សម រង្ស៊ី ប្រកាសជាផ្លូវការចូលជាសមាជិក CNRP វិញ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៥ វិច្ឆិកា ២០១៧
- កែប្រែចុងក្រោយ: November 15, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក សម រង្ស៊ី មេដឹកនាំប្រឆាំងធំជាងគេ និងជាគូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាផ្លូវការ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ វិលចូលក្នុងគណបក្សសង្គ្រោះជាតិរបស់លោកវិញ បន្ទាប់ពីលោកបានប្រកាសលាចេញ អស់រយៈពេលជាច្រើនខែកន្លងមក និងស្របពេលដែលគណបក្សប្រឆាំងដ៏ធំមួយនេះ កំពុងប្រឈមនឹងការរំលាយចោល ពីសំណាក់តុលាការកំពូល ដែលនឹងត្រូវបើកសវនាការជំនុំជម្រះ នៅថ្ងៃស្អែក។
តែបើទោះជាគណបក្ស ត្រូវគេរំលាយ ឬមិនរំលាយក៏ដោយ លោក សម រង្ស៊ី បានអះអាងនៅក្នុងសេចក្ដីប្រកាសនោះថា លោកនៅតែចូលជាសមាជិក របស់គណបក្សសង្គ្រោះជាតិវិញដដែល។ លោកបានបង្ហាញពីហេតុផល «ខ្លាំងៗ» ជាមួយនឹងពាក្យ «ច្បាប់តិរច្ឆាន» ច្រើនដង ក្នុងសំណេររបស់លោក បង្ហោះលើបណ្ដាញសង្គម ដូចការដកស្រង់ទាំងស្រុងខាងក្រោមថា៖
១- ករណី គេរំលាយគណបក្សសង្គ្រោះជាតិ
ខ្ញុំបានលាលែងពីសមាជិកភាព គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃ ១១ កុម្ភៈ ២០១៧ ដើម្បីកុំឲ្យគេយកលេស រំលាយគណបក្សសង្គ្រោះជាតិ តាមច្បាប់តិរច្ឆានរបស់គេ ដែលសំដៅមករូបខ្ញុំ ក្នុងគោលបំណងកុំឲ្យគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធជាមួយរូបខ្ញុំទៀត។ តែដោយសារតែ ពេលនេះ គេនៅតែរំលាយគណបក្សសង្គ្រោះជាតិ ដដែល ដោយមិនអាស្រ័យលើសមាជិកភាពរបស់ខ្ញុំឡើយ ខ្ញុំត្រូវតែចូលធ្វើជាសមាជិកគណបក្សសង្គ្រោះជាតិវិញ។ គណបក្សសង្គ្រោះជាតិនេះ ត្រូវគេរំលាយ តែនៅលើក្រដាស រៀបចំដោយរដ្ឋអំណាចតិរិច្ឆានតែប៉ុណ្ណោះ។ តាមការពិត គណបក្សសង្គ្រោះជាតិ នៅតែរស់រវើក ក្នុងបេះដូងប្រជារាស្ត្រខ្មែរ និងចំពោះមុខសហគន៍អន្តរជាតិ ដែលចាត់ទុកអ្នកតំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ ថាជាតំណាងរាស្ត្រស្របច្បាប់ និងពេញសិទ្ធិ ដដែល ដោយគ្មានអ្វីប្រែប្រួលឡើយ។
២- ករណី គេមិនរំលាយគណបក្សសង្គ្រោះជាតិ
ការដែលគេមិនអាចរំលាយ គណបក្សសង្គ្រោះជាតិ ទោះជាគេបានធ្វើការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរ ហើយបានរកលេសផ្សេងៗទៀត យ៉ាងណាក៏ដោយ ក្នុងគោលបំណងរំលាយ គណបក្សសង្គ្រោះជាតិ មានន័យថា វត្តមានរបស់ខ្ញុំ ក្នុងជួរគណបក្សសង្គ្រោះជាតិ មិនមានសារៈសំខាន់អ្វីឡើយ ក្នុងការប៉ុនប៉ងមិនបានសម្រេចរបស់គេ ហើយច្បាប់តិរច្ឆានរបស់គេ ពាក់ព័ន្ធនឹងរូបខ្ញុំ ក៏អស់មានសារៈប្រយោជន៍អ្វីឡើយ សម្រាប់ពួកគេ។
មេដឹកនាំប្រឆាំងរូបនេះ បានថ្លែងទៅកាន់បណ្ដាអ្នកគាំទ្រដូច្នេះថា៖ «សូមបងប្អូនជនរួមជាតិ ចាត់ទុកថា ខ្ញុំបានវិលត្រឡប់មក គណបក្សសង្គ្រោះជាតិវិញហើយ ចាប់ពីថ្ងៃនេះទៅ»។
នៅក្នុងសិក្ខាសាលា ស្តីពី «សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា» កាលពីថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា (ត្រូវជាព្រឹកថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ម៉ោងនៅកម្ពុជា) ក្នុងក្រុង ឡុងប៊ិច (Long Beach) នៃរដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក លោក សម រង្ស៊ី បានថ្លែងអះអាងពីការត្រឡប់ មករកជីវភាពនយោបាយ ក្នុងនាមជាសមាជិក របស់គណបក្សសង្គ្រោះជាតិ ដែលលោក និងលោក កឹម សុខា បានរួមគ្នាបង្កើតឡើង កាលពីឆ្នាំ២០១២ ក្នុងរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។
នៅពេលនោះ លោកបានអះអាងថា លោកមិនត្រឡប់ ទៅធ្វើជាប្រធានគណបក្ស ឡើងវិញនោះទេ តែគ្រាន់តែជា«សមាជិកសាមញ្ញ»មួយរូប ដូចសមាជិកដទៃទៀតប៉ុណ្ណោះ។ លោកបានហៅការត្រឡប់ ចូលគណបក្សវិញនេះ ថា ជាការបង្ហាញភាពស្មោះត្រង់ ចំពោះជាតិ ចំពោះគណបក្ស និងជាពិសេសចំពោះខ្លួនឯង។ លោកថា៖ «សុំចូលជាសមាជិកសាមញ្ញ ទទួលស្គាល់លោកប្រធាន កឹម សុខា ជាប្រធានគណបក្សសង្គ្រោះជាតិ»៕