មហាបាតុកម្មទី២របស់បក្សសង្គ្រោះជាតិ ប្រឆាំងលទ្ធផលឆ្នោត (Live)
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: September 15, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នេះជាទំព័រផ្សាយផ្ទាល់ ពីព្រឹត្តិការណ៍ថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០១៣ នៃមហាបាតុកម្មប្រឆាំងលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទីប្រាំនៅកម្ពុជា ឆ្នាំ២០១៣ រៀបចំដោយគណបក្សសង្គ្រោះជាតិ។
សូមអញ្ជើញត្រឡប់ចូលមកអាន នៅក្នុងទំព័រដដែលនេះវិញ ឬប្រសិនបើលោកអ្នក នៅទីនេះរួចជាស្រេចហើយ លោកអ្នកគ្រាន់តែចុចលើប៊ូតុង «ធ្វើបច្ចុប្បន្នភាព (refresh/Actualiser la page)» ឬ ប៊ូតុង «F5» ដើម្បីអាននូវពត៌មាន ឬរបាយការណ៍ ដែលកើតឡើងជាបន្ដបន្ទាប់ភ្លាមៗ ដាក់ផ្សាយជូនពីព្រឹត្តិការណ៍នេះ។ សូមបញ្ជាក់ថា ម៉ោងដែលដាក់ផ្សាយ នៅលើទំព័រនេះ ជាម៉ោងនៅរាជធានីភ្នំពេញ បើទោះជាការផ្សាយផ្ទាល់របស់មនោរម្យព័ងអាំងហ្វូ ធ្វើចេញពីទីក្រុងប៉ារីស ប្រទេសបារាំងក៏ដោយ។
--------------------------------
- ថ្ងៃអាទិត្យ ទី១៥ខែកញ្ញា ម៉ោង០៧និង៣០នាទីយប់
ការផ្សាយផ្ទាល់របស់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ សូមបញ្ចប់តែត្រឹមនេះ។
សូមអរគុណដល់ប្រិយមិត្តទាំងអស់ ដែលបាននៅតាមដានការផ្សាយនេះ រហូតដល់បញ្ចប់។
- ថ្ងៃអាទិត្យ ទី១៥ខែកញ្ញា ម៉ោង០៧និង២៥នាទីយប់
កម្លាំងសមត្ថកិច្ច ដែលត្រូវបានបញ្ជូនមកជួយពង្រឹង នៅពេលមានផ្ទុះអំពើហឹង្សាពីរសៀលថ្ងៃនេះ។ កងកម្លាំងដែលមានរាងធាត់ៗ និងក្បាលពោះធំៗ ... សូមទស្សនាវីដេអូនេះ៖
- ថ្ងៃអាទិត្យ ទី១៥ខែកញ្ញា ម៉ោង០៧និង១០នាទីយប់
សេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖
បាតុកម្មរបស់គណបក្សសង្គ្រោះជាតិថ្ងៃទី១ បានផ្អាកហើយ មកទល់ពេលនេះ ។ ក្រុមបាតុករមួយចំនួនបាននំាគ្នាទៅផ្ទះរៀងៗខ្លួន ឬផ្ទះញ្ញាតិសន្ដាន និងមួយចំនួនទៀតនំាគ្នាសម្រាបនៅទីលានប្រជាធិបតេយ្យតែម្តង ដើម្បីរងចាំចូលរួមធ្វើមហាបាតុកម្ម នៅថ្ងៃស្អែកបន្តទៀត។
- ថ្ងៃអាទិត្យ ទី១៥ខែកញ្ញា ម៉ោង០៧និង០០នាទីយប់
សេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖
ចាប់ពីម៉ោង១០ព្រឹកនេះមក គេសង្កេតឃើញមានព្រះអាទិត្យបាំងឆ័ត្រ ក្នុងពេលកន្លងមកមិនដែលមាន។ តាមអុំប្រុសម្នាក់គាត់បាននិយាយាថា បើព្រះអាទិត្យបាំងឆ័ត្រ នោះអ្នកធំមានទុក្ខ។ លោកតាបន្តរថា ការសម័យសម្តេចឪៗត្រូវបានបាន គេទម្លាក់ចេញពីអំណាចក៏មាន«ព្រះអាទិត្យបាំងឆ័ត្រ»នេះដែរ។ ហើយសម័យកាលពេលបែករបបប៉ុលពត ព្រះអាទិត្យក៏បាំងឆ័ត្រដូចគ្នា។
- ថ្ងៃអាទិត្យ ទី១៥ខែកញ្ញា ម៉ោង០៦និង៤៥នាទីល្ងាច
សេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖
លោក អេង ឆៃអៀង និងលោក អ៊ូ ចាន់រិទ្ធ តំណាងរាស្រ្តជាប់ឆ្នោតខេត្តកណ្តាល បានឡើងធ្វើការប្តេចជ្ញាចិត្តថា នឹងមិនចូលរួមប្រជុំសភានៅថ្ងៃទី២៣ ខែកញ្ញាទេ បើគ្មានដំណោះស្រាយស្វែងរកយុត្តិធម៌ ក្នុងការលួចបន្លំសន្លឹកឆ្នោតនោះ។
- ថ្ងៃអាទិត្យ ទី១៥ខែកញ្ញា ម៉ោង០៦និង៣៥នាទីល្ងាច
លោក ឈឹម ផលវរុណ អ្នកវិភាគល្បីឈ្មោះរបស់ទូរទស្សន៍បាយ័ន្ដ ត្រូវបានបាតុករចោមរោមជេរបញ្ចោរ តែត្រូវបានរំដោះដោយកម្លាំងសមត្ថកិច្ច។ នេះជាវីដេអូ បង្ហាញពីហេតុការណ៍នេះ៖
- ថ្ងៃអាទិត្យ ទី១៥ខែកញ្ញា ម៉ោង០៦និង១៥នាទីល្ងាច
សេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖
ប្រធានគណបកសង្គ្រោះជាតិ លោក សម រង្ស៊ី បានធ្វើដំណើរ ដោយថ្មើជើងមកដល់ ទីលានប្រជាធិបតេយ្យម្តងទៀតហើយ នៅព្រលប់នេះ។ លោក សម រង្ស៊ី បានធ្វើដំណើរឆ្លងកាត់វត្តឧណ្ណាលោម ដែលជាទីកន្លែងមានការប៉ះទង្គិចគ្នា រវាងអាជ្ញាធរជាមួយនឹងបាតុករមួយចំនួន នៅមុននេះបន្តិច។
នៅពេលនេះលោក កឹម សុខា ដែលជាអនុប្រធានគណបក្សសង្គ្រោះជាតិ កំពុងឡើងលើវេទិការដើម្បីថ្លែង ទៅកាន់អ្នកគាំទ្ររបស់ខ្លួនរាប់ម៉ឺននាក់។
សូមបញ្ជាក់នាពេលបន្តិចទៀតនេះ គេនឹងមានចាក់ខ្សែវីដេអូធ្វើមហាបាតុកម្មរបស់លោក មហាត្ម គន្ធី ដែលបានធ្វើនៅក្នុងប្រទេសឥណ្ឌា ដើម្បីទាមទារឯករាជ្យពីប្រទេសអង់គ្លេស។
- ថ្ងៃអាទិត្យ ទី១៥ខែកញ្ញា ម៉ោង០៥និង២៥នាទីល្ងាច
សេចក្ដីរាយការណ៍ពីអង្គការខុមហ្វ្រែល៖
នៅវេលាម៉ោង ៤ និង៣០ ការសង្កេតឃើញថាមានបាតុករប្រមាណ ៤០០នាក់បាន និងកំពុងមានវត្តមាននៅមុខវត្តឧណ្ណាលោម។ ក្នុងចំណោមបាតុករទាំងនោះ មានបាតុករប្រមាណ២០០នាក់ បានចូលរួមសកម្មភាពរុញច្រានប៉ារ៉ាស់បន្លាលួសនៅតំបន់ខាងលើ ប៉ុន្តែមិនមានការបញ្ជាក់អំពីគោលបំណង របស់បាតុករក្នុងការរុញច្រានប៉ារ៉ាស់បន្លាលួសនេះទេ ហើយសមត្ថកិច្ចចម្រុះបានចាត់វិធានការណ៍បង្រ្កាប ដោយបាញ់ទឹកដែលធ្វើឲ្យបាតុករម្នាក់ ប៉ើងទៅជាប់ប៉ារ៉ាស់បន្លាលួស ប៉ុន្តែបាតុករនោះត្រូវបានគេជួយសង្រ្គោះហើយ។ ជាមួយគ្នាក៏មានការបាញ់គ្រាប់បែកផ្សែងលើហ្វូងបាតុករផងដែរ។
- ថ្ងៃអាទិត្យ ទី១៥ខែកញ្ញា ម៉ោង០៤និង៥៥នាទីរសៀល
សេចក្ដីរាយការណ៍ពីអង្គការខុមហ្វ្រែល៖
នៅវេលាម៉ោង ៣ និង៥០នាទី កងកំលំាងចម្រុះដែលឈរជើង នៅមុខវត្តឧណ្ណាលោម បានបាញ់គ្រាប់បែកផ្សែងចំនួន៦គ្រាប់ ទៅលើហ្វូងបាតុករប្រមាណជាង៥០នាក់ ដែលបានរុញច្រានប៉ារ៉ាស់បន្លាលួសនៅតំបន់ខាងលើ។ គេសង្កេតឃើញថាបាតុករទាំងនោះបានបំបែកហ្វូងហើយ។ សេចក្តីរាយការណ៍បឋមឃើញថា មិនមានបាតុកររងរបួសទេ ហើយសមត្ថកិច្ចបានបន្ថែមឡានទឹកចំនួនពីរគ្រឿងទៀតនៅតំបន់នោះ។
- ថ្ងៃអាទិត្យ ទី១៥ខែកញ្ញា ម៉ោង០៤និង៥០នាទីរសៀល
សេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖
ពេលនេះ ក្រុមបាតុករកំពុងតែឡើងសម្តែងមតិស្តីពីទុកកង្វល់ របស់ខ្លួន ដែលឈឺចាប់ចំពោះសន្លឹកឆ្នោតរបស់ខ្លួន ដែលត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សហការជាមួយបក្សប្រជាជនកម្ពុជា លួចបន្លំសន្លឹកឆ្នោតរបស់ពួកគាត់ ។ ក្រុមបាតុករម្នាក់អាចឡើងសម្តែងមតិបាន២នាទី មានអ្នកខ្លះឈឺចាប់ស្រែកលើវេទិកាក៏មាន។
- ថ្ងៃអាទិត្យ ទី១៥ខែកញ្ញា ម៉ោង០៤និង៣០នាទីរសៀល
សេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖
នៅពេលនេះ ក្រុមបាតុករកំពុងនាំគ្នារាំលេង និងស្រែកហោរពាក្យស្លោកមួយចំនួន បន្ទាប់ពីភ្លៀងបានរាំងទៅ។ ក្រុមបាតុករកំពុងតែរងចាំវត្តមានសាជាថ្មី របស់មេដឹកនាំខ្លួនគឺលោក សម រង្ស៊ី និងលោក កឹម សុខា ដែលនឹងមកដល់ទីលានប្រជាធិបតេយ្យនាពេលបន្តិចទៀត។ គួរកត់សម្គាលថា នៅពេលនេះអាកាសធាតុធម្មតានោះទេនៅលានប្រជាធិបតេយ្យ មិនក្តៅហើយក៏មិនត្រជាក់នោះដែរ។
- ថ្ងៃអាទិត្យ ទី១៥ខែកញ្ញា ម៉ោង០៤និង១០នាទីរសៀល
អ្នកតវ៉ានៅតាមផ្លូវ៖
- ថ្ងៃអាទិត្យ ទី១៥ខែកញ្ញា ម៉ោង០៣និង៣០នាទីរសៀល
ឧទ្ធភាគចក្រ ដែលហោះក្រវែលលើ ទីលានប្រជាធិបតេយ្យ និងនៅតាមដងមាត់ទន្លេ មុខព្រះបរមរាជរាំង៖
- ថ្ងៃអាទិត្យ ទី១៥ខែកញ្ញា ម៉ោង០៣និង២០នាទីរសៀល
ចង់ឆ្លងកាត់ទីនេះ ជនបរទេសទាំងនោះ ត្រូវលូនក្រោមរនាំងលួសបន្លា ដែលដាក់ឃាំងបាតុករ ...
- ថ្ងៃអាទិត្យ ទី១៥ខែកញ្ញា ម៉ោង០៣និង០០នាទីរសៀល
សេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖
នៅពេលនេះ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ កំពុងឡើងថ្លែងទៅកាន់អ្នកគាំទ្រ ដោយវាយប្រហារចំៗ ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ លោក យឹម សុណ្ណ បានលើកឡើងថា យើងទាំងអស់គ្នាមិនអាចទទួលយកបាននោះទេ យើងត្រូវតែដូរ គ.ជ.ប ចោលឲ្យបាន ពីព្រោះបន្លំសន្លឹក ឆ្នោតរបស់យើង។ អ្នកនាំពាក្យរូបនេះ ក៏បានអំពាវនាវឲ្យក្រុមបាតុករធ្វើការអត់ធ្មត់ឲ្យ បានខ្ពស់ កុំប្រើហិង្សាឲ្យសោះ។
- ថ្ងៃអាទិត្យ ទី១៥ខែកញ្ញា ម៉ោង០២និង៥០នាទីរសៀល
សេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖
មានបាតុករប្រមាណជាង១០ នាក់ហើយបានដួលសន្លប់នៅក្នុងបាតុកម្មនេះ។ នេះបើតាមការឲ្យដឹង ពីក្រុមអ្នកស្មគ្រចិត្តជួយសង្គ្រោះបន្ទាន់។ យ៉ាងណាក៏ដោយពួកគេទាំងនោះ ត្រូវបាន ក្រុមអ្នកជួយសង្គ្រោះយកចិត្តទុកដាក់ ក្នុងការព្យាបាលនិងបានបញ្ជូនទៅមន្ទីរពេទ្យទាន់វេលា។
នៅជិតបរិវេណទីលានប្រជាធិបតេយ្យ មានឡានសង្គ្រោះជាច្រើនគ្រឿង ទុកប្រចាំការ ដើម្បីត្រៀមជួយសង្គ្រោះបាតុករ។ ឡានទាំងនោះ គឺជាឡានរបស់ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា។
- ថ្ងៃអាទិត្យ ទី១៥ខែកញ្ញា ម៉ោង០២និង៤០នាទីរសៀល
សេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖
នៅពេលនេះ ក្រុមបាតុករបានជួបជុំគ្នា នៅទីលានប្រជាធិបតេយ្យក្រោយពីបានដើរដង្ហែក្បួនរួចមក។ ពួកគេបានប្រមូលផ្តុំគ្នា និងបានស្រែកព្រមៗគ្នាថា ចោរលួយសន្លឹឆ្នោតៗ។ នៅក្នុងបរិវេណទីលានប្រជាធិបតេយ្យឥឡូវនេះ មាន ភ្លៀងបង្ហុរចុះ ធ្វើឲ្យបាតុករទទឹកជោក។ ក៏ប៉ុន្តែយើងសង្កេតឃើញ
ក្រុមបាតុករនៅតែឈរហាលភ្លៀង និងមានការចែកអាវភ្លៀង ពីសំណាក់សប្បុរសជនជាដើម។
- ថ្ងៃអាទិត្យ ទី១៥ខែកញ្ញា ម៉ោង១និង៤៥នាទីរសៀល
វីដេអូ ពេលលោកសម រង្ស៊ី និងលោកកឹម សុខា ដើរនៅតាមផ្លូវមន្នីវង្ស ជាមួយនឹងបាតុកររាប់សិបពាន់នាក់៖
- ថ្ងៃអាទិត្យ ទី១៥ខែកញ្ញា ម៉ោង១២និង៥០នាទីថ្ងៃត្រង់
វីដេអូ ពេលលោកសម រង្ស៊ី ដើរទៅមាត់ទន្លេ៖
- ថ្ងៃអាទិត្យ ទី១៥ខែកញ្ញា ម៉ោង១២និង២៣នាទីព្រឹក
សេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖
អំបាញ់មិញនេះ ស្របពេលដែលក្រុមបាតុករកំពុងតែដើរដង្ហែក្បួន ទៅដល់ព្រះបរមរាជវាំង មានយន្តហោះមួយគ្រឿង បានហោះរំលងក្រុមបាតុករ ដែលកំពុងតែដើរដង្ហែរតាមផ្លូវ នៅតាមមាត់ទន្លេក្បែព្រះបរមរាជវាំង។ យន្តហោះនោះមើលពីចម្ញាយ ទំនងជាយន្តហោះទាហាន។
- ថ្ងៃអាទិត្យ ទី១៥ខែកញ្ញា ម៉ោង១២និង១០នាទីព្រឹក
សេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖
នៅពេលនេះ ទីលានប្រជាធិបតេយ្យមានភាពស្ងប់ស្ងត់ ដោយសារតែក្រុមបាតុករបានបំបែកជួរគ្នា ដើរដង្ហែតាមដងផ្លូវ មួយចំនួនមានតាមផ្លូវផ្សារចាស់ ឆ្ពោះទៅតាមម៉ាត់ទន្លេ។ ការដើដង្ហែក្បួននោះ មានក្បួនមួយចំនួនដឹកនាំដោយលោក សម រង្ស៊ីនិងលោក កឹម សុខា ព្រមទាំងក្បួនមួយចំនួនទៀតដឹកនាំ ដឹកនាំមន្រ្តីជាន់ខ្ពស់បក្សសង្គ្រោះជាតិមួយចំនួន។
លោក សម រង្ស៊ី បាននាំបាតុករដកបម្រះមួយចំនួន ដែលអជ្ញាធរបានបិទនៅក្បែរព្រះបរមរាជវាំងផងដែរ។
- ថ្ងៃអាទិត្យ ទី១៥ខែកញ្ញា ម៉ោង១១និង៥០នាទីព្រឹក
សេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖
នៅពេលនេះ កងកម្លាំងការពារសន្តិសុខពេលបាតុកម្ម មានប៉ូលិស ប៉េអឹម ជាដើម ប្រមាណជាង ១០ ឡានអាកាមាស ត្រូវបានគេដឹកចេញពីទីលានប្រជាធិបតេយ្យអស់ហើយ។ បើតាមការឲ្យដឹងពីមន្ត្រីអាជ្ញាធរមួយរូប បានបញ្ជាក់ថាកងកម្លាំងទំាងនោះ ត្រូវបានគេដឹកយកទៅដាក់ នៅវិមានឯករាជ្យក្បែរផ្ទះលោក ហ៊ុន សែន ។ ពេលនេះ នៅលានប្រជាធិបតេយ្យ ដែលជាកន្លែងបាតុកម្ម គ្មានសមត្ថកិច្ចណាមួយឈរជើងការពារនោះទេ។
- ថ្ងៃអាទិត្យ ទី១៥ខែកញ្ញា ម៉ោង១១និង៤០នាទីព្រឹក
រូបភាពព្រះអាទិត្យបាំងឆ័ត្រ៖
- ថ្ងៃអាទិត្យ ទី១៥ខែកញ្ញា ម៉ោង១១និង៣៣នាទីព្រឹក
សេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖
ក្រុមបាតុករមួយចំនួន បានប្រមូលផ្តុំគ្នាព័ទ្ធជុំវិញស្ពាននាគ ស្រែកទៅកាន់អ្នកធ្វើដំណើរថា ដូរចោលទៅ លោក ហ៊ុន សែន ត្រូវតែចុះចេញពីតំណែង លោកហ៊ុន សែន មេផ្តាច់ការនៅស្រុកខ្មែរ យើងត្រូវតែទាមទាររកយុត្តិធម៌។ ក្រុមបាតុករបានស្រែកទៀតថា គ.ជ.ប ជាអ្នកលួចសន្លឹកឆ្នោតយើង យើងមិនសុខចិត្តទេ យើងត្រូវតែតស៊ូដើម្បីជាតិយើង។
សូមបញ្ជាក់ថា នាពេលនេះ នៅទីលានប្រជាធិបតេ្យដែលជាកន្លែងជួបជុំក្រុមបាតុករ ព្រះអាទិត្យបានបញ្ចេញរស្មីដ៏សែនក្តៅ ធ្វើឲ្យមានការលំបាកដល់ក្រុមបាតុករ។ តែយ៉ាងណាក៏ដោយ យើងសង្កេតឃើញថា ពួកគេនៅតែទ្រាំមិនទៅណានោះទេ។
- ថ្ងៃអាទិត្យ ទី១៥ខែកញ្ញា ម៉ោង១១និង១៥នាទីព្រឹក
សេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖
ក្រុមបាតុករចំនួន ៣ នាក់ហើយ បានដួលសន្លប់នៅក្នុង អំឡុងពេលធ្វើមហាបាតុកម្មនៅថ្ងៃនេះ។ នេះបើតាមការឲ្យដឹង ពីក្រុមអ្នកស្ម័គ្រចិត្តជួយសង្គ្រោះនៅក្នុងបាតុកម្មនេះ។ ក្រុមអ្នកជួយសង្គ្រោះបានបញ្ជាក់ថា បាតុករដែលសន្លប់ទាំងនោះភាគច្រើន វិលមុខ និងមិនអាចទ្រាំនឹងកំដៅ ថ្ងៃដ៏ក្តៅនៅវេលាជិតត្រង់នេះ។
បច្ចុប្បន្នក្រុមបាតុករដែលដួលសន្លប់នោះត្រូវបានគេដឹកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យរួចរាល់ហើយ។
- ថ្ងៃអាទិត្យ ទី១៥ខែកញ្ញា ម៉ោង១១និង១០នាទីព្រឹក
សូមជូនវីដេអូមួយចំនួន៖
ទិដ្ឋភាពមួយចំនួននៃ ការធ្វើបាតុកម្ម
សុំយកនុំប៉័ងចូលឲ្យបាតុករញ៉ាំផង ! ទេ ... ព្រោះផ្លូវនេះគេបិត។
- ថ្ងៃអាទិត្យ ទី១៥ខែកញ្ញា ម៉ោង១០និង៤២នាទីព្រឹក
សេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖
នៅពេលនេះ ក្រុមបាតុករកំពុងតែនាំគ្នាផ្អើលមើល ព្រះអាទិត្យគ្រប់ៗគ្នា។ ព្រះអាទិត្យដែលខណៈពេលនេះ កំពុងតែបញ្ចេញអានុភាពរបស់ខ្លួន និងមានអមដោយរស្មីបាំងឆ័ត្រផង នៅទីលានប្រជាធិបតេយ្យ។
ក្រុមបាតុករបានស្រែកទ្រហឹងអឹងអាប់ថា ព្រះអាទិត្យរះហើយ នឹងគណបក្សសង្គ្រោះជាតិមានពន្លឺរស្មី ដែលសូម្បីតែធម្មជាតិក៏ពេញចិត្ត ចំពោះក្រុមបាតុករដែរ។
- ថ្ងៃអាទិត្យ ទី១៥ខែកញ្ញា ម៉ោង១០និង៣០នាទីព្រឹក
សេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ លោក ហូ វ៉ាន់ បានប្រតិកម្មខ្លាំងៗចំពោះសមត្ថកិច្ច ដែលបិទផ្លូវមួយចំនួននៅរាជធានីភ្នំពេញ។
លោក ហូ វ៉ាន់ បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ អំបាញ់ម៉ិញនេះថា អាជ្ញាធរមិនគួរធ្វើបែបនេះឡើយ។ លោកថា ការធ្វើបែបនេះ រិតតែបញ្ជាក់ឲ្យឃើញថា កម្ពុជាជាប្រទេសកុម្មុនីស«ផ្តាច់ការ»។ លោក ហូ វ៉ាន់ បានអំពាវនាវឲ្យអាជ្ញាធរ បើកផ្លូវវិញជាបន្ទាន់។
- ថ្ងៃអាទិត្យ ទី១៥ខែកញ្ញា ម៉ោង១០និង១០នាទីព្រឹក
សេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖
អំបាញ់ម៉ិញនេះ កងទាហានមួយឡានធំ ត្រូវបានគេដឹកមកដាក់នៅទីលានប្រជាធិបតេយ្យបន្ថែមទៀត ដែលបើតាមព័ត៌មានដែលទទួលបាន គឺបញ្ជូនមក ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋ ធ្វើមហាបាតុកម្ម។ ប៉ុន្តែនៅពេលកងទាហានដែលមានប្រដាប់ដោយដំបងខែលផងនោះ ត្រូវបានដឹកឆ្លងកាត់ស្ពាននាគ ជិតសួនសេរីភាពនេះ ក្រុមបាតុករនៅក្បែរនោះ បានសែ្រកហោរិ៍ឡើងជាលក្ខណៈឌឺដង ដាក់ឲ្យក្រុមទាហានទាំងនោះ។
មកទល់ពេលនេះ គេនៅទាន់អាចដឹងចំនួនពិតប្រាកដ របស់អាជ្ញាធរដែលឈរជើងការពារនៅទីលានប្រជាធិបតេយ្យនោះទេ។ ក៏ប៉ុន្តែបើតាមទាហានម្នាក់ ដែលនិយាយប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូទាំងភ័យខ្លាច បានបញ្ជាក់ថា សមត្ថកិច្ចការពារនៅទីនេះមានច្រើន តែមិនដឹងប៉ុន្មាននោះទេ។
- ថ្ងៃអាទិត្យ ទី១៥ខែកញ្ញា ម៉ោង០៩និង៤៥នាទីព្រឹក
សេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖
លោក សម រង្ស៊ី បានផ្តើមថ្លែងនៅលើវេទិការថា ដើម្បីមានលទ្ធិប្រជាធិបតេយ្យ ត្រូវមានយុត្តិធម៌។ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញអត់បានការទេ មន្រ្តីរាជការ កម្មការនី ប្រាក់ខែបន្តិចបន្តួច ចាយមិនគ្រប់។ លោកអះអាងពីបទពិសោធ និងមធ្យោបាយថា រូបលោកនិងគណបក្សរបស់លោក អាចតម្តើងប្រាក់ខែបានច្រើនជាងនេះ។
«យើងជួបជុំថ្ងៃនេះគឺក្នុងបំណងប្រកាសប្រាប់សាធរណៈមតិជាតិនិងអន្តរជាតិថា យើងអត់ព្រមទទួលស្គាល់លទ្ធផលនេះទេ»។
«បើជាតិរលាយ អ្វីផ្សេងទៀត ស្ថាប័នអ្វីទៀតក៏រលាយដែរ ដូចនេះយើងត្រូវការពារជាតិមុនគេ»។ លោកសម រង្ស៊ី បានបញ្ជាក់សារជាថ្មីទៀតថា គ្មានទេការបែងចែកអំណាច មុនការស្វែងរកយុត្តិធម៌។
- ថ្ងៃអាទិត្យ ទី១៥ខែកញ្ញា ម៉ោង០៩និង១៥នាទីព្រឹក
សេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖
លោក កឹម សុខា បានថ្លែងនៅលើវេទិការ នាទីលានប្រជាធិបតេយ្យថា ហេតុអ្វីត្រូវលះបង់ការងារ លះបង់លុយកាក់ ព្រោះតែចងបាននូវយុត្តិធម៌ លះបង់ការភ័យខ្លាយ មកជាភាពក្លាហាន តស៊ូ ដើម្បីភាពយុត្តិធម៌។ ទោះជាយ៉ាងនោះក្តី លោកនៅតែបន្តរថ្កោលទោសទៅ គ.ជ.ប ថាជាចោរលួចសន្លឹកឆ្នោត ដែលទទួលបញ្ជាពីគណបក្សប្រជាជនកម្ពុជា។ លោកបន្តរថា ការលួចឆ្នោត ដូចជាការលួចជីវិត ដែលការលួចនេះធំជាងអ្វីៗទាំងអស់ គឺលួចជាតិ លួចទឹកដី។
ក្នុងនាមប្រជាពលរដ្ឋ ស៊ូស្លាប់ ដើម្បីការពារទឹកដី លោកកឹម សុខា បានថ្លែងថា ទាំងអង្គការជាតិ អន្តរជាតិបានដឹងថា គណបក្សប្រជាជនជាអ្នកចាញ់ឆ្នោត គេមិនទទួលស្គាល់នូវលទ្ធផលលួចនេះទេ។ ហើយក៏មិនមានការចែកអំណាចនោះដែរ មិនអាចក្បត់ឆន្ទះ និងសម្លេងឆ្នោតប្រជាពលរដ្ឋជាដាច់ខាត តែលោកបានបន្តរថា ការជួបជុំគ្នានេះ ដើម្បីសុំការឯកភាព និងយល់ព្រមពីម្ចាស់ឆ្នោត ថាតើត្រូវធ្វើយ៉ាងណា? បើមិនមានការដោះស្រាយទេ មហាបាតុកម្មអាចកើតមាននៅទូទាំងប្រទេស រួមគ្នារកយុត្តិធម៌ជូនប្រជាពលរដ្ឋ និងជាតិ។ លោកបានបន្លឺយ៉ាងដូច្នេះថា ស៊ូឲ្យចាប់ដាក់គុកមានជញ្ជាំង មិនឲ្យដាក់គុកឥតជញ្ជាំង ដូចសម័យខ្មែរក្រហមទេ។
- ថ្ងៃអាទិត្យ ទី១៥ខែកញ្ញា ម៉ោង០៩និង០០នាទីព្រឹក
សេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖
នៅព្រឹកនេះ ក៏មានក្បួនដង្ហែរមួយទៀត មកពីទីស្នាក់ការចាស់នៅ ប៊ៀលឌីង ដឹកនាំដោយលោក គង់ គាំ ដែរ។
ប្រជាពលរដ្ឋបានត្អែញត្អែរ និងខឹងសម្បារចំពោះសមត្ថកិច្ចដែល បានបិទផ្លូវមួយចំនួននៅរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យពួកគាត់ ចូលរួមធ្វើមហាបាតុកម្មជាមួយបក្សសសង្គ្រោះជាតិ។ ពលរដ្ឋមួយក្រុមមកពីក្រុងតាខ្មៅ ខេត្តកណ្តាល បានប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូថា អាជ្ញាធរបានបិទផ្លូវហាមឃត់ មិនឲ្យពួកគាត់ចូលរួមធ្វើមហាបាតុកម្មនៅថ្ងៃនេះ ហើយពួកគេបានប៉ះទង្គិចពាក្យសម្តីគ្នា ជាមួយនឹងក្រុមមន្ត្រីអជ្ញាធរ ដោយពលរដ្ឋគម្រាមដុត បំរះរបស់បូលិសចោល បើមិនអនុញ្ញាតឲ្យពួកគាត់ បានធ្វើដំណើរទៅធ្វើបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិនោះ។
- ថ្ងៃអាទិត្យ ទី១៥ខែកញ្ញា ម៉ោង០៨និង២០នាទីព្រឹក
សេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖
នៅពេលនេះ សមត្ថកិច្ចដែលឈរជើងនៅក្បែរទីលានប្រជាធិបតេយ្យ មាននៅវត្តភ្នំ និងតាមដងផ្លូវព្រះសីហនុជាដើម កំពុងតែបន្ថែមការប្រុងប្រយ័ត្នខ្ពស់ ខណៈពេលមេដឹកនាំគណបក្ស សង្គ្រោះជាតិ បានធ្វើដំណើរមកដល់កន្លែងជួបជុំគ្នា ។
ផ្លូវដែលចូលទៅទីលានប្រជាធិបតេយ្យចាប់ពីស្ពាននាគ ត្រូវបានអជ្ញាធរបិទមិនឲ្យធ្វើដំណើរតាមម៉ូតូ ឬរថយន្តឡើយ ដោយអនុញ្ញាតឲ្យតែធ្វើ ដំណើរដោយថ្មើជើងតែប៉ុណ្ណោះ។
- ថ្ងៃអាទិត្យ ទី១៥ខែកញ្ញា ម៉ោង០៨និង១៥នាទីព្រឹក
សេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖
ក្បួនដង្ហែរដោយថ្មើរជើង ដឹកនាំដោយលោកសម រង្ស៊ី មានចំនួនជាង១០០០០នាក់ ជិតមកដល់ទីលានហើយ។ នេះបើតាមការអះអាងរបស់លោក យឹម សុវណ។
ដោយមានក្បួនដង្ហែដោយថ្មើរជើង ផ្លូវនរោត្តមកណ្ដាលរាជធានីភ្នំពេញត្រូវបានបិទ ជុំវិញផ្ទះលោក ហ៊ុន សែន នៅវិមានឯករាជ្យ ក៏ត្រូវបានបិទដែរ។
- ថ្ងៃអាទិត្យ ទី១៥ខែកញ្ញា ម៉ោង០៨និង១០នាទីព្រឹក
សេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖
មុនការមកដល់របស់លោកសម រង្ស៊ី ក្បួនថ្មើរជើររបស់លោក នៅឯទីលានប្រជាធិបតេយ្យឯណេះ លោក យឹម សុវណ្ណ បានឡើងនិយាយថា សង្គ្រោះជាតិ មិនមែនហ្វុនស៊ីនប៉ិចទេ មិនអាចអូសទាញបានទេ ព្រោះធ្វើអ្វីៗដើម្បីប្រជារាស្រ្ត ដូចា្នះបើមិនមានដំណោះស្រាយទេ មិនចូលប្រជុំសភាជាដាច់ខាត ទោះបីបានទទួលលិខិតអញ្ញើញពីព្រះមហាក្សត្រក៏ដោយ។
- ថ្ងៃអាទិត្យ ទី១៥ខែកញ្ញា ម៉ោង០៨និង០០នាទីព្រឹក
សេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖
លោកយូ ស៊ាងហេង សមាជិកព្រឹទ្ធសភាគណបក្សសង្គ្រោះជាតិ បានរាយការណ៍ថា នៅថ្នល់ទទឹងខាងខេត្តកំពង់ស្ពឺ មានការជួបជុំគ្នារបស់ប្រជាពលរដ្ឋចំនួន៤០ឡាន ស្មើនឹងជាង៤០០០នាក់ កំពុងត្រូវបានអាជ្ញាធរឃាត់មិនឲ្យចូល។ ក្នុងពេលនេះ ការហាមឃាត់នេះ កំពុងតែដោះស្រាយដើម្បីបានបន្តរដំណើរមកភ្នំពេញ។
- ថ្ងៃអាទិត្យ ទី១៥ខែកញ្ញា ម៉ោង០៧និង៣០នាទីព្រឹក
សេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មានមនោរម្យព័ងអាំងហ្វូ៖
ម៉ោងនេះ លោកសមរង្ស៊ី និងលោក កឹម សុខា កំពង់ធ្វើដំណើរដោយថ្មើរជើងពីចាក់អង្រែលើ ឆ្ពោះមកទីលានប្រជាធិបតេយ្យ។ ឯស្នាក់ការទួលគោក មានការការដើរដោយថ្មើរជើងមកកាន់ទីលានប្រជាំធិបតេយ្យដែរ។
តាមព័ត៌មានដែលទទួលបាន មានសមត្ថកិច្ចជាច្រើន ត្រូវបានដាក់ពង្រាយ និងបានឈរជើងនៅមុខទីស្តីការគណរដ្ឋមន្រ្តី និងវិមានសន្តិភាព រួមជាមួយគ្នានេះ ក៏មានការដាក់ពង្រាយ នូវរនាំងបន្លាលួសជាច្រើនតាមច្រកចូលនីមួយៗ។
ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ កាលពីបាតុកម្មលើកទី១ ថ្ងៃទី០៧ខែសីហាឆ្នាំ២០១៣។ (រូបថត MONOROOM.nfo/ U. Bory)