ហ៊ុន សែន៖ «ត្រូវ​ការ​បរិយាកាស​នយោបាយ អព្យាក្រឹតភាព សេរី និងយុត្តិធម៌»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើរសារនយោបាយជាចំហរ ទៅកាន់អាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និង​កងកំលាំងប្រដាប់អាវុធ គ្រប់ប្រភេទនៅទូទាំងប្រទេស ត្រូវការពារធ្វើយ៉ាងណា ឲ្យបរិយាកាសនយោបាយ អព្យាក្រឹត សេរី យុត្តិធម៌ ដើម្បីឲ្យការបោះឆ្នោតមានយុត្តិធម៌ តម្លាភាព ដែលគ្រប់គណបក្សនយោបាយទទួលយកបាន។
ហ៊ុន សែន៖ «ត្រូវ​ការ​បរិយាកាស​នយោបាយ អព្យាក្រឹតភាព សេរី និងយុត្តិធម៌»
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃរដ្ឋាភិបាលកម្ពុជា។
Loading...
  • ដោយ: លោក គិន ([email protected]) - ភ្នំពេញ ថ្ងៃទី០២ មេសា ២០១៣
  • កែប្រែចុងក្រោយ: April 02, 2013
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ថ្លែងចេញពីមជ្ឈមណ្ឌលកោះពេជ្រ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៣ ក្នុងពិធីចែកសញ្ញាប័ត្រ ដល់​និស្សិតបញ្ចប់ការសិក្សា របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ លោកចង់បាន​បរិយាកាស​បោះឆ្នោតត្រូវធ្វើឡើងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលគ្រប់គណបក្សនយោបាយទាំងអស់ អាចទទួល​បានយក​បាន​ទាំងអស់គ្នា។

លោកបាននិយាយទៀតថា «នេះជាការប្រកួតប្រជែង ខាងនយោបាយមួយ ជំនួសឲ្យការប្រកួតប្រជែង កាលពីប៉ុន្មាន ទស្ស-​វត្សមុន ដែលកាប់សម្លាប់គ្នាដោយអាវុធ។ ពីការប្រើគ្រាប់ ទៅជាការប្រើសន្លឺកឆ្នោត។ ដូច្នេះខ្ញុំ​អំពាវនាវ ចំពោះ អាជ្ញាធរ​ថ្នាក់ក្រោមជាតិ ស្ថាប័នជាតិ ថ្នាក់ជាតិ អាជ្ញាធរក្រោមជាតិ ក៏ដូចជាកំលាំងប្រដាប់អាវុធគ្រប់​ប្រភេទ ត្រូវ​ខិតខំរក្សារបរិយាការនយោបាយអព្យាក្រិត សម្រាប់ដំណើរការនៃការបោះឆ្នោតទាំងមូល បណ្តាបក្សនយោបាយទាំងអស់ ត្រូវតែមានសេរីភាពនៅក្នុងការធ្វើសកម្មភាព។»

សម្រាប់លោកនាយករដ្ឋមន្ត្រី សិទ្ធិប្រជាពលរដ្ឋ ត្រូវបានគោរព ទោះបីជាស្រឡាញ់បក្សណាក៏ដោយចុះ ត្រូវតែយកចិត្ត​ទុក​ដាក់ ការពារឲ្យបានជាមួយនឹងសន្តិសុខ ដើម្បីកុំឲ្យការបោះឆ្នោតក្លាយទៅជាការបែកបាក់ជាតិ។ លោកបានថ្លែងឲ្យ​ដឹង​ទៀតថា  «ប្រទេសយើងមានប្រពៃណី នៃការបោះឆ្នោត រហូតមកដល់ពេលនេះ មានរយៈពេល២០ឆ្នាំហើយ ប្រជាជន​យើង ក៏មានវ័យចំណាស់ខាងនយោបាយហើយដែរ ខ្ញុំពិតជាមានមោទនៈភាព ដោយឃើញថាពីការបោះឆ្នោតមួយ ទៅ​កាន់ការបោះឆ្នោតមួយ ប្រជាពលរដ្ឋយើងមិនបានបែងចែក និងកាប់សម្លាប់គ្នា ដោយការប្រកាន់និន្នាការ​នយោបាយ​នោះ​ទេ។ ខ្ញុំឧទ្ទិស និងចង់ឲ្យបរិយាកាសបែបនេះ កើតមានតរៀងទៅ។»

លោកបានថ្លែងឲ្យដឹងទៀតថា ការប្រកួតប្រជែង នៅក្នុងលទ្ធិប្រជាធិបតេយ្យ ទាមទារនូវការផ្តល់ឱកាស ទៅជូនគ្រប់​បក្ស​នយោបាយមិនថា ត្រឹមតែគណបក្សកាន់អំណាចទេ ប៉ុន្តែគណបក្សដទៃទៀត ដែលនៅក្រៅរដ្ឋាភិបាលគេក៏មានឳកាស ដូចជាការបង្កើតនៅសួនប្រជាធិបតេយ្យ បក្សណាក៏អាចប្រជុំបានដែរ។

ឆ្លើយតបទៅនឹងការលើកឡើង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននោះ លោកគល់ បញ្ញា នាយកប្រតិបត្តិ​នៃអង្គការ​ឃ្លាំមើល ការបោះឆ្នោតដែលហៅថា Comfrel បានមានប្រសាសន៍ថា អ្វីដែលលោកនាយករដ្ឋមន្ត្រី បានផ្ញើរជាសារ​នយោបាយនោះ គឺជាជាច្បាប់។ ពីព្រោះវាទាក់ទង ទៅនឹងច្បាប់បោះឆ្នោត និងច្បាប់គណបក្សនយោបាយ ដែល​និយាយ​អំពីអព្យាក្រឹតភាព ហើយកន្លងមក ពុំដែលបានអនុវត្តន៍នោះទេ។ កងកំលាំងប្រដាប់អាវុធ និងមន្ត្រីតុលាការ ត្រូវមានការ​ពាក់ព័ន្ធផ្ទាល់ ទៅនឹងការបោះឆ្នោត មិនអាចធ្វើការបំរើ ឲ្យតែគណបក្សនយោបាយមួយនោះទេ។ លោកបានពន្យល់ថា «នេះគឺចំនុចល្អ ប៉ុន្តែរដ្ឋាភិបាល គួរតែចេញសារាចរណ៍ពិសេសមួយ វាល្អជាជាង ការផ្តល់អនុសាសន៍។ ពីព្រោះកន្លងមក ការផ្តល់អនុវសាសន៍ មន្ត្រីថ្នាក់ក្រោមមួយចំនួន មិនគោរពតាមនោះទេ។»

លោកបានថ្លែងឲ្យដឹងទៀតថា កន្លងមន្ត្រីប៉ូលីស ទាហាន និងមន្ត្រីតុលាការ ពុំបានអនុវត្តន៍នូវអព្យាក្រឹតភាព របស់ខ្លួននោះ​ទេ គឺបំរើឲ្យតែគណបក្សនយោបាយ មួយចំហៀងតែប៉ុណ្ណោះ ដែលវាផ្ទុយទៅនឹងច្បាប់ហាមប្រាម មិនឲ្យមន្ត្រីទាំងនោះ បំរើគណបក្សនយោបាយ។

ចំពោះលោកកែម ឡី អ្នកវិភាគបញ្ហាសង្គមឯករាជ្យ បានឲ្យដឹងថា វាជាចំនុចល្អ ដែលលោកនាយករដ្ឋមន្ត្រី បានអំពាវនាវ​អោយកំលាំងសមត្ថកិច្ច មានអព្យាក្រិត្យភាព ប៉ុន្តែការអំពាវនាវនោះ មិនអាចមានប្រសិទ្ធិភាពនោះទេ គឺលុះណា​ចែង​ជា​ច្បាប់តែម្តង ថាមន្ត្រីប៉ូលីស ទាហាន តុលាការ ត្រូវតែមានអព្យាក្រឹតភាព ប្រសិនបើមិនមានអព្យាក្រឹតភាព ត្រូវផ្តន្ទាទោស​យ៉ាងម៉េច បើមិនធ្វើជាច្បាប់ទេ គឺមិនអាចជោគជ័យបានទេ។ លោកបានបន្ថែមថា ៖ «បើមានអនុសាសន៍ ត្រូវតែមាន​យន្តការតាមដាន ថាតើអនុវត្តន៍បានកំរិតណានោះ ទើបទទួលបានជោគជ័យ។ ហើយត្រូវផ្សព្វផ្សាយ ជាញឹកញាប់ស្តី​អំពីអព្យាក្រឹតភាព ថាតើអព្យាក្រិតភាព ផ្តល់អត្ថប្រយោជន៍អ្វីខ្លះ ដល់ប្រជាជននិងប្រទេសជាតិ៕»

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...