ជាម យៀប៖ ខួរក្បាលសម រង្ស៊ី ១០០មាន ៤០បារំាង ៤០អាមេរិក និងខ្មែរតែ២០
- ដោយ: ជា ធីរិទ្ធ
- កែប្រែចុងក្រោយ: September 28, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គឺជាតួលេខដែលផ្ដល់ដោយ មន្ត្រីជាន់ខ្ពស់មួយរូបរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការប្រកាស ធ្វើមហាបាតុកម្មលើកទី៣ របស់គណបកសង្គ្រោះជាតិ នៅថ្ងៃទី ២៣ ខែតុលាខាងមុខនេះ នៅទីលានប្រជាធិបតេយ្យរាជធានីភ្នំពេញ ដើម្បីបន្តទាមទាររកយុត្តិជូន ពលរដ្ឋ និងប្រឆាំងទៅនឹងលទ្ធផលបោះឆ្នោត ដែលប្រកាសដោយ គ.ជ.ប។ លោក ជាម យៀប បានប្រតិកម្មធ្ញន់ៗ ចំពោះការរៀបចំធ្វើមហាបាតុកម្មថា គ្មានប្រយោជន៍ និងបានរិះគន់យ៉ាងចាស់ដៃចំពោះមេបក្សប្រឆាំង។
លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី នៅក្នុងសន្និសិទការសែតគណបក្សសង្គ្រោះជាតិ ថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)
រាជធានីភ្នំពេញ - «សម រង្ស៊ី មានខួរក្បាល៤០ ភាគរយទៅបារាំង និង ៤០ ភាគរយទៀត ទៅអាមេរិក តែ រង្ស៊ី មានខួរក្បាលតែ ២០ ភាគរយប៉ុណ្ណោះ ដែលមកកម្ពុជា» នេះគឺជាសម្តីរបស់មន្រ្តីជាន់ខ្ពស់ លោក ជាម យៀប ដែលជាអ្នកតំណាងរាស្រ្តជិត ៣ទសវត្សរិ៍មកហើយ របស់គណបក្សប្រជាជនកម្ពុជា និងគណបក្សនេះឲ្យរហ័ស្សនាមថា ជា«បណ្ឌិតរដ្ឋ»ផងនោះ។ លោកបណ្ឌិតរដ្ឋ ជាម យៀប បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ ជុំវិញការធ្វើ មហាបាតុកម្មលើកទី ៣ របស់គណបក្សសង្គ្រោះជាតិ ដោយវាយប្រហារមិនសំចៃ ចំពោះ មេដឹកនាំបក្សប្រឆាំង គឺលោក សម រង្ស៊ី ថាជាមនុស្សមានស្មារតី«មិនប្រក្រតី» មិនគោរពតាមច្បាប់ និងជាអ្នកចង់ធ្វើឲ្យមានបញ្ហាជាប់គាំងនយោបាយនៅកម្ពុជា។
បណ្ឌិតរដ្ឋ ជាម យៀប បានបន្តថា ការដឹកនាំធ្វើមហាបាតុកម្មរបស់មេបក្សប្រឆាំង គឺជាមហាបាតុកម្ម«គ្មានប្រយោជន៍»អ្វី សម្រាប់អ្នកគាំទ្រខ្លួនឡើយ តែផ្ទុយទៅវិញធ្វើឲ្យអ្នក គាំទ្រខ្លួនត្រូវខាត បង់ប្រយោជន៍ថែមទៀត។ លោក ជាម យៀប បានបញ្ជាក់ថាប្រសិនបើ គណបក្សសង្គ្រោះជាតិដាក់ លិខិតទៅកាន់អង្គការសហប្រជាជាតិនោះ វាជារឿងហួសពេលទៅហើយ ពីព្រោះរដ្ឋសភានិង រដ្ឋាភិបាលថ្មីបានកើតឡើង«ស្រប»តាមច្បាប់ពេញលេញ។
ជាប្រតិកម្មឆ្លើយតប តាមរយៈទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម ប៉ុញ្ញឬទ្ធិ បានថ្លែងបញ្ជាក់ថា ការលើកឡើងរបស់លោក ជាម យៀប បែបនេះ វាគឺជាសិទ្ធិរបស់លោកតែប៉ុណ្ណោះ។ តែលោក ប៉ុញ្ញឬទ្ធិ គ្រាន់តែអះអាងថា សម្តីបែបនេះ របស់លោក ជាម យៀប គឺវាផ្ទុយពីជំហររបស់មេខ្លួន ពោលគឺលោក ហ៊ុន សែន ដែលធ្លាប់ប្រកាសពីពេលកន្លងទៅថា ឲ្យមានវេទិការសាធារណៈ។ វេទិកាសាធាណៈដែល លោក យ៉ែម បុញ្ញរិទ្ធ អះអាងថា ដូចជាការធ្វើមហាបាតុកម្មជាដើម ដែលអនុញ្ញាតឲ្យពលរដ្ឋបានបញ្ជេញមតិ និងរដ្ឋាភិបាលបានស្តាប់សំឡេងពលរដ្ឋទាមទារផងដែរ។
ជុំវិញបញ្ហានេះ ក្រុមអ្នកវិភាគនយោបាយនៅកម្ពុជា បានមើលឃើញថា វាគឺជាជំហានអវិជ្ជមានមួយទៀត សម្រាប់ស្ថានការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យគណបក្ស ទាំងពីរកាន់តែឃ្លាតឆ្ញាយពីគ្នា នៅក្នុងកិច្ចចរចាដើម្បីឈានទៅរកការឯក ភាពគ្នាដោះស្រាយបញ្ហរបស់ជាតិ។ មិនតែប៉ុណ្ណោះ បើអ្នកនយោបាយខ្មែរ នៅតែបន្តធ្វើសកម្មភាពពើងទ្រូងដាក់ គ្នា ចោទដាក់គ្នាទៅវិញទៅមក ដោយម្នាក់ៗគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ពោលគឺស្រេក ឃ្លាន អំណាច ដោយយកពលរដ្ឋជាឈ្នាន់ទេនោះ ពលរដ្ឋកម្ពុជានឹងត្រួវខាតបង់កាន់តែខ្លាំងឡើង ហើយមុខមាត់ប្រទេសនៅក្នុងឆាកអន្តរជាតិ នឹងត្រូវគេពេបជ្រាយជាមិនខាន។
ញ្ញត្តិដែលមានស្នាមមេដៃពលរដ្ឋជាង«៣លាន»នាក់
គណបក្សសង្គ្រោះជាតិ បានប្រកាសធ្វើមហាបាតុកម្មលើកទី ៣ របស់ខ្លួននៅថ្ងៃទី ២៣ ខែ តុលាខាងមុខនេះ នៅទីលានប្រជាធិបតេយ្យរាជធានីភ្នំពេញ ដើម្បីទាមរកយុត្តិជូនពលរដ្ឋ និងប្រឆាំងទៅនឹងលទ្ធផលបោះឆ្នោត ដែលប្រកាសដោយ គ.ជ.ប។ ការប្រកាសជំហរបែបនេះ បានធ្វើឡើងក្រោយពីកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ របស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃម្សិលមិញ។ មហាបាតុកម្មនោះ នឹងធ្វើឡើងចាប់ពីម៉ោង ៣:០០ ដល់ម៉ោង ៦: ០០ ល្ងាច ដើម្បីដង្ហែញត្តិទៅជូនអង្គការសហប្រជាជាតិ និងប្រទេសជាហត្ថលេខីនៃសន្ធិសញ្ញា ក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ តាមរយៈឧត្តមស្នងការអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពជា។
ញត្តិដែលគណបក្សសង្គ្រោះជាតិ គ្រោងនឹងដាក់ទៅកាន់អង្គការសហប្រជាជាតិ និងប្រទេសជាហត្ថលេខីនៃទីក្រុងប៉ារីសនោះ ត្រូវបានលោក សម រង្ស៊ី អះអាងថា នឹងមានស្នាមមេដៃពលរដ្ឋជាង ៣លាននាក់ ក្នុងគោលបំណងដើម្បីប្រឆាំងនឹងលទ្ធផលបោះឆ្នោត ដែលប្រកាស ដោយគ.ជ.ប ដោយឲ្យគណបក្សប្រជាជនទទួលជ័យជំនះ។ លោក សម រង្ស៊ី បានបញ្ជាក់ថា បច្ចុប្បន្នមន្រ្តីគណបក្សសង្គ្រោះជាតិ កំពុងតែរៀបចំប្រមូលនូវស្នាមមេដៃនេះហើយ៕
---------------------------------------------------------
ដោយ៖ ជា ធីរិទ្ធ - ថ្ងៃទី ២៨ កញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ