អាជីវករផ្សារកំពង់ស្ពឺ ប្រត្តិកម្មនឹងការធ្វើអនុបយោគដីរបស់រដ្ឋាភិបាល
- ដោយ: ក. វិច្ចនី អត្ថបទ៖ក. វិច្ចនី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី ២៤ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 24, 2014
- ប្រធានបទ: ដីធ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អនុក្រិត្យមួយ ស្តីពីការធ្វើអនុបយោគដី ត្រូវបានចេញដោយរដ្ឋាភិបាល ក្នុងការប្តូរចំណាត់ថ្នាក់ពីទ្រព្យសម្បត្តិរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋវិញ ដែលទ្រព្យសម្បត្តិនេះជាដីចំណតរថយន្ដ ស្ថិតនៅក្នុងផ្សារកំពង់ស្ពឺ និងមានប្រជាពលរដ្ឋជាច្រើនគ្រួសារ បានកំពុងរកទទួលទាននៅលើដីនោះផងដែរ។
ការផ្លាស់ប្តូរនេះ ត្រូវបានអាជីវករលក់ដូរនៅតំបន់នោះ មិនព្រមទទួលយកការដោះដូរនោះទេ។ ការផ្ទេរកម្មសិទ្ធដីសាធារណៈនេះ មិនត្រូវបានអាជ្ញាធរជូនដំណឹង ទៅអាជីវករជាមុន ហើយនៅពេលដែលក្រុមហ៊ុនឯកជនមួយនោះ បានមកធ្វើការបណ្តេញក្រុមអាជីវករចេញ មិនឲ្យប្រកបរបរលក់ដូរ ទើបពួកគាត់ជាអាជីវករដឹង ហើយមានការភ្ញាក់ផ្អើលចំពោះបញ្ហានេះ។ ក្រុមហ៊ុន ដែលក្លាយជាម្ចាស់ដីសារធារណៈ ព្រោះទើបនឹងទទួលបានកម្មសិទ្ធពីរដ្ឋាភិបាលនោះ បានបណ្តេញប្រជាពលរដ្ឋមិនឲ្យលក់ដូរបន្តទៀត ដោយអះអាងថាដីនោះជាដីរបស់ខ្លួន។
ទាក់ទងនឹងបញ្ហានេះ ក្រុមអាជីវករធ្លាប់បានដាក់ពាក្យបណ្តឹង ទៅសាលាខេត្តកំពង់ស្ពឺជាច្រើនដងមកហើយ ប៉ុន្តែមិនដែលឃើញមានអាជ្ញាធរណាមួយ ជួយធ្វើអន្តរាគមន៍នៅឡើយ ទើបរហូតមកដល់ថ្ងៃនេះ ពួកគាត់បាននាំគ្នាយកញត្តិ មកដាក់ជូនរដ្ឋសភាដើម្បីជួយរកដំណោះស្រាយ។
លោក នុំ កុសល តំណាងឲ្យក្រុមអាជីវករ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ជុំវិញជំលោះដីធ្លីនេះបានកើតឡើងជិតមួយឆ្នាំទៅហើយ ប៉ុន្តែអាជ្ញាធរខេត្តមិនព្រមអើពើដោះស្រាយជំលោះជូនប្រជាពលរដ្ឋនោះទេ។ ហើយការដែលសាលាខេត្តដោះស្រាយបញ្ហានេះមិនចេញ ដោយសារតែថ្នាក់លើបានបញ្ជាក់ថា ពលរដ្ឋរស់នៅក្នុងប្លុកបេនឡាននោះ បានយល់ព្រមផ្តិតមេដៃប្រគល់ដីនោះ ទៅជាដីសារធារណៈឯកជនរបស់រដ្ឋទៅហើយ ប៉ុន្តែធាតុពិតពួកគាត់មិនបានដឹងនោះទេ។ លោកថា លោកតវ៉ានេះគ្រាន់តែចង់បានកន្លែងលក់ដូរវិញប៉ុណ្ណោះ ហើយលោកបានសង្ឃឹមយ៉ាងមុតមាំថាគណៈកម្មការទី ១នៃរដ្ឋសភា នឹងជួយដោះស្រាយទំនាស់នេះជូនពួកគាត់ជាក់ជាមិនខាន។
ព្រមជាមួយគ្នានេះ ក្រុមអាជីវករប្រមាណជាង ២០០នាក់ បានសំណូមពរទៅរដ្ឋាភិបាលដែលបានដោះដូរដី ជាសាធារណៈនោះឲ្យពិចារណាម្តងទៀត ព្រោះការដោះដូរនេះ គ្មានការយល់ព្រមពីប្រជាពលរដ្ឋ ដែលកំពុងរស់នៅលើដីនោះឡើយ។ ពួកអាជីវករ បាននិយាយបន្ថែមថា ការដោះដូរដីនៅចំណុចបេនឡានកំពុងស្ពឺនេះ មានការប៉ះពាល់អាជីវករលក់ដូរប្រមាណជាជាង៣០០គ្រួសារ។
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនអាចសុំការបំភ្លឺពីក្រុមហ៊ុនទទួលសិទ្ធគ្រប់គ្រងដីនោះ និងពីអាជ្ញាធរខេត្តកំពង់ស្ពឹបានទេ នៅពេលនេះ៕