ទូរស័ព្ទ មាជ សុវណ្ណារ៉ា ត្រូវ​បាន​ដក​ហូត​ភ្លាម​តាម​បញ្ជា​នាយករដ្ឋមន្ត្រី

មិនបានមួយម៉ោងស្រួលបួលផងទេ ក្រោយបញ្ជារបស់លោក ហ៊ុន សែន ដែលដាក់កំហិត ឲ្យដកទូរស័ព្ទចេញពីលោក មាជ សុវណ្ណារ៉ា នោះ មន្ត្រីពន្ធនាគារបានអនុវត្តតាមបញ្ជានោះ យ៉ាងមានប្រសិទ្ធិភាព។
ទូរស័ព្ទ មាជ សុវណ្ណារ៉ា ត្រូវ​បាន​ដក​ហូត​ភ្លាម​តាម​បញ្ជា​នាយករដ្ឋមន្ត្រី
លោក មាជ សុវណ្ណរ៉ា និងកូនស្រីច្បងរបស់លោក។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៧ មីនា ២០១៨
  • កែប្រែចុងក្រោយ: March 27, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រៅពីបញ្ជា ឲ្យដកទូរស័ព្ទចេញពីលោក មាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ក្នុងពន្ធនាគារព្រៃសនោះ លោក ហ៊ុន សែន នៅបានបញ្ជា ឲ្យ​មន្រ្តី​ជំនាញ បើកការស៊ើប​អង្កេត ពី​ប្រព័ន្ធ​ទាក់​ទង​របស់​លោក មាជ សុវណ្ណារ៉ា បន្ថែម​ទៀត។

ហើយបន្ទាប់ពីបញ្ជានោះ ត្រូវបានប្រកាស ដោយលោក ហ៊ុន សែន នៅក្នុងពិធីចែកសញ្ញាប័ត្រ ដល់ក្រុមនិស្សិត កាលពីព្រឹកម៉ិញ បានប្រមាណ មិនដល់មួយម៉ោងផង មន្ត្រីពន្ធនាគារព្រៃស «ម១» ក៏បានចូលទៅដកទូរស័ព្ទ ពីលោក មាជ សុវណ្ណរ៉ា រួចហើយភ្លាមដែរ។ នេះបើតាមប្រភព ពីមន្ត្រីក្រសួងមហាផ្ទៃ ដែលបានថ្លែងឲ្យដឹង នៅមុននេះ។

បទបញ្ជារបស់លោក ហ៊ុន សែន ត្រូវបានធ្វើឡើង ជាមួយនឹងការស្ដីបន្ទោសជាច្រើន ក្នុងនោះមានព្រមាន​ដកប្រធាន​ពន្ធនាគារ និងអគ្គស្នងការនគរបាលជាតិ ចេញពីតំណែងនោះផង។ លោកថ្លែងឡើងថា៖ «បើ​អាមេ​គុក​ហ្នឹង​គ្រប់​គ្រង​មិន​បាន​ទេ ដូរ​អាមេ​គុក​ហ្នឹង​ចោល​ទៅ»។

លោកនាយករដ្ឋមន្ត្រី បានឲ្យដឹងថា លោកបាន​បញ្ជា ​ឲ្យ​ប្រធាន​ពន្ធនាគារ ដក​ហូត​ទូរស័ព្ទ ពី​លោក មាជ សុវណ្ណរ៉ា ពីរ​ដង​រួច​ទៅ​ហើយ ប៉ុន្តែគ្មាន​ចំណាត់​ការ​ណា​មួយ ដែលត្រូវបានអនុវត្តន៍តាម​នោះទេ និងបណ្ដោយឲ្យលោក មាជ សុវណ្ណរ៉ា នៅតែប្រើប្រព័ន្ធទូរស័ព្ទ នៅក្នុងពន្ធនាគារ ដើម្បីផ្ញើរសារនយោបាយ វាយប្រហាររដ្ឋាភិបាល ដោយសេរី។

បន្ថែមពីលើនេះ លោក ហ៊ុន សែន ឆ្លៀតផ្ញើរសារនយោបាយថា លោក មាជ សុវណ្ណរ៉ា នឹងមិនត្រូវបានលើកលែងទោស ជាដាច់ខាត។ បុរសខ្លាំងកម្ពុជា បានថ្លែងឡើងថា៖ «ឥលូវខ្ញុំបញ្ជារឲ្យប៉ូលិស ទៅដកទូរស័ព្ទ មាជ សុវណ្ណារ៉ា ចេញភ្លាម ហេតុអីបានឲ្យ មាជ សុវណ្ណារ៉ា ប្រើទូរស័ព្ទនិយាយ​បាន​រាល់ថ្ងៃ ត្រូវតែដកយក​មកភ្លាម ហើយសូមផ្តាំទៅ [មាជ សុវណ្ណរ៉ា វិញថា] ជាប់គុកអត់ថ្ងៃចេញទេ»។

លោក មាជ សុវណ្ណារ៉ា ព្រមទាំងសកម្មជន របស់គណបក្សសង្រ្គោះជាតិ ១០នាក់ទៀត ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីអំឡុងចុងឆ្នាំ២០១៤ ជុំវិញការប៉ះទង្គិច រវាងកងសន្និសុខខណ្ឌដូនពេញ នៅក្នុងបាតុកម្មតវ៉ាមួយ នៅលើស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ។ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោស លោក មាជ សុវណ្ណារ៉ា ឱ្យជាប់ពន្ធនាគារ២០ឆ្នាំ ពីបទដឹកនាំកុបកម្ម។

ប៉ុន្តែការចោទ និងការផ្ដន្ទាទោសនេះ ត្រូវ​បាន​ក្រុមគ្រួសារ​របស់លោក មាជ សុវណ្ណារ៉ា ក៏ដូចជា​មន្ត្រីបក្សប្រឆាំង រួមនឹងក្រុម​អង្គការសិទ្ធិមនុស្សផង ចាត់ទុកថា ជាភាពអយុត្តិធម៌មួយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...