ចម្លាក់​ចម្លង​របស់​អង្គរ តាំង​ក្នុង​សារមន្ទីរ​សិល្បៈ​អាស៊ីនៅ​ប៉ារីស

«ចម្លាក់ចម្លងរបស់អង្គរ» មហាប្រាសាទដ៏ល្បី ដែលតំណាងឲ្យព្រលឹងជាតិ របស់ប្រទេសកម្ពុជា មានកិត្តិយស ត្រូវបាន​សារមន្ទីរសិល្បៈអាស៊ីមួយ នៅកណ្ដាលរដ្ឋធានីប៉ារីស ជ្រើសរើសយកមកតាំងបង្ហាញ ចាប់ពីថ្ងៃ១៦ ខែតុលាខាងមុខ។ ផ្ទាំង​ចម្លាក់ចម្លងជាច្រើន នៅផ្នែកខាងមុខៗ នៃប្រាសាទដ៏ស្កឹមស្កៃ នឹងត្រូវដាក់តាំងបង្ហាញ ជូនសាធារណជនចូលទស្សនា ដោយមានពន្យល់ប្រាប់ ពីប្រវត្តិរបស់វាផង រហូតដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤។
ចម្លាក់​ចម្លង​របស់​អង្គរ តាំង​ក្នុង​សារមន្ទីរ​សិល្បៈ​អាស៊ីនៅ​ប៉ារីស
សកម្មភាពលើកផ្ទាំងចម្លាក់ចម្លង «ហោជាង»មួយ នៃក្លោងទ្វានៅប្រាសាទអង្គរ។ (រូបថត សារមន្ទីរហ្គីម៉េ)
Loading...
  • ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី២៧ កញ្ញា ២០១៣
  • កែប្រែចុងក្រោយ: September 29, 2013
  • ប្រធានបទ: ចម្លាក់ចម្លង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រវត្តិនៃផ្ទាំងចម្លាក់ទាំងនេះ បាននាំមកជាមួយនូវភាពអស្ចារ្យរបស់វា គួរឲ្យកោតស្ងប់ស្ងែង។ វាបានចាប់​ផ្ដើម ពី​បេសកជន​បារាំងម្នាក់ឈ្មោះ ល្វី ឌឺឡាប៉ូត៍ (Louis Delaporte) ដែលបានបំពេញបេសកម្មរបស់ខ្លួន នៅតាម​បណ្ដោយ​ទន្លេងមេគង្គ រវាងពីឆ្នាំ១៨៦៦មកឆ្នាំ១៨៦៨ ហើយបានត្រឡប់មករុករកបន្តទៀត នូវមហារមនីយដ្ឋានអង្គរ​កប់បាត់​កណ្ដាលព្រៃជ្រៅដ៏​ក្រាស់ឃ្មឹក ហើយដែលនៅថ្ងៃនេះ រមនីយដ្ឋានដ៏វិសេសវិសាល បានក្លាយជាសម្បត្តិបេតិកភ័ណ្ឌ​វប្បធម៌ របស់​ពិភពលោក។

នៅឆ្នាំ១៨៧៣ បេសកជនបារាំងបានត្រឡប់ទៅទីនោះម្ដងទៀត ដើម្បីដើរផ្ដិតចម្លង យកនូវក្បាច់ចម្លាក់ដ៏ល្អៗទាំងឡាយ នៅផ្នែកខាងមុខ ឬតាមជញ្ជាំងនានា នៃមហាប្រាសាទខ្មែរ។ ប៉ុន្តែអ្នកធ្វើដំណើរផ្សងព្រេង នៃប្រវត្តិសាស្ត្រកម្ពុជារូបនេះ មិន​អាចរកបានសារមន្ទីរណាមួយឡើយ ក្នុងប្រទេសបារាំង ដើម្បីទទួលយកទៅតាំងបង្ហាញ នូវស្នាដៃគូសចម្លងរបស់គាត់។ យ៉ាងណា នៅប៉ុន្មានឆ្នាំក្រោយមក លោក ល្វី ឌឺឡាប៉ូត៍ នៅតែជំនះ រហូតគាត់បើកបានសារមន្ទីរតូចមួយ ស្ដីពិសិល្បៈខ្មែរ នៅក្នុងមហាគ្រឹះកុំពីជែង (Compiègne) ស្ថិតនៅប៉ែកខាងជើង នៃប្រទេសបារាំង។

ផ្ទាំងរូបចម្លាក់ចម្លង ត្រូវបានទទួលយកទៅរក្សាទុក នៅក្នុងវិមានត្រូកាដេរ៉ូ (Trocadéro) កណ្ដាលរដ្ឋធានីប៉ារីស ក្រោយពី​ពួកវា ត្រូវបានយកទៅដាក់តាំងបង្ហាញ ក្នុងព្រឹត្តិការណ៍ពិពណ៌សកលលោក នាឆ្នាំ១៨៧៨។ តែបន្ទាប់មក ផ្ទាំងចម្លាក់ចម្លង នៃរចនាបទអង្គរទាំងនោះ ត្រូវបានបំភ្លេចមិននឹកនារក ចាប់ពីឆ្នាំ១៩៣៦មក ខណៈដែលប្រទេសនានានៅអ៊ឺរ៉ុប បានធ្លាក់ខ្លួន​យ៉ាងជ្រៅ ទៅក្នុងសង្គ្រាមលោក​ដ៏ស្រួចស្រាវ។

ជាច្រើនទសវត្សរ៍កន្លងទៅ បូរាណវត្ថុដែលគេបំភ្លេចចោល នៅតែគ្មាននរណានឹកនារក រហូតដល់អ្នកអភិរក្សមួយរូប​ នៃ​សារមន្ទីរហ្គីម៉េ (Guimet) ឯកទេសខាងសិល្បៈអាស៊ី លោក ពីជ្យែរ បាទីស (Pierre Baptiste) បានចាប់អារម្មណ៍​ឡើងវិញ​ ពីស្នាដៃទាំងនេះ នៅឆ្នាំ១៩៩៦។ រកឃើញនៅក្នុងឃ្លាំងក្រោមដី វត្ថុបូរាណខាងលើ មានសភាពរាយប៉ាយ​គ្មានសណ្ដាប់ធ្នាប់ ហើយខ្លះទៀត​បានបែកបាក់ពីគ្នា ដែលគេបានរាប់ឃើញមានចំនួន រហូតដល់ទៅ១២០០បំណែក។ ពួកវាបានរួចផុត ពីការយក​ទៅកម្ទេច​ចោល នៅឆ្នាំ២០១១ ដោយសារមន្ទីរសិល្បៈអាស៊ី ហ្គីម៉េ បានបញ្ជូនចេញយកទៅរក្សាទុក ក្នុងសហគ្រាសមួយទៀត រហូត​មកដល់ថ្ងៃនេះ។

មុននឹងយកវា មកដាក់តាំងបង្ហាញឡើងវិញ គេត្រូវការរយៈពេលរហូតមួយឆ្នាំ ដើម្បីធ្វើការជួសជុល និងរៀបចំបិតបញ្ចូល​គ្នា។ បើទោះជាពួកវា ជាស្នាដៃចម្លងក៏ដោយ ក៏ពួកវា​នៅតែមាន​លក្ខណៈ​ពិសេស សម្រាប់អ្នកដែលស្គាល់ និងស្រឡាញ់ប្រាសាទអង្គរវត្ត ឬសម្រាប់​អ្នកស្រាវជ្រាវ​បូរាណវត្ថុ​ទាំងឡាយ។ ផ្ទាំងចម្លាក់ទាំងនោះ មានសភាពបែកបាក់ ខូចខាតជាច្រើន ប៉ុន្តែវានៅតែមានសភាពល្អ បញ្ចេញក្បាច់ច្បាស់ៗ បើ​ប្រៀបធៀបនឹងក្បាច់ចម្លាក់ដើម នៅជាប់នឹងប្រាសាទ ដែលមានអាយុច្រើនរយឆ្នាំ និងនៅហាលខ្យល់ហាលភ្លៀង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...