ឈាង វុន ព្រមាន​ដក​អភ័យឯក​សិទ្ធិ អ៊ុំ សំអាន ដោយ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា (vdo)

អ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន បានចោទប្រកាន់ តំណាងរាស្រ្តមួយរូប មកពីគណបក្សសង្គ្រោះជាតិ ថា​បាន​រំលោភ​រដ្ឋធម្មនុញ្ញ ទាក់​ទង​នឹង​ការព្យាយាមប្តឹង ប្រធានរដ្ឋសភា ទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញ ព្រោះនេះ មិន​មែន​ជា​ទង្វើ នៃ​អ្នក​តំណាង​រាស្រ្ត។ លោក ឈាង វុន ថែមទាំងនិយាយថា គណៈកម្មការអចិន្ត្រៃយ៍រដ្ឋសភា នឹងធ្វើការ ជំនួស​សភា​ពេញអង្គ ដើម្បី​ដក​អភ័យឯកសិទ្ធិ​សភា ពី​តំណាង​រាស្ត្រ​រូបនោះទៀតផង។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី១៧ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 18, 2015
  • ប្រធានបទ: សិទ្ធិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា អាចធ្វើការសម្រេច ជំនួសសភាពេញអង្គ ដើម្បីធ្វើការដកអភ័យឯកសិទ្ធិ​សភា ពីលោក អ៊ុំ សំអាន តំណាងរាស្ត្រមណ្ឌលសៀមរាប មកពីគណបក្សសង្គ្រោះជាតិ ប្រសិនបើ​តំណាង​រាស្ត្រ​រូបនេះ នៅតែព្យាយាមប្ដឹងលោក ហេង សំរិន ទៅក្រុមប្រឹក្សាធម្មនុញ្ញ ដែលប៉ះពាល់កិត្តិយស របស់​ប្រធាន​រដ្ឋសភា។ នេះជាការលើកឡើង របស់លោក ឈាង វុន តំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជា អ្នកនាំពាក្យ និងជាប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃរដ្ឋសភា ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៧ ខែកក្កដានេះ។

លោក ឈាង វុន បានពន្យល់ ដោយលើកយក ការយល់ឃើញរបស់«អ្នកខ្លះ» មកបញ្ជាក់ថា ដើម្បីប្ដឹងអ្នក​តំណាងរាស្ត្រ ទៅតុលាការ និងដើម្បីឲ្យតុលាការ អាចចាត់វិធានការ តាមនីតិវិធីបាន លុះត្រាអ្នកតំណាង​រាស្ត្រ​នោះ ត្រូវបានដកអភ័យឯកសិទ្ធ ដោយសម្លេង២ភាគ៣ នៃសភាពេញអង្គ ជាមុនសិន។ តែការលើកឡើងនេះ ត្រូវបានអ្នកនាំពាក្យរដ្ឋសភារូបនេះ វាយតម្លៃថា ជាការយល់ឃើញ«ខ្លី» និងមិនយល់ ពីការងាររបស់រដ្ឋសភា។

អ្នកនាំពាក្យ និងជាតំណាងរាស្ត្រ មកពីគណបក្សកាន់អំណាច បានថ្លែងទៅកាន់អ្នកសារព័ត៌មានទៀតថា នៅ​ពេលរដ្ឋសភា ស្ថិតក្នុងវិស្សមកាល គឺគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា មានសិទ្ធិសម្រេច ជំនួសសភាពេញ​អង្គ រួចហើយគ្រាន់តែរាយការណ៍ ជូនសភាពេញអង្គប៉ុណ្ណោះ។ ហើយការសម្រេច របស់គណៈកម្មាធិការ​អចិន្ត្រៃយ៍​នេះ នឹងត្រូវធ្វើឡើង ដោយសម្លេង៥០%+១ នៃសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នោះ។ លោក បាន​​ព្រមាន​បន្ថែមថា៖ «ធ្វើយ៉ាងណា កុំឲ្យទូកចេញពីកំពង់ឲ្យសោះ។ ព្រោះតែចេញហើយ ពិបាកហៅ ឲ្យ​ចូលមក​វិញ​ណាស់។»

ការលើកឡើងរបស់លោក ឈាង វុន បានធ្វើឡើង បន្ទាប់ពីប្រតិកម្ម របស់លោក អ៊ុំ សំអាន អះអាងថា នឹង​ដាក់​ពាក្យបណ្ដឹង ប្ដឹងលោក ហេង សំរិន ទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញ ព្រោះប្រធានរដ្ឋសភារូបនេះ បាន​បដិសេធ​លិខិត របស់តំណាងរាស្ត្រគណបក្សប្រឆាំង សុំឲ្យផ្អាកការបោះបង្គោលព្រំដែន កម្ពុជា-វៀតណាម។ លោក អ៊ុំ សំអាន បានចាត់ទុក ការបដិសេធលិខិតរបស់លោក មិនបញ្ជូនទៅរដ្ឋាភិ​បាល របស់ប្រធានរដ្ឋសភា ថាមិន​បាន​គោរពរដ្ឋធម្មនុញ្ញ ត្រង់មាត្រា៩៦។

កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ លោក ហេង សំរិន បានសម្រេច មិនបញ្ជូនលិខិត របស់​តំណាង​រាស្រ្ត​គណបក្សប្រឆាំង ទៅកាន់នាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ឡើយ។ ការបដិសេធនេះ ត្រូវបានលោក ឈាង វុន ពន្យល់ពីមូលហេតុថា ព្រោះវាជាការលូកដៃ ពីសំណាក់អង្គការនីតិបញ្ញត្តិ ចូលកិច្ចការរបស់​អង្គការ​នីតិ​ប្រតិបត្តិ ដោយសារ​លិខិតរបស់ក្រុមលោក អ៊ុំ សំអាន ពុំមានលក្ខណៈជាសំណួរឡើយ។ អ្នកនាំពាក្យរដ្ឋសភា ថែម​ទាំង​បាន​ចោទ​លោក អ៊ុំ សំអាន វិញថា គឺអ្នកតំណាងរាស្ត្ររូបនេះទេ ដែលជាអ្នកធ្វើខុស រដ្ឋធម្មនុញ្ញ។ លោក ឈាង វុន បាន​និយាយថា៖ «លោក អ៊ុំ សំអាន ទេ ជាអ្នកធ្វើខុសនឹងរដ្ឋធម្មនុញ្ញ។ លោកមិនសម ជាអ្នក​តំណាង​​រាស្ត្រ ក្នុង​បរិបទថ្មី នៅក្នុងនយោបាយកម្ពុជានោះទេ។ (…) លោកគួរដកសម្តី ចោទប្រកាន់នេះវិញ ប្រហែល​​ជា​​សភាព​ការណ៍ អាចធូរស្រាល។ ហើយត្រូវសិក្សាបន្ថែមទៀត ចំពោះច្បាប់ដែលយើងមាន។»

លោក ឈាង វុន បានថ្លែងទៀតថា៖ «ហើយឯកសារ ដែលពាក់ព័ន្ធ នឹងការឆ្លើយឆ្លងគ្នា និងឯកសារ​ហ្វេសប៊ុក របស់ឯកឧត្ដម អ៊ុំ សំអាន អី ខ្ញុំឲ្យគេរៀបចំហើយ ដាក់នៅក្នុងវេបសាយ របស់រដ្ឋសភា ឲ្យ​អ្នក​សារព័ត៌មាន (...) ធ្វើការសិក្សាមើល ថាតើការលើកឡើង របស់ឯកឧត្ដម អ៊ុំ សំអាន ត្រឹមត្រូវឬអត់?»

ចំពោះការព្រមាន ដកអភ័យឯកសិទ្ធសមាជិកសភា អះអាងឡើងដោយលោក ឈាង វុន ខាងលើ នៅមិនទាន់​មានប្រតិកម្ម ពីលោក អ៊ុំ សំអាន មកវិញនៅឡើយ។ ប៉ុន្តែតំណាងរាស្ត្រ មកពីគណបក្សប្រឆាំង នៅតែរក្សា​ជំហរប្តឹង ប្រធានរដ្ឋសភា លោក ហេង សំរិន ទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញដដែល។ លោក អ៊ុំ សំអាន បាន​បញ្ជាក់ តាមទំព័រហ្វេសប៊ុករបស់លោកថា ​លោក ហេង សំរិន បានធ្វើខុសនីតិវិធីរដ្ឋបាលមួយ ដែលមានចែង​ក្នុងមាត្រា៩៦ នៃរដ្ឋធម្មនុញ្ញថា៖ «តំណាងរាស្ត្រ មានសិទ្ធិដាក់សំណួរ ដល់រាជរដ្ឋាភិបាល សំណួរនេះ ត្រូវ​សរសេរ ជាលាយលក្ខណ៍អក្សរ ប្រគល់ជូន តាមរយៈប្រធានរដ្ឋសភា»។

យ៉ាងណាក៏ដោយ ការអះអាងរបស់លោក ឈាង វុន ក្នុងការប៉ុនប៉ងដកអភ័យឯកសិទ្ធិ សមាជិកសភា ពីអ្នក​តំណាងរាស្ត្រ ដោយគណៈកម្មាធិការអចិន្ត្រៃយ៍នេះ មិនត្រូវបានលោក ឈាង វុន ខ្លួនលោកលើកយកមាត្រា ឬពី​ប្រការ នៃបទបញ្ជាផ្ទៃក្នុងណាមួយ មកបញ្ជាក់ឡើយ។ ប៉ុន្តែបើទោះជាប្រការណាមួយ បានចែងឡើង ពីការ​ធ្វើការជំនួសសភាពេញអង្គ ដោយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្នុងការដកអភ័យឯកសិទ្ធ របស់​សមាជិក​សភាមែនក៏ដោយ ក៏ការចែងឡើងនេះ មានការប្រទាំងប្រទើស ទៅនឹងរដ្ឋធម្មនុញ្ញ ត្រង់មាត្រា១៥០ថ្មី ដែល​បាន​ចែង​ថា៖ «ច្បាប់ និងសេចក្តីសម្រេចទាំងឡាយ នៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របនឹង​រដ្ឋធម្មនុញ្ញជា​ដាច់​ខាត»។

ប្រការនោះ អាចនឹងមិនស្រប តាម​មាត្រា៨០ នៃរដ្ឋធម្មនុញ្ញា ដែលបានចែងថា៖

«តំណាងរាស្ត្រ​ មាន​អភ័យ​ឯកសិទ្ធិ​សភា។ (...)

ការ​ចោទ​ប្រកាន់​​ ការ​ចាប់​ខ្លួន​ ការ​ឃាត់​ខ្លួន​ ឬ​ការ​ឃុំ​ខ្លួន​​ សមាជិក​ណា​មួយ​នៃ​រដ្ឋសភា​ នឹង​អាច​ធ្វើ​​ទៅ​កើត​ លុះ​ត្រា​តែ​មាន​ការ​យល់​ព្រម​ពី​​រដ្ឋសភា​ ឬ​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ​របស់​រដ្ឋសភា​ ក្នុង​ចន្លោះ​សម័យ​ប្រជុំ​នៃ​រដ្ឋសភា​ វៀរលែង​តែ​ក្នុង​ករណី ​បទល្មើស​ព្រហ្មទណ្ឌ​ជាក់​ស្ដែង។ (...)

សេចក្ដី​សម្រេច ​របស់​គណៈកម្មាធិការ​​អចិន្ត្រៃយ៍ ​របស់​រដ្ឋសភា​ ត្រូវ​​ដាក់​ជូន​សម័យ​ប្រជុំ ​រដ្ឋសភា​ខាង​មុខ​ ដើម្បី​អនុម័ត​តាម​មតិ​ភាគ​ច្រើន ​ពីរ​​ភាគ​បី​ នៃ​សមាជិក​រដ្ឋសភា​ទាំង​មូល។»៕


» សូមស្តាប់ការបកស្រាយទាំងស្រុង របស់លោក ឈាង វុន ដូចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...