វិបត្តិនៅឧបទ្វីបកូរ៉េ៖ បាន គី-មូន ថានុយក្លេអ៊ែរមិនមែនជា«ល្បែងលេង»
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: April 03, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក បាន គី-មូន (Ban Ki-moon) បានពន្យល់ប្រាប់កូរ៉េខាងជើង នៅថ្ងៃអង្គារទី០២ខែមិនានេះ ថាវិបត្តិនៅឧបទ្វីបកូរ៉េ បានទៅ«ឆ្ងាយជ្រុលពេក»ហើយ។ ប្រតិកម្មរបស់លោកបាន កើតមានឡើង នៅបន្ទាប់ពីកូរ៉េខាងជើង បានប្រកាសក្នុងថ្ងៃដដែលថា នឹងបើកអោយដើរឡើងវិញ នូវម៉ាស៊ីនប្រតិករនុយក្លេអ៊ែរមួយ ដែលធ្លាប់ត្រូវបានបញ្ឈប់ លែងអោយមានដំណើរការ កាលពីឆ្នាំ២០០៧កន្លងទៅ។
លោក បាន គីម-មូន អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងពេលទស្សនកិច្ចទៅកាន់រាជាណាចក្រ អង់ដ័រ (Andorre) លោកបាន គី-មូន បានថ្លែងថា «ក្នុងនាមជាអគ្គលេខាធិការ វាជាភារកិច្ចរបស់ខ្ញុំដែលត្រូវទប់ កុំអោយមានសង្គ្រាមផ្ទុះកើតឡើង និងស្វែងរកសន្តិភាពមកវិញ។ វាក៏ជាការទទួលខុសត្រូវរបស់ខ្ញុំផងដែរ ដែលត្រូវនិយាយថាវិបត្តិក្នុងពេលនេះ បានទៅឆ្ងាយជ្រុលពេកហើយ។»
លោកនិយាយថា «ការគម្រាមទាំងឡាយដែលទាក់ទងនឹងនុយក្លេអ៊ែរ មិនមែនជាល្បែងលេងនោះទេ។ អ្វីៗត្រូវចាប់ផ្ដើម ពីការអត់ធ្មត់ជាមុនសិន។» សម្រាប់រូបលោកអគ្គលេខាធិការ វាគ្មានហេតុផលអ្វី ដែលទីក្រុងព្យុងយ៉ាង ត្រូវប្រឆាំងទល់នឹងការរួមគ្នា របស់សហគមន៍អន្តរជាតិនោះទេ។
កាលពីព្រឹកថ្ងៃអង្គារនេះ ប្រទេសកូរ៉េខាងជើងបានប្រកាស ពីបំណងរបស់ខ្លួន ក្នុងការរៀបចំ និងដាក់អោយដើរឡើងវិញ នូវម៉ាស៊ីនប្រតិករនុយក្លេអែរមួយ ក្នុងរោងចក្រយ៉ុងបាយូន (Yongbyon) ដែលបានបញ្ឈប់កាលពីឆ្នាំ២០០៧កន្លងមក។ ប្រទេសកុម្មុយនីស បានបញ្ជាក់ពីគោលបំណងនេះរបស់ខ្លួន ថាមានលក្ខណៈបម្រើអោយស៊ីវិល ហើយចង់បានអោយមានថាមពលអគ្គិសនី មកប្រើប្រាស់។
តែក្នុងបរិបទសព្វថ្ងៃ ដែលស្ថានការណ៍ កំពុងមានភាពតានតឹងកាន់តែខ្លាំងជាមួយនឹងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនោះ គម្រោងនេះ បានធ្វើអោយគេគិតថា ទីក្រុងព្យុងយ៉ាងអាចនឹង ប្រើប្រាស់វា ដើម្បីផលិតឡើងវិញនូវជាតិអ៊ុយរ៉ានីញ៉ូម ក្នុងគោលបំណងយោធា។
ចិនអំពាវនាវកូរ៉េខាងជើង អោយអត់ធ្មត់
នៅបន្ទាប់ពីការប្រកាសនេះ ប្រទេសចិនឯណោះវិញ ដែលជាសម្ព័ន្ធមិត្តតែមួយគត់ របស់ទីក្រុងព្យុងយ៉ាង ក៏បាននិយាយសម្ដែង ពីការសោកស្ដាយរបស់ខ្លួនដែរ។ តាមអ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន លោកហុង ឡៃ (Hong Lei) ប្រទេសចិនបានអំពាវនាវទៅកូរ៉េខាងជើង អោយបង្ហាញពីការអត់ធ្មត់របស់ខ្លួន អោយបានជាអតិបរិមា។ លោកហុង បានរំលឹងពីតួនាទីរបស់ចិន ដែលត្រូវរក្សាអោយបាន នូវស្ថិរភាពក្នុងតំបន់ និងធ្វើអោយឧបទ្វីបកូរ៉េ ក៏ដូចជាតំបន់អាស៊ីឦសាន ក្លាយជាតំបន់មួយ គ្មានអាវុធនុយក្លេអ៊ែរ។ លោកនិយាយថា «ស្ថានភាពបច្ចុប្បន្នក្នុងឧបទ្វីបកូរ៉េ បានក្លាយជាស្មុគ្រស្មាញ និងរសើប»។
សូមបញ្ជាក់ថា ចិនមិនត្រឹមតែជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រ របស់កូរ៉េខាងជើងប៉ុណ្ណោះទេ តែជាដៃគូរពាណិជ្ជកម្មដ៏ធំជាងគេ ជាមួយនឹងប្រទេសនេះ។ តែទីក្រុងប៉េកាំង បានជ្រើសរើសបោះឆ្នោតគាំទ្រ ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ដែលបានបន្ថែមទណ្ឌកម្មលើប្រទេសកុម្មុយនីស នៅក្រោយបន្ទាប់ពីប្រទេសនេះ បានបាញ់សាកល្បងនុយក្លេអ៊ែរ ជាលើកទីបី កាលពីខែកុម្ភះមុន៕
-------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ