជីឈ្មោះនេះរួចរាល់ហើយ និងមានការផ្សព្វផ្សាយបញ្ជីឈ្មោះ នៅលើគេហទំព័រ គ.ជ.ប (voterlist.org.kh) ក៏ដូចជាការហៅតាមរយៈប្រពន័្ធទូរស័ព្ធចល័តប្រាំខ្សែ ដោយឥតគិតថ្លៃនោះជាដើម។
បើយោងតាមលិខិតដែលចេញដោយ គ.ជ.ប កាលពីថ្ងៃទី២៨ មិថុនា ឆ្នាំ២០១៣នេះ អំពីការផ្ទៀងផ្ទាត់ឈ្មោះអ្នកបោះឆ្នោត ក្នុងបញ្ជីអ្នកបោះឆ្នោត ទៅនឹងឯកសារបញ្ជាក់អត្តសញ្ញាណ បានបញ្ជាក់ថា ក្រៅពីឯកសារដែលត្រឹមត្រូវ អ្នកដែលត្រូវបានអនុញ្ញាតឲ្យមានសិទ្ធិបោះឆ្នោតនោះ រួមមានដូចជា«ឈ្មោះសរសេរខុស ប៉ុន្តែមានសូរដូចគ្នា ឬខុសអក្ខរាវិរុទ្ធបន្តិចបន្តួច ហើយមានសូប្រហែលគ្នា»។ មួយវិញទៀតក្នុងលិខិតនេះបានបន្តរថា ប្រសិនបើឈ្មោះនេះ សរសេរខុសអក្ខរាវិរុទ្ធដូចជា ខ្វះឬលើសស្រៈ ព្យញ្ជនៈ ជើងអក្សរ វណ្ណយុត្ត នាំឲ្យមានសូរដូចគ្នា ហើយអនុញ្ញាតឲ្យបោះឆ្នោតបាន បើ ភេទ អាយុ និងអាស័យដ្ឋានដូចគ្នា ឬមួយទិន្ន័យពីរដូចគ្នា ក្នុងចំណោមទិន្ន័យទាំងបី(ភេទ អាយុ និងអាស័យដ្ឋាន)។ តែនឹង«មិនអនុញ្ញាត»ឲ្យបោះទេ បើទិន្ន័យទាំងបីខុសគ្នាទាំងស្រុង។
តែទោះជាយ៉ាងនេះក្តី ក្នុងស្ថានភាពជាក់ស្តែង សង្គមស៊ីវិលមួយចំនួនលើកឡើងថា ចំនួនអ្នកប្រើប្រាស់បណ្តាញគេហទំព័រ ឬអ្នកមានទូរស័ព្ទប្រើ មានតែ នៅតាមទីប្រជុំជននៃបណ្តាខេត្តមួយចំនួនប៉ុណ្ណោះ ដែលមិនអាចចាត់ទុកថា មានវិសាលភាពទូទាំងប្រទេសនោះឡើយ។
លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព(PDP) បានលើកឡើងថា អ្វីដែល គ.ជ.ប បានរៀបចំ (វា) ក៏អាចមានឧបសគ្គមួយចំនួន សម្រាប់ប្រជាពលរដ្ឋរស់នៅតាមទីជនបទ ក្នុងការពិនិត្យឈ្មោះបោះឆ្នោត និងការរួមបោះឆ្នោត។ លោកបានទទួលស្គាល់ថា គ.ជ.ប បានខិតខំកែទម្រង់ដែរ តែ(វា)តិចតួចប៉ុណ្ណោះ។ លោកបន្ថែមថាទោះជាយ៉ាងនេះក្តី ក៏គេមើលឃើញថាគ.ជ.ប នៅតែគ្មានឆន្ទៈធ្វើកំណែទម្រង់ ឲ្យបានពេញលេញតាមរយៈ ការបង្កើតឲ្យមានសមាសភាព មកពីគណបក្យដទៃទៀត ក្រៅពីសមាសភាពមកពីបក្សកាន់អំណាចនោះឡើយរ។ កំណែទម្រង់ដែលនឹងបង្កឲ្យមាន សមាសភាពជាចម្រុះបក្សក្នុង គ.ជ.ប ហើយលោកអះអាងថានឹងកើតមាន នូវប្រពន្ធ័បោះឆ្នោតមួយដែលមានភាពប្រសើរបំផុត។
តំណាងគណបក្សប្រឆាំងលោក រស់ សួរ ធ្លាប់បានបញ្ជាក់ថា នៅតាមមូលដ្ឋានមានការរើសអើង និងបក្សពួកនិយម។ លោកថាទាំងប្រធានភូមិ ឬសមានជិករបស់គ.ជ.ប ប្រចាំភូមិ/ឃុំ/សង្កាត់ មិនសូវយកចិត្តទុកដាក់ ជួយដោះស្រាយបញ្ហាជូនពលរដ្ឋណា ដែលមិនគាំទ្រគណបក្សរបស់ខ្លួននោះទេ ហើយករណីនេះមានសឹងតែគ្រប់ខេត្ត-ក្រុងទាំងអស់។
តំណាងបក្សប្រឆាំងរូបនេះ ក៏បានចោទទៅលើ គ.ជ.ប ថាបានប្រើប្រាស់នូវលក្ខណៈជាប្រពន្ធ័ សម្រាប់ការចែកនូវប័ណ្ណព័ត៌មាន ក៏ដូចជាជួយសម្រួលដល់អ្នកដែលគ្មានប័ណ្ណ គ្មានលិខិតបញ្ជាក់អត្តសញ្ញាណប័ណ្ណ ឬប័ណ្ណព័តមានអ្នកបោះឆ្នោតខុស ដែលជាសមាជិកបក្សរបស់ខ្លួនជាដើម។
-------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០១ កក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ