កម្ពុជា៖ ប្រាក់ឈ្នួលកម្មករថ្មី ត្រូវបានអនុម័តឲ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាការងារ នៃក្រសួងការងារ បានប្រជុំអនុម័តសំរេចអនុវត្ត ទៅលើប្រាក់ឈ្នួលអប្បបរមា ជាផ្លូវការកាលពីព្រឹកថ្ងៃសុក្រទី២៩ ខែមិនាឆ្នាំ២០១៣ នៅក្រសួងការងារ។ ការដាក់ឲ្យមានការអនុវត្តនេះ ធ្វើឡើងបន្ទាប់ពីមានអន្តរាគមន៍ ពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីដើមសប្តាហ៌នេះ។
ប្រាក់រៀលខ្មែរ ដែលដូរពីប្រាក់ដុល្លាមក តែមិនសូវជាមាននរណាគេគិតគូរ។
យោងតាមសេចក្តីថ្លែងការណ៍ របស់គណៈកម្មការប្រឹក្សាការងារ ដែលមានចុះហត្ថលេខាដោយលោកវង សូត រដ្ឋមន្រ្តីក្រសួងការងារ លោកណាង សុធី អនុប្រធានតំណាងនិយោជក និងលោកជួន មុំថុល អនុប្រធានតំណាងកម្មករនិយោជិក បានឯកភាពគ្នាលើការតម្លើងប្រាក់ឈ្នួលកម្មករ ដាក់បញ្ចូលប្រាក់ឧបត្ថម្ភ សុខភាពចំនួន៥ដុល្លារអាមេរិក ដែលបានសំរេចកាលពីឆ្នាំ២០១១ ជាប្រាក់ឈ្នួលគោលរបស់កម្មករនិយោជិត ផ្នែកវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើង។
សេចក្តីថ្លែងការណ៌នេះ បានបន្តទៀតថា៖ «កំណត់ប្រាក់ឈ្នួលអប្បបរមារ បស់កម្មករនិយោជិកផ្នែកវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើង ចំនួន៧៥ដុល្លារអាមេរិក ក្នុងមួយខែសំរាប់កម្មករនិយោជក សាកល្បងពី១ខែទៅ៣ខែ (គឺប្រាក់ឈ្នួលអប្បរមាបច្ចុប្បន្ន៥៦ដុល្លារអាមេរិក បូកប្រាក់តម្លើង១៤ដុល្លារអាមេរិក និងបូកប្រាក់ឧបត្ថម្ភថែទាំសុខភាព ចំនួន៥ដុល្លារអាមេរិក ស្មើនឹង៧៥ដុល្លារអាមេរិក)»។
លិខិតនេះបានបន្ថែមទៀតថា ចប់រយះពេលសាកល្បង កម្មករនិយោជិតពេញសិទ្ធិ ត្រូវទទួលបានប្រាក់ឈ្នួលអប្បបរមា ចំនួន៨០ដុល្លាអាមេរិក ក្នុងមួយខែ គឺប្រាក់ឈ្នួលអប្បបរមាបច្ចុប្បន្នចំនួន៦១ដុល្លារ បូកនឹងប្រាក់តម្លើងចំនួន១៤ដុល្លារ និងបូកប្រាក់ឧបត្ថម្ភថែទាំសុខភាព ចំនួន៥ដុល្លារ ដែលស្មើនឹង៨០ដុល្លារ។
ចំពោះកម្មករនិយោជិក ដែលទទួលប្រាក់ឈ្នួលគិតតាមបរិមមាណផលិតផល (ដេរស៊ីតាម«បុង») ត្រូវបានប្រាក់ឈ្នួល តាមទិន្នផលជាក់ស្តែង ដែលធ្វើបាន។ បើទិន្នការងារទទួលបាននោះ លើសពីចំនួនប្រាក់ឈ្នួលដែលមានចែង ក្នុងចំណុចទី២ខាងលើ ត្រូវទទួលបានតាមការលើសនោះ។ ប៉ុន្តែប្រសិនបើទាបជាង និយោកជកត្រូវបន្ថែម ឲ្យគ្រប់ចំនួន៧៥ដុល្លាអាមេរិកក្នុង១ខែ សំរាប់កម្មករនិយោជិតធ្វើការសាកល្បង និងចំនួន៨០ដុល្លារក្នុង១ខែ សំរាប់កម្មករនិយោជិតពេញសិទ្ធិ។
គណៈកម្មការប្រឹក្សាការងារ បានសំរេចលើការផ្តល់ ប្រាក់ឈ្នួលអប្បបរមាដែលបានចែងនោះ ត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៣នេះតទៅ។
លោកវង សូត បានមានប្រសាសន៌នៅក្នុកិច្ចប្រជុំថា លោកសាទរចំពោះការសំរេចបញ្ចប់ នូវការពិភាក្សាលើការតម្លើងប្រាក់ឈ្នួលអប្បបរមា ជូនកម្មករនិយោជិតនេះ ពីព្រោះភាគីដែលពាក់ព័ន្ធទាំងអស់ បានចំណាយពេលប្រមាណជា៣ខែមកហើយ ក្នុងការប្រជុំពិភាក្សាលើបញ្ហានេះ។
លោកបានថ្លែងថា៖ «ខ្ញុំគិតថាការតម្លើងប្រាក់ឈ្នួលលើកនេះ មានហេតុផលសមរម្យ ដែលអាចធ្វើឲ្យភាគីទាំងអស់ អាចទទួលយកបាន តែទោះបីជាមិនអាច ក៏ត្រូវតែទទួលស្របតាមការសំរេចនេះ ព្រោះវាជាការសំរេចរបស់រាជរដ្ឋាភិបាល»។
លោកក៏បាន ថ្លែងអំណរគុណចំពោះសម្តេចនាយករដ្ឋមន្រ្តី ដែលបានចូលរួមជួយអន្តរាគម ចំពោះករណីដ៏តឹងតែងនេះ ឲ្យបញ្ចប់ដោយរលូត។
លោក អាត់ ធន ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ) មិនមានការពេញចិត្ត ទៅលើសំរេចនេះទេ ហើយលោកបានធ្វើការតវ៉ាបន្តិចផងដែរ នៅក្នុងអង្គប្រជុំ តែត្រូវបានសមាជិកសមាគមតំណាងឲ្យនិយោជក និងមន្រ្តីក្រសួងបានធ្វើការបង្អាក់ ដោយលើកហេតុផលថា ការសំរេចនេះមិនអាចប្រកែកបានទេ ដោយវាជា«ការសំរេច» របស់លោកនាយករដ្ឋមន្រ្តី។
លោកបានមានប្រសាសន៍ថា៖ «គណៈកម្មការប្រឹក្សាការងារ មានតួនាទីក្នុងការពិភាក្សា លើប្រាក់ឈ្នួលកម្មករ តែពេលនេះបែរជាឲ្យ លោកនាយករដ្ឋមន្រ្តី ជាអ្នកសំរេចបញ្ចប់ទៅវិញ»។ លោកបានលើកជាសំណួរថា តើថ្ងៃក្រោយ គណៈកម្មការប្រឹក្សាការងារនេះ ធ្វើអ្វីវិញ?
ចំណែក អនុគណៈកម្មការប្រឹក្សាការងារតំណាងនិយោជក លោកណាង សុធី ក៏បានមានថ្លែងតបវិញដែរថា ការសំរេចលើប្រាក់ឈ្នួលនេះ ខាងនិយោជក មិនមានការសប្បាយចិត្ត ទាល់តែសោះ។
លោកបានបន្តថា៖ «តាមពិតទៅ ការដែលលោកនាយករដ្ឋមន្រ្តីសំរេចនេះ គឺខាងនិយោជកមិនមានការពេញចិត្ត និងសប្បាយចិត្តទេ។ តាមពិតជំហររបស់យើង តាំងពីធ្វើការពិភាក្សាគ្នាថ្ងៃដំបូង គឺយើងមានលទ្ធភាពតែ៧៥ដុល្លារទេ បូករួមនឹងប្រាក់ថែទាំសុខភាពផង ប៉ុន្តែប្រមុខរាជរដ្ឋាភិបាល បានសំរេចឲ្យយើងបន្ថែមទៀត។ យើងមិនអាចដឹងទេថា តើនឹងមានឧបសគ្គអ្វី នឹងអាចប្រឈមមុខជាមួយនឹងរោងចក្រ ហើយរោងចក្រនឹងអាចបិទទ្ធារ (...)។»
លោកបានពន្យល់ថា កម្មករបានធ្វើការទាមទារ តម្លើងប្រាក់ឈ្នួលរបស់ពួកគេ តាំងពីខែ១រហូតដល់ខែ៣នេះ មានប្រហែលជា៧០លើករួចមកហើយ។ កម្មករតាមរោងចក្រខ្លះ បានទាមទារឲ្យមានការអនុវត្តន៍ លើការប្រាក់ឈ្នួលនេះ ចាប់ពីខែមេសាតែម្តង។
លោកបានបន្ថែមថា៖ «ខ្ញុំគិតថាការទាមទារ របស់សហជីពកម្មករមួយចំនួន មិនមានការគោរព ទៅតាមសេចក្តីជូនដំណឹង របស់រាជរដ្ឋាភិបាលសោះ។ វាជាការពិបាកណាស់ សំរាប់រោងចក្រ សហគ្រាសរបស់យើង។»
ទោះបីជាការអនុវត្តលើប្រាក់ឈ្នួលកម្មករនេះ ត្រូវបានអនុម័តក៏ដោយ ក៏សហជីពឯករាជ្យមួយចំនួន នៅមិនមានការទទួលយក និងមានគំរោងធ្វើការតវ៉ា ទាមទារប្រាក់ឈ្នួលអប្បបរមាកម្មករ រហូតដល់១០០ដុល្លារអាមេរិក តាមការគ្រោងទុករបស់ពួកគេ។
-----------------------------------------------
ដោយ ៖ គិន ហត្ថារ៉ូ - ភ្នំពេញ ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ