កោះល័នតា៖ គ្រូពេទ្យ​ប្រចាំការ ​ក្នុង​កម្មវិធី​ទូរទស្សន៍​បាន​«ធ្វើ​អត្តឃាត»

ដប់ថ្ងៃក្រោយពីមរណភាព របស់បេក្ខជននៅក្នុងកម្មវិធីទូរទស្សន៍ «កោះល័នតា (Koh Lanta)» នៅថ្ងៃច័ន្ទទី១ខែមេសានេះ វេជ្ជបណ្ឌិតទីជេរី កូស្ដា (Thierry Costa) ដែលជាគ្រូពេទ្យប្រចាំការរបស់ផលិតកម្ម បានធ្វើអត្តឃាត នៅក្រុងព្រះសីហនុ។ នេះជាការអះអាង របស់ផលិកម្មអេវេនឈើ ឡាញ (Adventure line productions - ALP) ដែលផលិតកម្មវិធីទូរទស្សន៍ នៅ​ប្រទេសជាច្រើនរួចមកហើយ មុននឹងមកកម្ពុជា ដើម្បីធ្វើកម្មវិធីដដែល នៅលើកោះរ៉ុង។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: April 02, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដប់ថ្ងៃក្រោយពីមរណភាព របស់បេក្ខជននៅក្នុងកម្មវិធីទូរទស្សន៍ «កោះល័នតា (Koh Lanta)» នៅថ្ងៃច័ន្ទទី១ខែមេសានេះ វេជ្ជបណ្ឌិតទីជេរី កូស្ដា (Thierry Costa) ដែលជាគ្រូពេទ្យប្រចាំការរបស់ផលិតកម្ម បានធ្វើអត្តឃាត នៅក្រុងព្រះសីហនុ។ នេះជាការអះអាង របស់ផលិកម្មអេវេនឈើ ឡាញ (Adventure line productions - ALP) ដែលផលិតកម្មវិធីទូរទស្សន៍ នៅ​ប្រទេសជាច្រើនរួចមកហើយ មុននឹងមកកម្ពុជា ដើម្បីធ្វើកម្មវិធីដដែល នៅលើកោះរ៉ុង។


ឈុតឆាកមួយ នៅក្នុងកម្មវិធី«កោះល័នតា» របស់ទូរទស្សន៍ប៉ុស្ដ៍លេខមួយបារាំង។

ក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ផលិតកម្ម បានបញ្ជាក់ថា «យើងបានទទួលដំណឹងទាំងក្ដុកក្ដួល ថាវេជ្ជបណ្ឌិត ទីជេរី កូស្ដា បានធ្វើអត្តឃាត នៅថ្ងៃនេះនៅកម្ពុជា»។ សេចក្ដីប្រកាសព័ត៌មាននោះ បានបន្ថែមថា វេជ្ជបណ្ឌិត ទីជេរី កូស្ដា ជា​គ្រូពេទ្យប្រចាំការរបស់កម្មវិធី កោះល័នតា តាំងពីបួនវគ្គមកហើយ។ «ជំនាញដ៏ខ្ពងខ្ពស់ និងទឹកចិត្តមនុស្សធម៌របស់គាត់ ចំពោះបេក្ខជន និងក្រុមការងាររបស់ផលិតកម្ម បានធ្វើប្រកបដោយភាពឥតខ្ចោះ»។

លោកវេជ្ជបណ្ឌិតរូបនេះ បានបន្សល់ទុកនូវលិខិតមួយ សន្លឹកដែលសរសេរទាំងសងខាង ហើយបានបញ្ជាក់នៅជិតកន្លែង​ចុះហត្ថាលេខាថា «លិខិតនេះ ផ្សាយជាសាធារណៈ»។

«ខ្ញុំបានចាត់ទុកហ្សេរ៉ា ជាអ្នកជម្ងឺម្នាក់ មិនមែនជាបេក្ខជននោះទេ»

«ក្នុងរយៈពេលចុងក្រោយនេះ ឈ្មោះរបស់ខ្ញុំត្រូវបានប្រលាក់ប្រលូក ដោយប្រព័ន្ធផ្សព្វផ្សាយ។ ការចោទប្រកាន់ និងរឿង​ប្រឌិតទាំងឡាយ បានធ្វើឡើងសំដៅដោយផ្ទាល់ មករូបខ្ញុំ។» ទីជេរី កូស្ដា បានចាប់ផ្ដើមឃ្លា ជាមួយនឹងពាក្យទាំងអស់នេះ នៅក្នុងលិខិតសរសេរដោយដៃ របស់គាត់។ «តាំងពី២០ឆ្នាំមកហើយ (...) ខ្ញុំតែងដក់ជាប់ជានិច្ច ក្នុងការងារដ៏ច្រើន ជាមួយ​នឹងការគោរពសម្រាប់អ្នកជម្ងឺរបស់ខ្ញុំ និងការស្រឡាញ់វិស័យវេជ្ជសាស្ត្រ។ (...) ខ្ញុំមានអារម្មណ៍ថា ថ្ងៃនេះ ការខំប្រឹងទាំង​នេះ ត្រូវបានបន្ថយមកនៅត្រឹមចំនុចសូន្យ ដោយសារតែអត្ថបទបោកប្រាសទាំងនោះ។»

ក្រុមការងាររបស់ផលិតកម្ម ដែលផលិតកម្មវិធីទូរទស្សន៍ «កោះល័នតា» ដែលមានទម្រង់ជាកម្មវិធី នៃដំណើរផ្សងព្រេង​នៅក្នុងធម្មជាតិនោះ បានរងនូវការរិះគន់យ៉ាងខ្លាំង ចាប់តាំងពីមរណភាពរបស់បេក្ខជន ហ្សេរ៉ា បាបាំង អាយុ ២៥ឆ្នាំ កាល​ពីថ្ងៃទី២២ខែមិនាកន្លងមក នៅលើកោះរ៉ុង កណ្ដាលឆកសមុទ្រកំពង់សោម។ នៅក្នុងរបាយការណ៍ផ្លូវការ ចេញដោយ​ផលិតកម្ម បាននិយាយថា បេក្ខជនត្រូវបានគ្រូពេទ្យប្រចាំការរបស់កម្មវិធី យកចិត្តទុកដាក់ ភ្លាមៗនៅនឹងកន្លែង មុននឹង​បញ្ជូនតាមឧទ្ធម្ភាគចក្រ ទៅកាន់មន្ទីពេទ្យក្រុងព្រះសីហនុ ទីកន្លែងដែលបេក្ខជនបានផុតដង្ហើមនៅទីនោះ។

ប៉ុន្តែសាក្សីអនាមិក ចេញមកជាបន្តបន្ទាប់គ្នា បានចោទផលិតកម្មថាបានកុហក រួចចង្អុលដាក់ផលិតកម្ម ថាបានពន្យា​ពេលសង្គ្រោះ និងខ្ជីខ្ជាពីគុណភាព នៃកិច្ចអន្តរាគមន៍សង្គ្រោះបេក្ខជន។ សូមអានអត្ថបទស្ដីពីហេតុការណ៍ នៅលើ​កោះ​រ៉ុងខ្មែរ ដោយចុចលើខ្សែភ្ជាប់នៅទីនេះ

ក្នុងសំបុត្របានសរសេរទៀតថា «ខ្ញុំមិនហ៊ានជួប ការចោលភ្នែកមកលើខ្ញុំ ដោយមិនបានគិតពីចំណោទទាំងឡាយ នៃការ​ម៉ាក់ងាយ នៅប្រទេសបារាំងនោះទេ»។ ទីជេរី កូស្ដាបានបន្ថែមថា «ខ្ញុំប្រាកដណាស់ ថាបានចាត់ទុកហ្សេរ៉ា (បេក្ខជន ដែល​ទទួលមរណភាព) ប្រកបដោយការគោរព ជាអ្នកជម្ងឺម្នាក់ មិនមែនជាបេក្ខជននោះទេ។ បើទោះជាខ្ញុំមានការសោកស្ដាយ នឹងការបញ្ចប់ដោយរន្ធត់នេះក៏ដោយ តែខ្ញុំបានធ្វើនូវអ្វី ដែលត្រូវធ្វើ សមស្របតាមវិជ្ជាជីវៈ និងជុំជិតដោយ​អ្នកជំនាញ​ផ្សេង​ទៀត។»

«សាងឡើងវិញ នូវអ្វីដែលបានសាងរួច តែត្រូវបំផ្លាញក្នុងពេលនេះ ជារឿងដែលមិនអាចទ្រាំទ្របាន ដូច្នេះហើយ វាជា​ជម្រើសតែមួយគត់ របស់ខ្ញុំ»។ ទោះបីជាយ៉ាងណា ក៏លោកវេជ្ជបណ្ឌិតរូបនេះ បានសរសេរថា មិនបានខឹងគុំគួន នឹង​ប្រព័ន្ធផ្សព្វផ្សាយនោះទេ តែលោកបានអោយគេធ្វើតាម បំណងចុងក្រោយមួយរបស់លោក នោះគឺសាកសពលោក ត្រូវ​បញ្ចុះនៅក្នុងប្រទេសកម្ពុជា ហើយមិនត្រូវបញ្ជូនត្រឡប់ ទៅប្រទេសបារាំងវិញទេ។

ខាងក្រោមនេះ ជាលិខិតរបស់ ទីជេរី កូស្ដា៖

«ខ្ញុំទុកអោយពួកអ្នកសរសេរគិតពី ពាក្យសម្ដីអនាមិក»

អគ្គនាយករបស់ស្ថានីយ៍ទូរទស្សន៍បារាំងប៉ុស្ដ៍លេខមួយ បានសម្ដែងការសោកស្ដាយ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន​ កាល​ពីថ្ងៃច័ន្ទដដែលនេះថា «អារម្មណ៍របស់ខ្ញុំបានបាញ់សំដៅ ទៅក្រុមគ្រួសាររបស់ ទីជេរី កូស្ដា។ នៅចំពោះមុខហេតុការណ៍​ដ៏រន្ធត់ ខ្ញុំទុកអោយពួកអ្នកសរសេរ គិតពីពាក្សសម្ដីអនាមិក ដែលនិយាយទាក់ទងនឹងការស្លាប់របស់ហ្សេរ៉ា បាបាំង ក៏ដូច​ជាសម្រាប់អ្នកដែលបានលាបពណ៌បន្ថែម។»

ចំណែកផលិកម្មអេវេនឈើ ឡាញ វិញ បានសរសេរក្នុងសេចក្ដីប្រកាសព័ត៌មានដែរថា «ព្រឹត្តិការណ៍ដ៏រន្ធត់នេះ ត្រូវធ្វើ​អោយរំជួយ ដល់ពួកអ្នកចេះតែចោទប្រកាន់ និងធ្វើមតិយោបល់ គ្មានសុភវិន្និឆ្ឆ័យ និងគ្មានការទទួលខុសត្រូវ»។

គេហទំព័រដែលផ្សាយ នូវសម្ដីរបស់សាក្សីអនាមិកមុនគេ ឈ្មោះ«ឈប់លើរូបភាព (Arrêt sur images)» បាននិយាយថា បានតក់ស្លុត នឹងដំណឹងអត្តឃាតរបស់ ទីជេរី កូស្ដា។  ចេញផ្សាយបន្ទាប់ ពីសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានីយ៍​ទូរទស្សន៍ និងផលិតកម្ម សេចក្ដីប្រកាសព័ត៌មានរបស់គេហទំព័របានបញ្ជាក់ថា «យើងមិនមាន ហើយក៏នឹងមិនមាន​គំនិត​ណាផ្សេង ក្រៅតែពីចង់បាននូវការពិត ស្ដីពីការស្លាប់របស់ហ្សេរ៉ា បាបាំងប៉ុណ្ណោះ។ នៅក្នុងបរិបទនេះ យើងសូមអំពាវនាវ អោយជៀសវាងនូវ ការចោទដាក់កំហុសជាមុន។» គេហទំព័រ «ឈប់លើរូបភាព» បានវិន្និច្ឆ័យថា អ្វីដែលស្ថានីយ៍ទូរទស្សន៍ និងផលិតកម្មនិយាយក្នុងសេចក្ដីប្រកាសរបស់ពួកគេ  បានយកករណីអត្តឃាត​របស់​ទីជរី កូស្ដា មក«ដាក់កំហុស»ទៅលើ​ការលើករឿងពិត នៃសារព័ត៌មានយ៉ាងដូច្នេះ៕

--------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...