ហ៊ុន សែន ប្ដូរតំណែងឧត្ដមសេនីយ៍ម្នាក់ ដើម្បីទទួលបានការគាំទ្រ
- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី៣០ មិថុនា ២០១៦
- កែប្រែចុងក្រោយ: June 30, 2016
- ប្រធានបទ: នយោបាយ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យុទ្ធនាការរបស់លោក ហ៊ុន សែន ដើម្បីទទួលបាន«ការគាំទ្រ»ពីពលរដ្ឋ នៅលើបណ្ដាញសង្គម កំពុងបន្តធ្វើទៅមុខ។ ប៉ុន្តែបើទោះ ជានាយករដ្ឋមន្ត្រីកម្ពុជាខ្លួនឯងអះអាងថា ការអនុវត្តន៍«វិន័យ»នេះ បានធ្វើឡើងព្រោះលោកសង្ឃឹម ថានឹងទទួលបានការគាំទ្រពីពលរដ្ឋ និងព្រោះការផ្ដល់យោបល់ ពី«បងប្អូនមួយចំនួន ដែលផ្តល់មតិតាម Facebook» នោះក៏ដោយ តែយ៉ាងហោចណាស់ វាជាសារព្រមានមួយ ទៅកាន់មន្ត្រីអនុវត្តន៍ច្បាប់ជាច្រើន ដែលតែងប្រើអំណាច នៃបុណ្យស័ក្ដិ ឬតួនាទីរបស់ខ្លួន គ្របសង្កតទៅលើមន្ត្រីថ្នាក់ក្រោម ឬទៅលើពលរដ្ឋស្លូតត្រង់គ្មានអំណាច។
ហើយការអនុវត្តន៍ «វិន័យ» នេះទៀតសោធ ក៏មិនមែនជាចំណាត់ការជាស្ថាពរ របស់នាយករដ្ឋមន្ត្រី ទៅលើមន្ត្រី«គ្រាក់»រូបនោះដែរ តែវាជាការ«កែតម្រូវ»ចុះឡើង ពីអ្វីដែលលោកបានលើកឡើង ម្ដងជាពីរដង ក្នុងពេលមុននេះ។ លោក ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៨ និង១១នាទីថា៖ «បន្ទាប់ពីខ្ញុំចាត់វិធានការ លើលោកឧត្តមសេនីយ៍ ក្នុងរយះពេលដែលខ្ញុំមិនទាន់ចុះហត្ថលេខា លើឯកសារផ្លូវការ (នោះ) ខ្ញុំសូមធ្វើការកែតម្រូវ លើវិធានការដូចខាងក្រោម»។
នាយករដ្ឋមន្ត្រីបីទសវត្សន៍របស់កម្ពុជា បានសរសេរបន្តថា៖ «អនុវត្តន៍វិន័យ ចំពោះលោកឧត្តមសេនីយ៍ ម៉ម ស្រុីមវណ្ណា ដោយដកតួនាទី ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប៉ុន្តែរក្សាទុកឋានន្តរសក័្ក ជាឧត្តមសេនីយ៍ឯក នៃនគរបាលជាតិតទៅទៀត។ នាពេលខាងមុខ ប្រសិនលោក ម៉ម ស្រុីមវណ្ណា ស្គាល់កំហុសនិងធ្វើការកែប្រែ ក្រសួងមហាផ្ទៃអាចលើកសំណើរតែងតាំង ក្នុងមុខដំណែងណាមួយសមស្រប។ នេះជាឱកាសសំរាប់ការកែខ្លួន។ (តែ) ក្នុងករណីមិនកែប្រែ (នោះ)វិន័យនឹងមានបន្តទៀត។»។
លោក ហ៊ុន សែន បានសរសេរទៀតថា មន្ត្រីនគរបាលចរាចរណ៍ «ដែលប្រើសំដីមិនគប្បី» នឹងត្រូវទទួលការអប់រំ ហើយទទួលការងារ ជាប្រក្រតីឡើងវិញ។ ជាពិសេស«ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ ត្រូវធ្វើការអប់រំនគរបាលចរាចរណ៍ទូទាំងប្រទេស អំពីសីលធម៍ សុជីវធម៍ វិន័យ។ល។ ត្រូវសុភាពរាបសារ តែហ្មឺងម៉ាត់ក្នុងការអនុវត្តច្បាប់។»។
ជាការរំលឹកពីសាច់រឿងឡើងវិញ កាលពីយប់ថ្ងៃពុធទី២៩ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ២៣និង២៧នាទី លោក ហ៊ុន សែន បានយករូបខាងក្រោមនេះ មកបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក ជាមួយនឹងសារសរសេរថា៖ «ប្រសិននេះជារឿងពិត ខ្ញុំនឹងប្រើប្រាស់អំណាចខ្ញុំ ជានាយករដ្ឋមន្ត្រី ដើម្បីដកឋានៈ និងស្នើសុំព្រះមហាក្សត្រ ដកឋានន្តរស័ក្តិ និងបណ្តេញចេញ ពីក្របខ័ណ្ឌនគរបាលជាតិតែម្តង»។
មួយសន្ទុះក្រោយមកទៀត លោក ហ៊ុន សែន បានយកវីដេអូ នៃហេតុការណ៍ ជម្លោះរវាងមន្ត្រី«គ្រាក់» និងមន្ត្រី«ថ្នាក់ក្រោម» ដែលជាប់ពាក់ព័ន្ធទាំងសងខាង មកបង្ហោះបន្ថែម។ លោកបានសរសេរទៀតថា៖ «លោកឧត្តមសេនីយ័ទូរស័ព្ទ ទៅស្នងការរងក្រុង ឱ្យអប់រំនគរបាលចរាចរណ៌ ដែលចង់ផាកគាត់»។
បើគេតាមដានឲ្យបានដិតដល់ គេនឹងដឹងថា ការយកចិត្តទុកដាក់ ស្រាវជ្រាវអង្កេត របស់លោក ហ៊ុន សែន បានកើតឡើងរវាងគ្នា តែប៉ុន្មានម៉ោងប៉ុណ្ណោះ។ ព្រោះនៅវេលាម៉ោង១និង២៨នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ (ពីរម៉ោង ក្រោយសំណេរទីមួយ ទាក់ទងករណីខាងលើ) លោកនាយករដ្ឋមន្ត្រី បានបង្ហោះសេចក្ដីសម្រេច «ទីមួយ» របស់លោកដូច្នេះថា៖ «ខ្ញុំបានស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ និងស្តាប់សារចុះសារឡើងនូវការនិយាយរបស់ លោកឧត្តមសេនីយ៍។ ពាក្យ "អាប៉ូលីសចរាចរណ៌" ជាពាក្យមិនត្រឹមតែប្រមាថ មើលងាយថ្នាក់ក្រោមប៉ុណ្ណោះទេ តែជាការប្រមាថ ដល់ស្ថាប័ននគរបាលចរាចរណ៌ទាំងមូល។ (...) ខ្ញុំអត់មានជម្រើសឱ្យល្អ ក្រៅពីសំរេចចិត្តទាំងការឈឺចាប់ និងសោកស្តាយ ដើម្បីដកតំណែងនិងឋានន្តរស័ក្តិ ព្រមទាំងបណ្តេញគាត់ ចេញពីនគរបាលប៉ុណ្ណោះ។»៕
» វីដេអូ នៃហេតុការណ៍ជម្លោះរវាងមន្ត្រីថ្នាក់«គ្រាក់» និងមន្ត្រី«ជាន់ក្រោម»៖