នៅ​កម្ពុជា ពូកែ​បង្ក្រាប នឹង​បាន​ឡើង​បុណ្យ?

មជ្ឃដ្ឋានទូទៅបានមើលឃើញថា មន្ត្រីណាដែលបានដឹកនាំការបង្ក្រាបបានជោគជ័យ ទៅលើប្រជាពលរដ្ឋដៃទទេ ក្នុង​ការ​បញ្ចេញ​មតិ ឬការអនុវត្តសិទ្ធសេរីភាពខ្លួនតាមច្បាប់រដ្ឋនោះ មន្ត្រីនោះតែងត្រូវបានថ្នាក់លើ របស់ខ្លួនសរសើរ និងលើក​ទឹក​ចិត្ត​តាម​រយៈ​ការ​តម្លើង​«ស័ក្ក» និង«ឋានៈ»ជាដើម។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍ ៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី២៦ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 27, 2014
  • ប្រធានបទ: ថានៈ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីបាន​បង្ក្រាប​យ៉ាង​សកម្ម និង​បានចាប់ឃុំខ្លួន ទៅ​លើ​សកម្ម​ជន​ដី​ធ្លី សិទ្ធិ​មនុស្ស យុវជន និង​សកម្ម​ជន​គណបក្ស​ប្រឆាំង​ជា​ដើម បាន​ទទួល​ជោគ​ជ័យ​រួច មន្ត្រី​មួយ​ចំនួន ដែល​ដឹក​នាំ​សមត្ថកិច្ច​ចម្រុះ ឬ​សន្តិសុខ​នោះ តែង​ត្រូវ​បាន​តម្លើង​«ស័ក្ក» និង​«ឋានៈ» ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត ប្រកប​ដោយ​កិត្តិយស​យ៉ាង​ថ្លៃ​ថ្នូ បើ​ទោះ​ជា​មន្ត្រី​នោះ​ស្ថិត​នៅ​ក្នុង​ជួរ​នគរបាល ឬ​ក្នុង​ជួរ​ទាហាន​ក្ដី។ នេះ​ជា​ការ​កត់​សម្គាល់​របស់​មជ្ឈដ្ឋាន​ទូ​ទៅ បន្ទាប់​ពី​អនុក្រិត្យ​តម្លើង​ថានៈ​មួយ ទើប​នឹង​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ ទៅ​លើ​មន្ត្រី​មួយ​ចំនួន​ដែល​គេ​ស្គាល់​ថា ស្ថិត​នៅ​លំដាប់​ជួរ​មុខ ក្នុង​ការ​ដឹក​នាំ​កម្លាំង​ទៅ​បង្ក្រាប​ការ​ទាម​ទារ​តវ៉ា របស់​ពលរដ្ឋ​កន្លង​មក។

អនុក្រឹត្យ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ម្សិលម៉ិញនេះ ដែល​ចុះ​ហត្ថលេខា ដោយប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានធ្វើការតែងតាំងមុខតំណែងថ្មី បន្ថែម​ពី​លើ​មុខ​តំណែងចាស់ ទៅលើមន្រ្តីនគរបាលជាតិ​កម្ពុជា​ចំនួនបីរូប។ អនុក្រឹត្យនោះ បានតែងតាំង​លោក ម៉ក់ ជីតូ ប្រធាន​នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ទៅជា​អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាន​នគរបាល​ជាតិ - តែង​តាំង​លោក ហ៊ឹម យ៉ាន ប្រធាននាយកដ្ឋានកណ្ដាល​សណ្ដាប់ធ្នាប់សាធារណៈ ទៅជា​អគ្គ​ស្នងការ​រង នៃ​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ និងតែងតាំងលោក ទូច ណារ៉ុថ ជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ដែលជា​ប្រធាន​នាយក​ដ្ឋានអង្គរក្ស និងជាអតីតស្នងការ​នគរបាល​រាជធានី​ភ្នំពេញ។

តាមពិតទៅ ការតម្លើងស័ក្ត និងឋានៈអ្វីក៏ដោយ សម្រាប់មន្រ្តីនៃបណ្តាក្រសួងនីមួយៗ នៅប្រទេសកម្ពុជា មិន​មានអ្វីចម្លែកនោះទេ។ នេះបើតាមការលើកឡើង របស់នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល។

ប៉ុន្តែអ្វីដែល លោក ព្រាប កុល ចង់សុំឲ្យធ្វើការថ្លឺងថ្លែងឲ្យច្បាស់ មុននឹងឈានដល់ការតម្លើងស័ក្តទាំងនោះ គេចាំបាច់ត្រូវដឹងថា តើមានអ្វីដែលជាមូលដ្ឋាន? នាយកអង្កការតម្លាភាពរូបនេះ បានថ្លែងប្រាប់​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ទៀតថា៖ «ត្រូវមានការវាយតម្លេពីស្នាដៃ ពីសមត្ថភាព។ ត្រូវឆ្លងកាត់ការបង្កើត​គណកម្មការ​វាយតម្លៃ និងពិនិត្យ ជាមួយនឹងការសរសេរជាលាយលក្ខអក្សរទុក ក្រោយពីមានការឯកភាពគ្នាពី​គណកម្មការ។»

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មិនអាចធ្វើការទាក់ទងដើម្បីសុំការបញ្ជាក់បានទេ នៅពេល​នេះ។

គោលការណ៍ប្រាំយ៉ាង...

កាលពីដើមឆ្នាំ២០១៤នេះ ក៏មានការតម្លើង«ផ្កាយ»ជាច្រើន ទៅឲ្យមន្រ្តីយោធាកម្ពុជាមួយចំនួនដែរ។ ការ​តម្លើង​ថានៈបានធ្វើឡើង បន្ទាប់ពីមន្ត្រីយោធានោះ បានដឹកនាំកម្លាំងទាហាន ប្រដាប់ដោយអាវុធសម្រាប់​ធ្វើ​សង្គ្រាម ទៅបង្ក្រាបការទាមទារតវ៉ារបស់ក្រុមកម្មករ ដែលគ្រាន់តែទាមទារនូវសិទ្ធិ និងសេរីភាព។

អ្នក​ស្រាវជ្រាវផ្នែកសង្គម លោក កែម ឡី ធ្លាប់បានរិះគន់ចំពោះ ការតម្លើងឋានន្តរសក្តិ ដល់នាយទាហាន​ជាន់​ខ្ពស់​ទាំងនេះ ថាមិនមែនជាការប្រើប្រាស់ នូវ«ច្បាប់»ទម្លាប់ទេ តែវាជាការជំនួសមកវិញ នូវការប្រើប្រាស់​អារម្មណ៍ ការប្រើប្រាស់កំហឹង ប្រើប្រាស់ការផ្ចាញ់ផ្ចាល ឬការឌឺដង ជនរងគ្រោះ ឬប្រជាពលរដ្ឋ ក្នុងរបៀប​គ្រប់គ្រង​ប្រទេស របស់រដ្ឋាភិបាលទៅវិញ។

លោក កែម ឡី បានធ្វើការពន្យល់ តាមរយៈបទសម្ភាសមួយជាមួយទស្សនាវដ្ដី នូវគោលការណ៍ប្រាំយ៉ាង នៃ​ការតម្លើងទាំងនោះថា ទីមួយត្រូវមាន​ជំនាញពិត​ប្រាកដ ទីពីរត្រូវមានបទពិសោធខ្ពស់ ទីបីត្រូវមានការ​រៀន​សូត្រពីផ្នែកយោធាឲ្យបានច្បាស់លាស់ ទីបួនត្រូវមាន​សីលធម៌ល្អក្នុងការប្រតិបត្តិការងារ និងទីប្រាំត្រូវ​មាន​ស្នាដៃក្នុងការរក្សាសន្តិភាព សន្តិសុខសង្គម និងការកសាង​សមត្ថភាពដោយខ្លួនឯង។ ជាមួយគ្នានេះ លោក​ក៏ស្នើសុំឲ្យជៀសវាងនូងការលក់ដូរ ក្នុងការតម្លើងឋានៈនេះ​ ដែល​ជាមុខ​របរសម្រាប់រកផលចំណេញ និង​ជៀសវាងនូវបក្សពួកនិយម ធ្វើយ៉ាងណាឲ្យមាន«សុច្ចរិតភាព»សង្គម៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...