ជា មុន្នី ថាក្រសួងការងារ រើសអើងសហជីពរបស់លោក
«វាជាការរើសអើង (...) បើកាលណាយើងច្បាស់ យើងមានចំនុចជាច្រើន ដែលជាចំនុចខ្សោយរបស់ក្រសួងការងារ ពាក់ព័ន្ធទៅនឹងអំពើពុករលួយ នៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ។ អញ្ចឹងគេកម្រឱ្យយើង ទៅនិយាយហែកកេរ្ត៍នៅក្នុងអង្គប្រជុំធំៗណាស់។» នេះជាការឡើកឡើងរបស់លោក ជា មុន្នី ប្រធានសហជីពកម្មករដ៏ល្បីមួយ ដែលបានធ្វើការរិះគន់ ទៅលើក្រសួងការងារ ជុំវិញមិនអញ្ជើញសហជីពរបស់លោកឲ្យទៅចូលរួមក្នុងសិក្ខាសាលាថ្នាក់ជាតិមួយស្ដីពីប្រាក់ឈ្នួលអប្បបរមារបស់កម្មករ។
លោក ជា មុនី ប្រធានសហជីបសេរីកម្មកកម្ពុជា អោបរូបសំណាកលោក ជា វិជ្ជា បងប្រុសរបស់លោក។ (រូបថត MONOROOM.info)
សិទ្ធិ - ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុន្នី បានប្រតិកម្មនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤ នេះថា ភាគច្រើនការងារប្រជុំធំៗ ពាក់ព័ន្ធទៅនឹងផលប្រយោជន៍កម្មករ ការអញ្ជើញលោកទៅចូលរួមមានតិចតួចណាស់។ ប្រសិនបើហៅ លុះត្រាតែមានគំនាបពីខាងស្ថានទូត ពីអ្នកបញ្ជាទិញ ហើយជួនកាលមានគំនាប ពីអង្គការពលកម្មអន្តរជាតិ ទើបមានការអញ្ជើញអោយចូលរួម។
ប្រតិកម្មរបស់ប្រធានសហជីពខាងលើ ក្រោយពីសហជីពរបស់លោក មិនត្រូវបានក្រសួងការងារអញ្ជើញទៅចូលរួម ក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការពីការស្វែងរកនូវយន្តការ និងប្រព័ន្ធនៃការគ្រប់គ្រង កំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជានោះឡើយ។
លោក ជា មុន្នី បន្ថែមថា បើហៅដោយឆន្ទៈតាមកិច្ចការរដ្ឋបាល ត្រូវតែឱ្យអង្គការវិជ្ជាជីវៈ ដែលពាក់ព័ន្ធចូលរួមធ្វើដោះស្រាយ រឿងបញ្ហារបស់កម្មករ ដូចជាបញ្ហាប្រាក់បៀរវត្ស និងសិទ្ធិកម្មករជាដើម គឺកម្រហៅទៅចូលរួមណាស់។ លោកថា បញ្ហាបែបនេះ វាកើតឡើងតាំងពីដើមឆ្នាំ២០១៤មក។
លោកថ្លែងពន្យល់ ពីមូលហេតុនេះថា៖ «ខ្ញុំច្បាស់ណាស់ ក្នុងវិស័យឧស្សាហកម្មកាត់ដេរ ហើយខ្ញុំធ្វើការងារអស់រយៈពេល១៥ឆ្នាំហើយ បើកាលណាយើងច្បាស់ យើងមានចំនុចជាច្រើន ដែលជាចំនុចខ្សោយរបស់ក្រសួងការងារ ពាក់ព័ន្ធទៅនឹងអំពើពុករលួយ នៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ។ អញ្ចឹងគេកម្រឱ្យយើង ទៅនិយាយហែកកេរ្ត៍នៅក្នុងអង្គប្រជុំធំៗណាស់ ព្រោះអង្គប្រជុំនេះ ផ្តោតទៅលើការតម្លើងប្រាក់បៀវត្សសមរម្យរបស់កម្មករ។» លោកបានហៅទង្វើនេះ ថាជាការរើសអើងសហជីព និងជាកំហុសដ៏ធ្ងន់ធ្ងរមួយរបស់ក្រសួង។
ឆ្លើយតបនឹងការចោទប្រកាន់ខាងលើ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានបញ្ជាក់ថា ក្រសួងបានចែកជូនលិខិតអញ្ជើញនេះ ទៅដល់គ្រប់សហជីពតាំងពីថ្ងៃច័ន្ទមកម្លេះ។ ការដែលលោក ជា មុន្នី មិនទាន់បានទទួលលិខិតនេះ ប្រហែលជារដ្ឋបាលរបស់អង្គភាពគាត់ មិនទាន់ប្រគល់ឱ្យ ព្រោះបុគ្គលិករបស់គាត់បានចុះហត្ថលេខាទទួលរួចហើយ៕
----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៣ មេសា ២០១៤