អ្នករងគ្រោះជម្លោះដីធ្លីរំលឹក ADB ឲ្យជំរុញអាជ្ញាធរដោះស្រាយតាមច្បាប់
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: April 24, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សហគមន៍រងគ្រោះជម្លោះដីធ្លីក្នុងរាជធានីភ្នំពេញ បានមកជួបជុំគ្នាមុខធនាគារអភិវឌ្ឍន៍អាស៊ី រំលឹកជាថ្មីចំពោះ«ការដោះស្រាយ» ដោយ«គ្មានភាពទទួលខុសត្រូវ» នៃសមត្ថកិច្ចសាលារាជធានីភ្នំពេញ និងរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក។ ប្រជាពលរដ្ឋប្រមាណជាងមួយរយនាក់ បានមកជួបជុំគ្នាដើម្បីដាក់ញាតិ ដល់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលជាម្ចាស់ជំនួយដ៏ធំ ផ្តល់ថវិការក្នុងកិច្ចអភិវឌ្ឈន៍នៅកម្ពុជា ជួយអន្តរាគមន៍ និងដៅស្រាយ។
ក្រុមប្រជារងគ្រោះនឹងជម្លោះដីធ្លី នៅមុខធនាគារអភិវឌ្ឍន៍អាស៊ី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)
សហគមន៍ដីធ្លី - អ្នកស្រី កែវ រស្មី អតីតអ្នកបឹងកក់កំពុងឈរស្រែកតាមឃោសនស័ព្ទ ស្នើដល់ធនាគារអភិវឌ្ឈន៍អាស៊ី ជួយជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធ ពិសេសរដ្ឋាភិបាល គោរព និងអនុវត្តតាមសារាចរលេខ ក្នុងការប្រគល់ដីចំនួន១២ហិកតា មកប្រជារងគ្រោះ តាមការបញ្ជាររបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។
អ្នកស្រីលើកឡើងដូច្នេះថា៖ «ពួកយើងស្នើដល់សាលារាជធានីភ្នំពេញ គោរពឲ្យបានដាច់ខាតតាមអនុសាសន៍សម្តេច ក្នុងអនុក្រិត្យលេខ១៨៣អនក្រ.បក ស្តីពីដីដំបន់បឹងកក់ និងការផ្តល់ដី១២ហិកតា និង៤៤ ដល់ប្រជាពលរដ្ឋ។ (...) សាលារាជធានីភ្នំពេញ មិនត្រូវបដិសេធមិនទទួលខុសត្រូវ លើប្រជាពលរដ្ឋ ដែលកើតចេញពីកំហុសរបស់ខ្លួននោះទេ។»
ក្នុងការជួបជុំគ្នានេះរួមមានសហគមន៍បុរីកីឡា បឹងកក់ និងសហគមន៍មួយចំនួនទៀត បាននាំគ្នាមកដាក់ញាតិនៅធនាគារអភិវឌ្ឈន៍អាស៊ី ស្នើសុំចាត់តំណាងចូលរួមរាល់ដំណោះស្រាយដីធ្លីវាងប្រជាពលរដ្ឋ និងសាលារាជធានីភ្នំពេញ ដើម្បីបានដឹងលឺនូវដំណើរការ«ពិត»នៃរាល់ដំណោះស្រាយទាំងនោះ។
អ្នកស្រី វ៉ាន់ នី ក្នុងកិច្ចសម្ភាសដោយឡែកជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ប្រជាពលរដ្ឋក្នុងភូមិមួយ ជាប់នឹងផ្លូវរថភ្លើង ដែលបច្ចុប្បន្នកំពុងរងនូវការបូមខ្សាច់ពន្លិច ដោយក្រុមហ៊ុន ស៊ូការកូអ៊ីន ក្នុងតំបន់បឹងកក់ បានបញ្ជាក់ថា ក្នុងកិច្ចជំនួបរវាងស្វែងរកដំណោះស្រាយរបស់សាលារាជធានីភ្នំពេញនិងប្រជាពលរដ្ឋនោះកាលបីថ្ងៃតី២២ ខែមេសា ឆ្នាំ២០១៤នេះ ពុំអាចទទួលយកបានឡើយ។ អ្នកស្រីបានបញ្ជាក់មូលហេតុថាលោក ប៉ា សុជាតិវង្ស បានសម្រេចឲ្យដីមកប្រជាពលរដ្ឋ ក្នុងមួយគ្រួសារទំហំតែ៤ម៉ែត្រ គុណនឹង១៨ម៉ែត្រទេ ទោះពលរដ្ឋទាំងនោះ ពីមុនមានដីទំហំប៉ុណ្ណាក៏ដោយ ហើយក៏មិនមានបន្ថែម នូវសំណាងជាប្រាក់លើនោះទៀតដែរ។ អ្នកស្រីបន្តថា លោកអភិបាលរាជធានីរូបនេះបញ្ជាក់ថា ការផ្តល់ដីនេះ ជាមនោសញ្ចេតនារបស់សាលារាជធានីហើយ ប្រជាពលរដ្ឋត្រូវតែទទួលយក ព្រោះ(វា)ជាការសម្រេច របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនដែរ។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យ សាលារាជធានីភ្នំពេញលោក ឡុង ឌីម៉ង់ ពាក់ព័ន្ធនឹងជំនួបកាលពីថ្ងៃទី២២ ខែមេសា បានទេក្នុងថ្ងៃនេះ។ តែតាមការបញ្ជាក់ក្នុងញាតិបានសរសេរថា សាលារាជធានីភ្នំពេញសម្រេចប្រគល់ដីក្នុងមួយគ្រួសារ ត្រឹមតែ៨ម៉ែត្រគុណ១៨ម៉ែត្រប៉ុណ្ណោះ។ ឯអ្នកស្រី វ៉ាន នី បានថ្លែងបញ្ជាក់បន្ថែមលើបញ្ហាអនុក្រិត្យលេខ១៨៣ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តាមសម្តី លោក ប៉ា សុជាតិវង្សថា៖ «ចំណែកដី១២.៤៤ហិកតា គ្មានដីសល់សម្រាប់ចែកប្រជាពលរដ្ឋទេ។»
ក្នុងពេលកន្លងមក អនុប្រធានផ្នែក និងមេធាវីតំបន់ នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ណៃ វ៉ង់ដា ធ្លាប់បានបញ្ជាក់ថាការសន្យាពីមួយពេល ទៅមួយពេល ចេះតែកើតមាន ក៏ប៉ុន្តែភាពពិតជាក់ស្តែងនៃការការពារ និងការដោះស្រាយ នៅតែមានភាពមិនច្បាស់លាស់។ រីឯជនរងគ្រោះនៅតែបន្តមានបញ្ហាក្រោមការដោះស្រាយ ដោយគ្មានភាពទទួលខុសត្រូវ។
រូមរំលឹកថា ក្នុងអនុក្រិត្យលេខ១៨៣ អនក្រ.បក ដែលបានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១១ ក្នុងមាត្រាមួយចំណុចពីរបានចែងថា៖ «ដីទំហំដី១២.៤៤ហិកតា ដូចមានផែនទីកំណត់ព្រំប្រទល់ដែលមាននិយាមកា ភ្ជាប់ជាឧបសម្ព័ន្ធទី១ នៃអនុក្រិត្យនេះ រាជរដ្ឋាភិបាលផ្តល់ជាប្រទានកម្មជូនប្រជាពលរដ្ឋ ដោយរដ្ឋទទួលបន្ទុកបង់ពន្ធប្រថាប់ត្រាជំនួស។» ក្នុងមាត្រាបីនៃអនុក្រិត្យដដែលនេះ បានចែងថា៖ «បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រិត្យនេះ ត្រូវទុកជានិរាករណ៍៕»
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៤ មេសា ២០១៤