ទេព នីថា ថានឹងឲ្យអសនៈទៅគណបក្សផ្សេង តែយឹម សុវណ្ណគម្រាមមុនពីបាតុកម្ម
ភ្នំពេញ៖ ថ្លែងនៅក្នុងសន្និសិទការសែត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្រកាស់ព្រមានជាសាធារណៈថា បើគណបក្សសង្គ្រោះជាតិ ប្រកាសបោះបង់ចោលរឺមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត គឺអាសនៈដែលទទួលបាននឹងត្រូវយកទៅបែងចែក ឲ្យគណបក្សនយោបាយ ដែលជាប់ឆ្នោត ក្នុងរយៈពេល ១៤ ថ្ងៃ ក្រោយការប្រកាសបោះបង់ចោលអាសនៈ ដែលខ្លួនទទួលបាន។
លោកទេព នីថា អគ្គលេខាធិការ របស់គ.ជ.ប.។ (រូបថត O.Vary/ MONOROOM.info)
ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានថ្លែងប្រាប់ក្រុមអ្នកកាសែត នៅព្រឹកថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៣ នៅទីស្តីការគ.ជ.ប ថា តាមច្បាប់បោះឆ្នោត គ.ជ.ប បានរៀបចំនីតិវិធី នៃការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត ហើយនៅក្នុងសំណុំឯកសារ ដែលគណបក្សនីមួយៗ ដាក់ដើម្បីចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោត មានសេចក្តីប្រកាសមួយ ដែលគណបក្សត្រូវបំពេញឯកសារនេះថា នឹងចូលរួមនៅក្នុងការបោះឆ្នោត ទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយនិងគោរពច្បាប់បោះឆ្នោត បទបញ្ជានីតិវិធី នៃការបោះឆ្នោត ក្រមសីលធម៌ដែលទាក់ទងនិងការបោះឆ្នោត។
លោកអគ្គលេខាធិការ បានឲ្យដឹងទៀតថា ៖ «នេះជាសេចក្តីប្រកាសមួយ អាចនិយាយថា ជាកិច្ចសន្យាមួយតាមផ្លូវច្បាប់ ប្រសិនបើគាត់ប្រកាសបោះបង់ចោល រីមិនទទួលស្គាល់លទ្ធផល នៃការបោះឆ្នោត តាមច្បាប់ក្រោយការបោះឆ្នោត ប្រសិនបើគាត់ទទួលបានអាសនៈនៅក្នុងការបោះឆ្នោត គឺអាសនៈរបស់គាត់នឹងត្រូវបែងចែកឲ្យ គណបក្សនយោបាយ ដែលជាប់ឆ្នោតនៅមណ្ឌលនោះក្នុងរយៈពេល ១៤ថ្ងៃ ក្រោយការប្រកាសបោះបង់ចោលអាសនៈ ដែលគាត់ទទួលបាន»។
លោកបានមានប្រសាសន៍ឲ្យដឹងទៀតថា លើកនេះ គណបក្សប្រឆាំងបានធ្វើខុសពីលើកមុនបន្តិច ពីព្រោះលើកមុនៗដល់ពេលបោះឆ្នោតហើយ ទើបបានគណបក្សប្រឆាំងប្រកាសមិនទទួលស្គាល់ លទ្ធផលនៃការបោះឆ្នោត តែលើកនេះ គណបក្សប្រឆាំងប្រកាសជាមុន។
សូម រម្លឹកថា លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ បានថ្លែងតាមវីដេអូ Conference ពីប្រទេសបារាំង មកកាន់ក្រុមយុវជន និងសមាជិកគណបក្ស កាលពីថ្ងៃទីទី១៦ ខែមិថុនា ឆ្នាំ២០១៣ ថា គណបក្ស សង្គ្រោះជាតិ នឹងចូលរួមការបោះឆ្នោត តែលទ្ធផលនៃការបោះឆ្នោតមិនអាចទទួលយកបានទេ។ ហើយនឹងទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ដោយមានការអនុវត្តតាមអនុសាសន៍របស់អង្គការសហប្រជាជាតិ។ លោកបានថ្លែងថា ៖«យើងនឹងចូលរួមបោះឆ្នោត តែមិនទទួលស្គាល់ លទ្ធផលបោះឆ្នោត បើសិនជាការបោះឆ្នោត មិនសេរី និងមិនយុត្តិធម៌»។
ក្នុងពិធីសម្ពោធអគារសិក្សា នៅស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានប្រកាសថា ការប្រកាសរបស់គណបក្សប្រឆាំង ដែលថា ខ្លួននឹងចូលរួមការបោះឆ្នោត នៅខែកក្កដា តែមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ប្រសិនបើការបោះឆ្នោត មិនប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងមិនយុត្តិធម៌ ដូច្នេះលោក ប្រកាសអំពាវនាវឲ្យអ្នកបោះឆ្នោត ដែលមានបំណងគាំទ្រដល់គណបក្សប្រឆាំង ត្រូវបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដើម្បីកុំឲ្យខាតសន្លឹកឆ្នោត ព្រោះបក្សប្រឆាំង គង់តែមិនទទួលស្គាល់លទ្ធផលបោះឆ្នោតដដែល។ លោកបានថ្លែងឲ្យដឹងទៀតថា៖«គណបក្សប្រឆាំង មិនមានសិទ្ធិ ជំទាស់មិនឲ្យមានការបោះឆ្នោតរឺក៏ជំទាស់ មិនចូលរួមការបោះឆ្នោតបានទេ ពីព្រោះ គ.ជ.ប. បានបោះពុម្ពសន្លឹកឆ្នោតរួចហើយ នេះគ្រាន់តែជាល្បិចគំរាម របស់បក្សប្រឆាំងប៉ុណ្ណោះ»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានថ្លែងឲ្យដឹងថា វាពិតជាពុំអាចទៅរួចនោះទេ ពីព្រោះរាស្ត្រដែលជាអ្នកគាំទ្រ នឹងបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ គេនzងមិនសុខចិត្តឲ្យគ.ជ.ប ធ្វើតាមតែអំពើចិត្តបាននោះទេ។ លោកបានថ្លែងឲ្យដឹងទៀតថា ៖ «ប្រសិនបើពុំមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នោះទេ គឺនិងមានចលនាបាតុកម្មមហាជន កើតឡើងតាមរយៈឆន្ទៈរាស្ត្រ ពីព្រោះម្ចាស់ឆ្នោតត្រូវការ ការបោះឆ្នោតដោយយុត្តិធម៌»។
លោកបានថ្លែងឲ្យដឹងទៀតថា គ.ជ.ប គួរតែធ្វើរឿងដែលត្រូវធ្វើ ដូចជាកំណែរទម្រងគ.ជ.ប បញ្ជីរឈ្មោះអ្នកបោះឆ្នោត ធ្វើយ៉ាងណាឲ្យដំណើរការទៅដោយសេរីនិងយុត្តិធម៌ មិនគួរណាទៅធ្វើរឿងដែលមិនត្រូវធ្វើនោះទេ៕
----------------------------------------------------
ដោយ៖ គិន ង៉ុយ - ភ្នំពេញ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ