ស្បថចូលសភា៖ បក្សសង្រ្គោះជាតិនៅរារែក តែថា«កំពុងពិចារណា»
- ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១០ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 10, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រហូតមកដល់ពេលនេះ បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តទាំង៥៥រូប របស់គណបក្សសង្រ្គោះជាតិនៅមិនទាន់សម្រេចថាទម្លាក់ចោលការធ្វើពហិការ ហើយត្រូវជំនួសដោយការស្បថចូល ទៅបំពេញការងារនៅមន្ទីររដ្ឋសភានៅឡើយ ដោយពួកគេអះអាងថាកំពុងពិចារណា។
រដ្ឋសភានិងអ្នកតំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៣ខែកញ្ញា មុនអាគាររដ្ឋសភា។ (រូបថត MONOROOM.info/ O.vary)
នយោបាយ - ប្រធានក្រុមការងារបច្ចេកទេស ខាងគណបក្សសង្រ្គោះជាតិ លោក សុន ឆ័យ បានថ្លែងថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ត្រូវធ្វើការជាមួយគ្នាច្រើនទៀត ពិសេសលើការកែទម្រង់ការបោះឆ្នោត មុនគណបក្សសង្រ្គោះជាតិ បោះបង់ការធ្វើពហិការ។
លោកសុន ឆ័យ បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ ពីគោលជំហររបស់គណបក្សសង្រ្គោះជាតិ ថាការកែទម្រង់ស្ថាប័នបោះឆ្នោត គឺត្រូវប្រើពេលយូរថែមទៀត ហើយទាល់តែមានការពិភាក្សាគ្នារវាងថ្នាក់ដឹកនាំកំពូល ទើបអាចបញ្ជាក់បាន។ នៅពេលសួរថា តើគណបក្សសង្រ្គោះជាតិ នឹងស្បថចូលសភានៅពេលណា? លោកសុន ឆ័យ បញ្ជាក់ថា៖ «ខ្ញុំមិនដឹងច្បាស់។ យើងកំពុងតែពិចារណា។»
អនុប្រធានគណបក្សប្រជាជនកម្ពុជាលោកហ៊ុន សែន នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ នេះបានព្រលយឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ឯកភាពឲ្យដាក់ស្ថាប័នបោះឆ្នោតចូលទៅក្នុងរដ្ឋធម្មនុញ្ញ តាមរយៈការធ្វើវិសោធនកម្ម ហើយក៏អនុញ្ញាតឲ្យគណបក្សសង្រ្គោះជាតិ សហការជាមួយក្រុមហ៊ុនឯកជន ដើម្បីបង្កើតស្ថានីយទូរទស្សន៍មួយផងដែរ។
ក្នុងពិធីសំណេះសំណាលជាមួយយោធិនពិការ លើទឹកដីស្រុកឈូក ខេត្ដកំពត នៅថ្ងៃទី១០ ខែមិថុនានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជំរុញដល់បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្ត របស់គណបក្សសង្រ្គោះជាតិទាំង៥៥រូប គម្បីស្បថចូលសភា ដើម្បីធ្វើការកំណែទម្រង់ ជាមួយគណបក្សប្រជាជនកម្ពុជា។ តែលោក ហ៊ុន សែន បានបដិសេធដាច់អហង្ការ ចំពោះការទាមទារឲ្យមានការបោះឆ្នោតឡើងវិញ មុនការបញ្ចប់អាណត្តិ។
គួរកត់សម្គាល់ថា បន្ទាប់ពីគណបក្សសង្រ្គោះជាតិ ច្រានចោលលទ្ធផលបោះឆ្នោតសកល ហើយធ្វើហិការមិនស្បថចូលប្រជុំសភា ដោយទាមទារឲ្យមានការបោះឆ្នោតមុនបញ្ចប់អាណត្តិ ក្រោយការកែទម្រង់ស្ថាប័នបោះឆ្នោតមក ប្រទេសកម្ពុជាមានភាពជាប់គាំងផ្នែកនយោបាយ ជិតមួយឆ្នាំទៅហើយ បើគិតចាប់ពីការបោះឆ្នោតសកលខែកក្កដា ឆ្នាំ២០១៣៕