ហ៊ុន សែន បដិសេធដាច់អហង្ការ ចំពោះការបោះឆ្នោតមុនអាណត្តិ
- ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១០ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 10, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដោយសំអាងថាខុសរដ្ឋធម្មនុញ្ញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ នេះបានបដិសេធដាច់អហង្ការ ចំពោះលក្ខខណ្ឌស្នូល របស់គណបក្សសង្រ្គោះជាតិ ដែលទាមទារគណបក្សប្រជាជនកម្ពុជា ឯកភាពការបោះឆ្នោតឡើងវិញមុនបញ្ចប់អាណត្តិ។
លោកហ៊ុន សែន ក្រោយពេលបោះឆ្នោតរួច នៅមណ្ឌលមួយក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី២៨ខែកក្កដា។ (រូបថត Reuters)
នយោបាយ - ក្នុងពិធីសំណេះសំណាលជាមួយយោធិនពិការ លើទឹកដីស្រុកឈូក ខេត្ដកំពត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថាគណបក្សប្រជាជនកម្ពុជា ឯកភាពឲ្យដាក់ស្ថាប័នបោះឆ្នោតចូលក្នុងរដ្ឋធម្មនុញ្ញ ហើយថាបើមានការស្នើសុំ គណបក្សសង្រ្គោះជាតិ ក៏អាចបង្កើតស្ថានីយទូរទស្សន៍ ក្រោមរូបភាពសហការ ជាមួយក្រុមហ៊ុនឯកជនផងដែរ។
តែសម្រាប់ការទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ត្រូវបានលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលមានតំណែង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជាផងនោះ បដិសេធថា មិនអាចទៅរួចទេ ព្រោះវារំលោភរដ្ឋធម្មនុញ្ញ។ លោក ហ៊ុន សែន សង្កត់ធ្ងន់ថា៖ «មិនអនុញ្ញាត ឲ្យមានការបោះឆ្នោតឡើងវិញ មុនឆ្នាំ២០១៨ជាដាច់ខាត ដោយសារតែនេះ ខុសពីរដ្ឋធម្មនុញ្ញកម្ពុជា។»
ការដាក់ស្ថាប័នបោះឆ្នោតចូលក្នុងរដ្ឋធម្មនុញ្ញ និងការទាមទារឲ្យមានការបោះឆ្នោតឡើងវិញ មុនបញ្ចប់អាណត្តិ ត្រូវបានគេសង្កេតឃើញថា គឺជាលក្ខខណ្ឌដ៏រសើប និងជាឧបសគ្គចម្បង រាំងស្ទះដល់កិច្ចចរចានយោបាយ រវាងគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា ។
ប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិផ្សាយជាខេមរៈភាសា នៅយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៤ បានអះអាងថាគណបក្សសង្រ្គោះជាតិ នៅរក្សគោលជំហរដដែល នោះគឺទាមទារ ឲ្យមានការបោះឆ្នោតឡើងវិញមុនបញ្ចប់អាណត្តិ ក្រោយការកែទម្រង់ស្ថាប័នបោះឆ្នោត។ ប្រមុខគណបក្សជំទាស់ដដែលបញ្ជាក់ថា៖ «គោលជំហរគណបក្សសង្រ្គោះជាតិដដែល គឺការគោរពឆន្ទៈប្រជារាស្រ្ត។»
តែសម្រាប់មជ្ឈដ្ឋានអ្នកតាមដានស្ថានការណ៍នយោបាយ និងអ្នកវិភាគនយោបាយឯករាជ្យកម្ពុជា បានសន្និដ្ឋានថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ទំនងជាបានចរចាត្រូវរូវគ្នាជាសង្ងាត់ ស្ទើរតែទាំងស្រុងទៅហើយ តែអ្វីដែលអ្នកនយោបាយរបស់គណបក្សទាំងពីរ កំពុងរំលេចឲ្យឃើញ គឺគ្រាន់តែជាឈុតឆាកនយោបាយ «ខាងក្រៅ»តែប៉ុណ្ណោះ៕