កោះល័នតា៖ គ្រសារជនរងគ្រោះទៅកម្ពុជា និងគ្មានការអង្កេតលើមរណភាពនេះទេ
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: March 24, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សាកសពរបស់បេក្ខជន ដែលបានស្លាប់ នៅពេលកំពុងថតកម្មវិធីទូរទស្សន៍ បានបញ្ជូនមកដល់រាជធានីភ្នំពេញរួចរាល់ហើយ។ ដោយឡែក ការិយាល័យរដ្ឋអាជ្ញា នៃទីក្រុងប៉ារីស មិនបានចាត់ការ បើកការស៊ើបអង្កេត ទាក់ទងនឹងសំនុំរឿងមរណភាពនេះ ប្រឆាំងនឹងស្ថានីយទូរទស្សន៍ទេ។
រូបផ្លាក របស់កម្មវិធីទូរទស្សន៍កោះ ល័នតា។
សាកសពលោក ហ្សេរ៉ា បាបាំង បានដឹកមកដល់រាជធានីភ្នំពេញ នៅថ្ងៃសៅរ៍មួយថ្ងៃក្រោយហេតុការណ៍។ គេហទំព័ររបស់ទស្សនាវដ្ដីបារាំង ឡឺព័ង (Le Point) បានសរសេរថា សមាជិកគ្រួសាររបស់លោកបាបាំង ចំនួន៩នាក់ ក្នុងនោះមានឪពុកម្ដាយលោកផង បានជិះយន្ដហោះនៅថ្ងៃដដែលនេះ ធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា ដើម្បីទទួលសពត្រឡប់មកកាន់បារាំងវិញ។ នាយកស្ថានីយ៍ទូរទស្សន៍ ប៉ុស្ដ៍លេខមួយបារាំង លោក ណុន្ស៍ ប៉ាវលីនី (Nonce Paolini) ក៏បានធ្វើដំណើរដោយផ្ទាល់ដែរ មកសម្ដែងមរណទុក្ខ នៅចំពោះគ្រួសារសព និងបានអមដំណើរពួកគេ រហូតមកដល់ព្រលានយន្ដហោះអន្តរជាតិ។
ផលិតកម្មអេវេនឈើ ឡាញ (Adventure line productions - ALP ) ដែលផលិតកម្មវិធីនេះ សម្រាប់ស្ថានីយ៍ទូរទស្សន៍ បានពន្យល់ប្រាប់អ្នកកាសែតថា «យើងនឹងរងចាំពួកគេ នៅប្រទេសកម្ពុជា ដើម្បីធ្វើពិធីប្រសិទ្ធិពរជ័យមួយ ហើយបន្ទាប់មក យើងនឹងនាំពួកគេ ទៅកាន់កន្លែងកើតហេតុ ដើម្បីពួកគេអាចរំលឹកវិញ្ញាណខ័ន»។ តាមសារព័ត៌មាន ឡឺប៉ារីស៊ីយៀន (Le Parisien) ការដឹកបញ្ជូនសាកសព ត្រឡប់ទៅប្រទេសបារាំងវិញ នឹងត្រូវធ្វើនៅដើមសប្ដាហ៍ក្រោយ។
សូមបញ្ជាក់ថា កម្មវិធី«កោះល័នតា» បានជ្រើសរើសកោះរ៉ុង នៅកណ្ដាលឆកកំពង់សោម ក្នុងប្រទេសកម្ពុជា ធ្វើជាកន្លែងថត។ នៅក្រោយមរណភាពរបស់បេក្ខជនរបស់ខ្លួន ស្ថានីយ៍ទូរទស្សន៍បានសម្រេចលប់ចោល នូវវគ្គទី១៦ ឆ្នាំ២០១៣នេះ ជាស្ថាពរ។ ក្រុមអ្នកទទួលខុសត្រូវកម្មវិធីនេះ ដែលស្ថិតក្នុងសភាពតក់ស្លុតនៅឡើយ កំពុងរៀបចំឲ្យបេក្ខជន និងក្រុមអ្នកបច្ចេកទេសទាំងអស់ បានវិលត្រឡប់ទៅបារាំងវិញ។ ស្ថានីយ៍ទូរទស្សន៍បានថ្លែងថា «ដំណើរត្រឡប់វិញនៃបេក្ខជន នឹងត្រូវធ្វើក្នុងរយះពេល៤៨ម៉ោងនេះ។ មួយផ្នែកនៃអ្នកបច្ចេកទេស ក៏នឹងត្រូវអោយត្រឡប់មកវិញឆាប់ៗនេះដែរ តែប្រហែលជាត្រូវប្រើពេលយូរបន្តិច ព្រោះមានសម្ភារះច្រើនដែលត្រូវរៀបចំ។»
បេះដូងឈប់ដើរបីដង
ជនរងគ្រោះ លោក ហ្សេរ៉ា បាបាំង (Gérald Babin) អាយុ២៥ឆ្នាំ មកពីឃុំវីលជីហ្វ (Villejuif) ក្បែរទីក្រុងប៉ារីស ត្រូវបានបញ្ជូនតាមឧទ្ធម្ភាគចក្រ ទៅសង្គ្រោះជាបន្ទាន់ តែបានផុតដង្ហើមមែនទែន នៅពេលទៅដល់មន្ទីពេទ្យក្រុងព្រះសីហនុ។ នៅពេលចាប់ផ្ដើមវិញ្ញាសារ«ទាញខ្សែរពួរ» កាលពីថ្ងៃសុក្រទី២២ខែមិនា ហ្សេរ៉ា បាបាំង បានទទួលអារម្មណ៍ថា មានការឈឺចុកចាប់នៅលើដៃ ហើយបានសុំអន្តរាគមន៍ភ្លាមៗ ពីគ្រូពេទ្យបារាំងប្រចាំការនៅទីនោះ។ ពីទីនោះ រហូតមកដល់មន្ទីពេទ្យ បេះដូងរបស់ ហ្សេរ៉ា បាបាំង បានបញ្ឈប់សកម្មភាពចំនួន៣ដង ប៉ុន្តែនៅលើកទីបី បេក្ខជនវ័យក្មេងរូបនេះ បានឈានដល់ដំណាក់កាល លែងដឹងខ្លួនរហូត បើទោះមានការខ្នះខ្នែង ពីក្រុមគ្រូពេទ្យខ្មែរនៅនឹងមន្ទីពេទ្យនោះក៏ដោយ។
បើតាមអ្នកជិតខាង ដែលរស់នៅជាប់ក្បែរ នឹងហ្សេរ៉ា បាបាំង បានរំលឹកពីបេក្ខជនថា ជាមនុស្សម្នាក់ស្ងាត់ស្ងៀម គួរសម និងមានចិត្តថ្លើមល្អ។ ពួកគេទាំងនោះនិយាយថា ហ្សេរ៉ា ហាត់យកសាច់ដុំជាញឹកញាប់ ហើយថាបុរសវ័យក្មេងនេះ មានសុខភាពល្អ និងមានចរិកជាអ្នកផ្សងព្រេងមួយរូប តែមិនគួរណាមានអាយុខ្លីយ៉ាងដូច្នេះទេ៕
--------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ