មន្រ្តីក្រសួងការងារ «ប្តេជ្ញា»គោរពបញ្ជាលោកហ៊ុន សែន ចំពោះបញ្ហារោងចក្រសហគ្រាស
រដ្ឋមន្រ្តីក្រសួងការងារប្តេជ្ញាអនុវត្តន៍ នូវបទបញ្ជារបស់លោកហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា ស្តីអំពីការរក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅតាមតំបន់រោងចក្រ សហគ្រាស និងតំបន់ឧស្សាហកម្ម ដែលបានចេញកាលពីថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៣ ដោយលោកនឹងចាត់វិធានការ លើកម្មករក្នុងករណី ដែលពួកគេធ្វើការតវ៉ាដោយបិទផ្លូវ។
លោករ៉ុងឈុន ប្រធានសហព័ន្ធសហជីបកម្ពុជា ពេលជួបនិយាយជាមួយកម្មករធ្វើកូដកម្ម។
រូបថត សហព័ន្ធសហជីបកម្ពុជា។
ការប្តេជ្ញានេះបានធ្វើឡើង នៅមុខមន្រ្តីសហជីពដែលជាតំណាងឲ្យកម្មករ និងសមាគមរោងចក្រតំណាង ឲ្យនិយោជក។ លោករដ្ឋមន្រ្តី បាននិយាយខ្លាំងៗថា៖ «យើងមានអធិការកិច្ចការងារ យើងមានច្បាប់ បើកាលណាយើងមានបញ្ហាអី ដំណោះស្រាយដែលល្អបំផុតគឺ ការជជែកពិភាក្សាគ្នាដោយសន្តិវិធី។ [...]