ព្រះអង្គម្ចាស់ធម្មិកោ៖ បក្ស​ប្រជាជន​កម្ពុជា ប្រើ​ប្រាស់​ព្រះមហាក្សត្រ​ជា​ចំណាប់​ខ្មាំង​នយោបាយ

ដំណើរការប្រជុំសភា​ តាមការកោះអញ្ជើញរបស់ព្រះមហាក្សត្រ ដែលទំនងជាមានការរៀបចំឡើង​ ពីគណបក្សប្រជាជន​កម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានបំណងចង់យកព្រះមហាក្សត្រទៅប្រឈមនឹងប្រជាជនកម្ពុជា ដែល​ជា​ម្ចាស់ឆ្នោត។ នេះជាការលើកឡើងរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ក្នុងឱកាសទ្រង់ធ្វើកូដកម្មតមព្រះក្រយ៉ា នៅ​រម្យនីយដ្ឋានវត្តភ្នំ នាថ្ងៃទី២០ខែកញ្ញានេះ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: September 20, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដំណើរការប្រជុំសភា​ តាមការកោះអញ្ជើញរបស់ព្រះមហាក្សត្រ ដែលទំនងជាមានការរៀបចំឡើង​ ពីគណបក្សប្រជាជន​កម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានបំណងចង់យកព្រះមហាក្សត្រទៅប្រឈមនឹងប្រជាជនកម្ពុជា ដែល​ជា​ម្ចាស់ឆ្នោត។ នេះជាការលើកឡើងរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ក្នុងឱកាសទ្រង់ធ្វើកូដកម្មតមព្រះក្រយ៉ា នៅ​រម្យនីយដ្ឋានវត្តភ្នំ នាថ្ងៃទី២០ខែកញ្ញានេះ។


ព្រះអង្គម្ចាស់ធម្មិកោ ថ្វាយបង្គុំដុតធូប នៅមុខរូបចម្លាក់បូរាណតំណាងនៅវត្តភ្នំ ថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ U. Bory)

រាជធានីភ្នំពេញ - រហូតមកដល់ពេលនេះស្ថានការណ៍នយោបាយនៅកម្ពុជា ត្រូវបានមជ្ឈដ្ឋានទូទៅមើលឃើញថា កំពុង​តែមានភាពក្តៅ​គគុកនៅឡើយ បើទោះជាគ្រប់ភាគីដែលពាក់ព័ន្ធ និងមានកាតព្វកិច្ចទទួលខុសត្រូវ ក្នុងការដោះស្រាយ បានបង្ហាញ​សុឆន្ទះដោះស្រាយជាបន្តបន្ទាប់ក្តី។ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ រួមនឹងអង្គ​ព្រះមហាក្សត្រ កន្លងមកបានបង្ហាញ​គោលជំហរយ៉ាងមុតមាំ ដើម្បីទម្លុះទម្លាយភាពទាល់ច្រកនយោបាយ តែកិច្ចការទាំង​នេះ​នៅតែមិនទាន់អាចសម្រេចបាន ក៏ព្រោះតែគូភាគីមានគោលជំហរផ្ទុយគ្នា បើទោះជាមានឆន្ទះជួបចរចាក៏ដោយ។

ព្រះអង្គម្ចាស់ ស៊ី សុវត្ថធម្មិកោ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣ នេះនៅបរិវេណវត្តភ្នំរាជធនានីភ្នំពេញ បានមានព្រះបន្ទូល​ពន្យល់ប្រាប់ ក្រុម​អ្នក​សារព័ត៌មានថា គណបក្សប្រជាជនកម្ពុជាបានដាក់យុទ្ធសាស្រ្ត ជំរុញឲ្យកោះប្រជុំសភាលើកដំបូង​នៅថ្ងៃទី២៣ខែកញ្ញាខាងមុខ ដើម្បីទទួលបានការកាន់កាប់អំណាចដោយស្របច្បាប់ តាមរយៈការយកអង្គ​ព្រះមហាក្សត្រ ទៅប្រឈមមុខ​ជាមួយប្រជារាស្រ្ត ខណៈដែលប្រជារាស្រ្តមិនចង់ឲ្យមានការប្រជុំសភា ដរាបណាមិនមានដំណោះស្រាយ​ប្រកបដោយ​យុត្តិធម៌ ចំពោះភាពមិនប្រក្រតីក្នុងកំឡុងពេលបោះឆ្នោត។

ខ្សែរាជវង្សអង្គនេះមានព្រះរាជបន្ទូលបញ្ជាក់ថា៖ «ចំណុចទី១គណបក្សប្រជាជនកម្ពុជា ចង់ឲ្យប្រជាពលរដ្ឋមានប្រតិកម្ម​ចំពោះព្រះមហាក្សត្រ ដើម្បីមានលេសទម្លាក់ព្រះរាជបល័ង្គ។ ចំណុចទី២ គេចង់យកលេសបង្រ្កាប ទៅលើអ្នកគាំទ្រ​គណបក្សសង្រ្គោះជាតិ និងបន្សាបកិត្តិនាមអង្គព្រះមហាក្សត្រ»។

គួរម្លឹកថាលោក ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីចាំផ្ទះ កាលពីឆ្នាំ២០១២ នៅ​ចំពោះ​មុខព្រះបរមសព្វ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នៅទីក្រុងប៉េកាំង បានផ្តេចជ្ញាថា នឹងការពារស្ថាប័នព្រះមហាក្សត្រ ការពារអង្គព្រះមហាក្សត្រ ការពារសម្តេចយាយ នរោត្តម មុនីនាថសីហនុ ហើយសូមឲ្យដួងព្រះវិញាណខ័ន្ធ ព្រះបរមរតន​កោដ្ឋ​យាងទៅកាន់សុគតិភព។

ការអះអាងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅពេលនោះ ត្រូវបានព្រះអង្គម្ចាស់ស៊ីសុវត្ថ ធម្មិកោ មានព្រះបន្ទូលថា លោកជឿលើការអះអាងរបស់លោក ហ៊ុន សែន តែព្រះអង្គសម្តែងការសោកស្តាយថា សកម្មភាពរបស់គណបក្ស​ប្រជាជន​កម្ពុជា នៅពេលបច្ចុបន្ននេះ បានធ្វើឲ្យប៉ះពាល់ដល់អង្គព្រះមហាក្សត្រ និងស្ថាប័នព្រះមហាក្សត្រ ពោលគឺវាផ្ទុយទៅនឹង​ការផ្តេជ្ញារបស់លោក ហ៊ុន សែន។

គួរបញ្ជាក់ថា បើគិតពីក្រោយបោះឆ្នោតរហូតមកដល់ពេលនេះ ព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី ដោយឈរលើ​មាត្រាទី៨២នៃរដ្ឋធម្មនុញ្ញ ព្រះអង្គបានកោះអញ្ជើញដល់ ក្រុមបេក្ខជនអ្នកតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ ឲ្យ​ចូលប្រជុំសភាលើកដំបូងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ ចំនួន២លើកមកហើយ។ ហើយការកោះអញ្ជើញនេះ តែងតែ​ត្រូវបានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សគ្រប់គ្រងអំណាចសាទរ និងប្តេជ្ញាគោរពតាម​ព្រះរាជតម្រិះរបស់អង្គ​ព្រះមហាក្សត្រ។

ជាថ្មីម្តងទៀតលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣ នេះបានថ្លែងប្រាប់ក្រុមអ្នក​សារព័ត៌មាន នៅទីស្នាក់ការកណ្តាលរបស់គណបក្សថា បេក្ខជនតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ នឹងមិន​ចូល​ប្រជុំសភាលើកដំបូងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ ទេ។ មេដឹកនាំគណបក្សប្រឆាំងរូបនេះ នៅតែបន្តការពារ​គោល​ជំហរចាស់ដដែល ដោយទាមទារឲ្យរកយុត្តិធម៌ជូនប្រជារាស្រ្តជាមុនសិន។ កន្លងមកមេដឹកនាំបក្សប្រឆាំងរូបនេះ​ធ្លាប់​បញ្ជាក់ថា៖ «គ្នានរណា ឬស្ថាប័នណា ធំជាងប្រជានុរាស្រ្តនោះទេ ព្រោះកម្ពុជាជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ»៕

-----------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...