កោះល័នតា៖ កម្ពុជាបានបិតសំនុំរឿង ខណៈមេធាវីបារាំងម្នាក់សង្ស័យ
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: March 26, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តាមអាជ្ញាធរកម្ពុជា បេក្ខជនដែលបានចូលរួម ក្នុងកម្មវិធី«កោះល័នតា» របស់ទូរទស្សបារាំង ឈ្មោះ ហ្សេរ៉ា បាបាំង (Gérald Babin) បានស្លាប់ដោយសារ«គាំងបេះដូង»។ ប៉ុន្តែមេធាវីម្នាក់នៅទីក្រុងប៉ារីស បានសំនូមពរអោយ ផលិតកម្មដែលផលិតកម្មវិធី បង្ហាញពន្លឺទៅលើចម្ងល់ទាំងឡាយ និងពីវិធានការសុវត្ថភាព របស់បេក្ខជនចូលរួមទាំងអស់។
បេក្ខជនហ្សេរ៉ា បាបាំង ស្លាប់ក្នុងកម្មវិធី «កោះល័នតា» របស់ទូរទស្សន៍បារាំង ប៉ុស្ដ៍លេខមួយ។
អាជ្ញាធរកម្ពុជាបានបិទការស៊ើបអង្កេត ទាក់ទងនឹងសំនុំរឿងមរណភាព របស់លោក ហ្សេរ៉ា បាបាំង អាយុ២៥ឆ្នាំ ដែលបានទទួលរងគ្រោះថ្នាក់ កាលពីថ្ងៃសុក្រទី២២ខែមិនាកន្លងទៅ នៅក្នុងកម្មវិធីទូរទស្សន៍បារាំងប៉ុស្ដ៍លេខ១ មានឈ្មោះថា កោះល័នតា (Koh-Lanta)។ កម្មវិធីនេះ បានប្រព្រឹត្តទៅនៅលើកោះរ៉ុង កណ្ដាលឆកសមុទ្រកំពង់សោមខ្មែរ។ តាមអាជ្ញាធរខ្មែរប្រចាំតំបន់ មរណភាពរបស់ជនជាតិបារាំងរូបនេះ បណ្ដាលមកពី ជម្ងឺគាំងបេះដូង។
«ការស៊ើបអង្កេត បានបញ្ចប់។ សំនុំរឿងក៏បានបិទ លែងមានការបន្តអ្វីដែរ។» នេះជាការថ្លែងអោយដឹង របស់លោក កុល ផល្លី ស្នងការរងនគរបាលទទួលបន្ទុកព្រហ្មទណ្ឌ ខេត្តព្រះសីហនុ។ «យើងបានបិទសំនុំរឿង ដោយសារជនរងគ្រោះស្លាប់ដោយ ជម្ងឺគាំងបេះដូង»។ រីឯប្រភពមួយពីខាងប្រព័ន្ធយុត្តិធម៌ នៃប្រទេសបារាំង ក៏បានបង្ហើបប្រាប់អ្នកកាសែតដែរថា មរណភាពនេះ មិនមានបង្ហាញពីចំណុចគួរអោយសង្ស័យនោះទេ ហើយខាងរដ្ឋអាជ្ញានៃទីក្រុងប៉ារីស ក៏មិនបានបើកការស៊ើបអង្កេតអ្វីដែរ លើសំនុំរឿងនេះ។
ដោយឡែក មេធាវីនៅទីក្រុងប៉ារីស លោក ជេរ៉េមី អាស៊ូ (Jérémie Assous) ដែលធ្លាប់ការពារបេក្ខជន ទាក់ទងនឹងកម្មវិធីជាច្រើន ផលិតដោយស្ថានីយ៍ទូរទស្សន៍ ក្នុងប្រទេសបារាំងនោះ បានលើកឡើងថា ផលិតកម្មអេវេនឈើ ឡាញ (Adventure line productions - ALP ) មិនអាចរួចខ្លួន ពីការរិះគន់ទាំងអស់នោះទេ។ ធ្វើបទសម្ភាសដោយកាសែត ២០នាទី (20 Minutes) លោកមេធាវី បានថ្លែងថា «មើលទៅ ដូចជាការស្លាប់មួយយ៉ាងអាថ៌កំបាំង ដែលវាបានកើតឡើង នៅក្នុងរង្វង់នៃកិច្ចសន្យាការងារមួយនោះ។ នៅបារាំង នៅពេលណាមានគ្រោះថ្នាក់ កើតឡើងនៅលើការដ្ឋាននោះ វាត្រូវតែមានការស៊ើបអង្កេតមួយឡើង។ តែឥឡូវនេះ មានតែរឿងសោកស្ដាយប៉ុណ្ណោះ ដែលរដ្ឋអាជ្ញា មិនបានតាមដានរឿងនេះ ហើយគេនឹងនៅតែមិនដឹង ពីពន្លឺពិតប្រាកដ ដែលកើតឡើងក្នុងហេតុការណ៍នេះ។ ការបើកសំនុំរឿង នឹងអាចធ្វើអោយគេបញ្ជៀសបាន នូវហេតុការណ៍បែបនេះ នៅពេលក្រោយៗទៀត។»
តាមលោកមេធាវី បានបញ្ជាក់ថា ការទទួលខុសត្រូវរបស់ផលិតកម្ម អាចនឹងបង្កជាបញ្ហាឡើង។ «ផលិតកម្មត្រូវបង្ហាញពីភស្ដុតាង ដែលថាបានផ្លាស់ប្ដូរ លក្ខខន្តិកៈនៃកិច្ចសន្យាទាំងឡាយរបស់ពួកគេ ក្នុងការថតកម្មវិធីនៅឆ្នាំនេះ។ បើសិនជាមិនមានការផ្លាស់ប្ដូរទេនោះ វានឹងមានការរំលោភមួយ ជាពិសេសទៅលើពេលវេលានៃការងារ ដែលផលិតកម្មតម្រូវអោយបេក្ខជនធ្វើការ រហូត១៦ម៉ោង ក្នុងមួយថ្ងៃ។ គេត្រូវដឹងថា វិធានការសំខាន់ៗទាំងឡាយ ត្រូវផលិតកម្មដាក់អោយប្រតិប័ត្តិ ខណៈពេលដែលបេក្ខជនទាំងអស់ បានប្រឈមនឹងហនិភ័យមួយ ដែលមានកម្រិតខ្ពស់។ ក្នុងការមិនគោរព សូម្បីតែមួយករណីក៏ដោយ នឹងអាចអោយផលិតកម្ម ប្រឈមនឹងការផ្ដន្ទាទោស ពីបទប្រព្រឹត្តិព្រហ្មទណ្ឌ។» លោកជេរ៉េមី បានបន្ដយ៉ាងដូច្នេះ។
៥ខែ ដែលបានត្រៀមនៅលើកោះរ៉ុង
ជនរងគ្រោះ លោក ហ្សេរ៉ា បាបាំង បានចាប់ផ្ដើមលេខល្បែងដំបូងមួយ នៅក្នុងកម្មវិធីទូរទស្សន៍នោះ តែមានអារម្មណ៍មិនស្រួល ហើយបានសុំអន្តរាគមន៍ពី គ្រូពេទ្យរបស់ផលិតកម្ម ដែលប្រចាំការនៅទីនោះ ជាបន្ទាន់។ គ្រូពេទ្យបានបញ្ជូនលោក បាបាំង តាមឧទ្ធម្ភាគចក្រ ទៅកាន់មន្ទីពេទ្យក្រុងព្រះសីហនុ ហើយបេក្ខជនរូបនេះ បានផុតដង្ហើមនៅទីនោះ។ បន្ទាប់ពីមរណភាព ស្ថានីយ៍ទូរទស្សន៍ប៉ុស្ដ៍លេខមួយ បានលប់ចោល នូវវគ្គ១៦ឆ្នាំ២០១៣នៃកម្មវិធី«កោះល័នតា»នេះ និងបានហៅក្រុមការងារទាំងអស់គ្នា អោយត្រឡប់ទៅប្រទេសបារាំងវិញ។
រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា លោកថោង ខុន បាននិយាយថា ផលិកម្មអេវេនឈើ ឡាញ ត្រៀមថតនិងស្នាក់នៅ សម្រាប់រយះពេល៥ខែ នៅលើកោះរ៉ុង ហើយ១២០លំនៅដ្ឋាន ត្រូវបានសង់ឡើង ដើម្បីទទួលពួកគេ។ លោកបាននិយាយថា បេក្ខជនទាំងអស់ បានត្រឡប់ទៅបារាំងវិញហើយ តែលោករដ្ឋមន្ត្រីមិនបានអះអាង ពីអ្នកដែលសេសសល់ ថាបានចាកចេញពីកម្ពុជា ហើយឬនៅនោះទេ៕
--------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ