ចាន់ សូវ៉េត៖ ជន​រង​គ្រោះ​នឹង​គ្រាប់​កាំភ្លើង​«ពិត»​ចំ​ក្បាល ជា​អ្នក​ឈរ​មើល​ប៉ុណ្ណោះ

ពលរដ្ឋកម្ពុជាស្លូតត្រង់មួយរូបបានស្លាប់ ហើយជិត១០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងអំពើហឹង្សាមួយ ដែលបានផ្ទុះ​ឡើងសារជាថ្មីទៀត នៅយប់ថ្ងៃទីអាទិត្យទី១៤ខែកញ្ញានេះ នៅចំណុចស្ពានអាកាសក្បាលថ្នល់ បន្ទាប់ពីការប៉ះទង្គិចមួយ កាលពីរសៀលថ្ងៃដដែល នៅមុខវត្តឧណ្ណាលោម ក្នុងថ្ងៃដំបូងនៃមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវ​បាន​ប្រកាសរំសាយជាបណ្ដោះអាសន្នតាំងពីព្រលប់មកនោះ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: September 15, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពលរដ្ឋកម្ពុជាស្លូតត្រង់មួយរូបបានស្លាប់ ហើយជិត១០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងអំពើហឹង្សាមួយ ដែលបានផ្ទុះ​ឡើងសារជាថ្មីទៀត នៅយប់ថ្ងៃទីអាទិត្យទី១៥ខែកញ្ញានេះ នៅចំណុចស្ពានអាកាសក្បាលថ្នល់ បន្ទាប់ពីការប៉ះទង្គិចមួយ កាលពីរសៀលថ្ងៃដដែល នៅមុខវត្តឧណ្ណាលោម ក្នុងថ្ងៃដំបូងនៃមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវ​បាន​ប្រកាសរំសាយជាបណ្ដោះអាសន្នតាំងពីព្រលប់មកនោះ។


ជនរងគ្រោះ ដែលត្រូវបានក្រុមអ្នកជួយសង្គ្រោះសាកល្បងដាស់ឲ្យដឹងខ្លួន។ (រូបថត ហ្វេសប៊ុក)

ទីក្រុងប៉ារីស - មន្ត្រីអង្គការសង្គមស៊ីវិលដែលបានតាមដានហេតុការណ៍នេះ បាននិយាយថា យុវជនអាយុជិត៣០ឆ្នាំ ដែល​ត្រូវ​បានបាញ់ស្លាប់ ដោយគ្រាប់កាំភ្លើងពិត របស់កងកម្លាំងអាជ្ញាធរនោះ គ្រាន់តែជាអ្នក«ឈរមើល»ប៉ុណ្ណោះ។ ដក​ស្រង់​សម្ដី​ដោយវិទ្យុបារាំងអន្តរជាតិ លោក ចាន់ សូវ៉េត មន្ត្រីស៊ើបអង្កេត​របស់​អង្គការ​សិទ្ធិមនុស្ស​អាដហុក បានអះអាងថា កង​កម្លាំង​របស់អាជ្ញធរបានប្រើ​គា្រប់កាំភ្លើង​ពិត គ្រាប់បែកផ្សែង និង​ឡានទឹក​បាញ់​ លើ​ក្រុមយុវជន​ជាង​៣០​នាក់ ដែល​បាន​ប្រឈម​មុខតទល់​ជាមួយ​ជាមួយ​ប៉ូលិស ដែលត្រូវបានចល័តបញ្ជូនមក​មាន​ប្រមាណ ជា​៣ពាន់នាក់ នៅចំនុចកើតហេតុ។ ​

លោកចាន់ សូវ៉េត ដែលមានវត្តមាននៅផ្ទាល់នឹងកន្លែង រហូតដល់ម៉ោង១០កន្លះយប់នោះ បានបញ្ជាក់បន្ថែមទៀថា យុវជន​មួយ​ក្រុម ដែលគេមិនស្គាល់ប្រភពនោះ​ បានខឹងសម្បា ទល់នឹង​ការបិទផ្លូវ ដែល​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​ចាប់តាំង ពី​ម៉ោង​បីទៀបភ្លឺថ្ងៃដដែលនេះមក។ ការបិទ​ផ្លូវ​ដែល​បណ្តាល​ ឲ្យ​មានការកកស្ទះ​ចរាចរណ៍​ខ្លាំង​នៅ​ម្តុំ​ស្ពាន​មុនីវង្ស (ក្បាលថ្នល់)។ ប៉ុន្តែបើតាម​លោក​ចាន់ សូវ៉េត ដដែល យុវជន​ដែល​បានស្លាប់​ដោយសារ​គ្រាប់កាំភ្លើងពិត របស់អាជ្ញាធរដែលមាននគរបាល និងកងរាជអាវុធហត្ថនោះ មិនមែន​ជាមនុស្ស​ក្នុង​ចំណោម​ក្រុមយុវជន​ទាំង​ជាង​៣០​នាក់ទេ ប៉ុន្តែគឺ​គ្រាន់តែ​អ្នក«ឈរមើល» ហើយលោកបានឃើញ​ មានការចាប់មនុស្ស​យ៉ាងតិច ១០​នាក់ នៅក្នុង​ការប្រឈមមុខគ្នានោះ។

ប៉ុន្តែបើតាមគេហទំព័រមួយរបស់សារព័ត៌មានដើមអំពិល ដែលគេស្គាល់ថាមាននិន្នាការស្និតនឹងរដ្ឋាភិបាលនោះ បាន​រាយការណ៍ថា ការប៉ះទង្គិចគ្នានេះ បានកើតឡើងនៅរវាងពីម៉ោង ៩និង៤០នាទីយប់ និងមកដល់នៅម៉ោង ១០ និង២៨នាទី​យប់ ស្រាប់តែមានក្រុមបាតុករបានសម្រុក ចូលវាយទីស្នាក់ការប៉ុស្តិ៍នគរបាលនៅសង្កាត់ចាក់អង្រែលើ តែត្រូវបាន​កម្លាំង​សមត្ថកិច្ចឃាត់ខ្លួនប្រមាណជា ៤-៥នាក់។ គេហទំព័រនេះ បានសរសេរថា បាតុករខ្លះ មានកាំភ្លើង។

ដោយឡែកប្រធានមជ្ឈមណ្ឌលសិទ្ធមនុស្ស លោក អ៊ូ វីរះ បានបញ្ជាក់បន្ថែមប្រាប់អ្នកការសែតថា «ខ្ញុំឃើញសាកសព​ជន​រងគ្រោះ ដោយផ្ទាល់ភ្នែក។ (...) គាត់បានរងគ្រោះដល់ជីវិត ដោយទទួលគ្រាប់កាំភ្លើងមួយគ្រាប់ចំកណ្ដាលក្បាល។» សាក្សី​ដទៃទៀតនៅផ្ទាល់នឹងកន្លែង ក៏បានអះអាងពីមរណភាព និងអ្នករបួសមួយចំនួនទៀត ដោយសារគ្រាប់កាំភ្លើង​ពិតដូចនេះ​ដែរ។

នៅក្នុងការស្នើសុំឲ្យធ្វើប្រតិកម្មភ្លាមៗ អ្នកនាំពាក្យកងរាជអាវុធហត្ថ លោក ខេង​ ទីតូ បានបដិសេធពីដំណឹងមរណភាព​របស់​យុវជន ហើយលោកបានច្រាន​ចោល​ទាំងស្រុង នូវការប្រើប្រាស់គ្រាប់កាំភ្លើងពិត ដោយកងកម្លាំងរបស់អាជ្ញាធរ។ លោកបាន​ថ្លែងឲ្យដឹងថា «កងរាជអាវុធហត្ថ បានប្រើប្រាស់តែដំបងនិងខែល ហើយខាងនគរបាលប្រើប្រាស់ តែឧស្ម័នបាញ់​ដើម្បី​បង្ហូ​ទឹកភ្នែកប៉ុណ្ណោះ។ យើងមិនបាន​ប្រើប្រាស់គ្រាប់កាំភ្លើងពិតទេ។» ប៉ុន្តែអ្នកនាំពាក្យរូបនេះ បានទទួលស្គាល់ថា អាជ្ញាធរ​បាន​«បង្ក្រាបក្រុមបាតុករខុសច្បាប់» និងគ្រប់គ្រងស្ថានភាពដោយជោគជ័យបានជាស្ថាពរ។

ក្នុងហេតុការណនោះដែរ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី លោក កឹម សុខា និងលោកស្រី មូ សុខហួរ ត្រូវ​បានឃើញចុះទៅដល់ទីកន្លែងនោះ ដើម្បីធ្វើអន្តរាគមន៍។ លោកស្រីមូ សុខហួរ បានសុំឲ្យក្រុមអ្នកតវ៉ាទាំងអស់បញ្ឈប់​សកម្មភាពរបស់ខ្លួនហើយបំបែកជួរទៅផ្ទះ ដោយលោកស្រីនិយាយថា ប្រយ័ត្ន«ចូលអន្ទាក់គេ»។ មិនខុសប៉ុន្មានទៅនឹង​សេចក្ដីថ្លែងការណ៍ របស់គណបក្សនេះដែលទើបតែចេញមុននេះបន្តិចនោះ លោកស្រីបានប្រកាសថា គណបក្សសង្គ្រោះ​ជាតិ នឹងមិនទទួលខុសត្រូវជាមួយបាតុករណាដែលប្រើអំពើហឹង្សាឡើយ។ មិនតែប៉ុណ្ណោះ លោកស្រីថែមទាំងស្នើ​ឲ្យ​អាជ្ញាធរ​ មានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់លើបាតុករនោះផង។

ក្នុងអត្ថបទលើកក្រោយ ទស្សនាវដ្ដីនឹងលើកយកមកបរិយាយ នូវប្រតិកម្មនិងការវិភាគមួយចំនួន​ ទាក់ទងនឹងមរណភាព​របស់យុវជនដ៏អភ័ពម្នាក់នេះ៕

--------------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...