ផៃ ស៊ីផាន៖ ជំហរគណបក្សសង្គ្រោះជាតិ ជាការ«ប្រមាថ»ចំពោះព្រះមហាក្សត្រ
- ដោយ: ជា ធីរិទ្ធ
- កែប្រែចុងក្រោយ: September 20, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅទីបផុតទីបក្សសង្គ្រោះជាតិ បានប្រកាសមិនចូលរូមប្រជុំសភាលើកដំបូង តាមការកោះហៅរបស់ព្រះមហាក្សត្រនោះទេ។ ជាមួយគ្នានឹងការមិនចូលរួមប្រជុំ សភារបស់បក្សប្រឆាំងនេះ ត្រូវបានគណបក្សប្រជាជនអះអាងថា ជាការមិនគោរពឲ្យតម្លៃចំពោះព្រះមហាក្សត្រ។ ក៏ប៉ុន្តែមន្រ្តីគណបក្សសង្គ្រោះជាតិបាន លើកឡើងថា ខ្លួនគោរពតាមព្រះហាក្សត្រជានិច្ច តែឆន្ទៈរបស់ពលរដ្ឋក៏សំខាន់ដែរ។
លោក ផៃ ស៊ីផាន មន្ត្រីគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា។ (រូបថត ទីស្ដីការគណរដ្ឋមន្ត្រី)
បើតាមការគ្រោងទុក្ខនៅសល់តែរយៈពេលជាង២ថ្ងៃទៀតប៉ុណ្ណោះ កិច្ចប្រជុំសភាលើកដំបូងនឹងត្រូវចាប់ផ្តើមឡើង ដែលព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជសារយ៉ាងទទូចម្តងហើយម្តងទៀត សូមឲ្យតំណាងរាស្រ្តបក្សប្រឆាំង ចូលរួមប្រជុំសភាតាមការកំណត់កុំខានឲ្យសោះ។ ក៏ប៉ុន្តែជាជំហរចុងក្រោយ នៅថ្ងៃនេះ គណបក្សសង្គ្រោះជាតិ បានប្រកាសហើយថា ខ្លួននឹងមិនចូលរួមប្រជុំសភា តាមការកោះអញ្ជើញរបស់ព្រះមហាក្សត្រនោះទេ ដោយសារតែនៅមិនទាន់រកយុត្តិធម៌ជូនម្ចាស់ឆ្នោតបាន។
ការប្រកាសជំហរបែបនេះ ត្រូវបានលោក ផៃ ស៊ីផាន មន្រ្តីបក្សប្រជាជនអះអាងថា គឺជាការប្រមាថចំពោះព្រះមហាក្សត្រ ដោយមិនស្តាប់ឧិវាទព្រះអង្គឡើយ។ លោក ផៃ ស៊ីផាន បានបន្តថា កាលពីពេលមុន គណបក្សប្រឆាំង បានតតាំងមិនគោរព វាយប្រហារ ប្រមាថចំពោះស្ថាប័នកំពូលៗរបស់ជាតិដូចជា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ។ លោកថា ឥឡូវនេះដល់វេន គណបក្សសង្គ្រោះជាតិ វាយប្រហារ ប្រមាថមើលងាយចំពោះតួអង្គព្រះមហាក្សត្រវិញម្តងហើយ។ ប្រមាថ ដោយសារថា តំណាងរាស្រ្តគណបក្សនេះ បានប្រកាសជំហរផ្ទុយពីព្រះរាជតម្រិះរបស់ ព្រះមហាក្សត្រ ដោយផ្គឺនមិនចូលរួមប្រជុំសភាលើកដំបូង តាមការកោះហៅរបស់ព្រះមហាក្សត្រនៅថ្ងៃទី ២៣ ខែកញ្ញា ខាងមុខ។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានធ្វើការអត្ថាធិប្បាយថា ការសម្រេចចិត្តមិនចូលរួមប្រជុំសភា របស់អ្នកតំណាងរាស្រ្តជាប់ឆ្នោត របស់បក្សប្រឆាំងនេះ មិនមែនមានន័យមិនគោរព មិនឲ្យតម្លៃ ប្រមាថ ព្រះមហាក្សត្រដូចការចោទប្រកាន់ របស់គណបក្សប្រជាជនឡើយ។ លោកថា មានតែគណបក្សប្រជាជនទេ ដែលមិនគោរពស្ថាប័នព្រះមហាក្សត្រនោះ។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ព្រះមហាក្សត្រគឺជាតួអង្គដែលគណបក្សនេះគោរពកោតក្រែងជាទីបំផុត មិនដែលមានចេតនាចង់ប្រមាថព្រះអង្គឡើយ។ ក៏ប៉ុន្តែគណបក្សសង្គ្រោះជាតិ បានទទួលការគាំទ្រខ្លាំង និងបានឈានដល់កម្រិតនេះ គឺដោយសារតែពលរដ្ឋបោះឆ្នោតឲ្យ។ ដូច្នេះឆន្ទៈរបស់ពលរដ្ឋ ក៏វាសំខាន់ផងដែរ។
បើគេបានលឺបានស្គាល់ឃ្លាមួយនិយាយថា ព្រះរាជាណាចក្រកម្ពុជា គេប្រាកដជាយល់ថា ប្រទេសនេះ ជាប្រទេសដែលមានព្រះមហាក្សត្រឡើងសោយរាជ្យសម្បត្តិ។ ជាការពិតណាស់កម្ពុជាគឺជាដែនដីមាន ស្តេចគ្រងរាជ្យសម្បត្តិ ស្តេចជាប្រមុខរដ្ឋ និងជាម្លប់ដ៏ត្រជាក់របស់បណ្តាប្រជារាស្រ្ត នៅទូទាំងនគរ។ នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃប្រទេសនេះ បានចែងថា អង្គព្រះមហាក្សត្រ គ្មាននរណា មួយអាចរំលោភបំពានបានឡើយ ជាពិសេសព្រះមហាក្សត្រ ក៏គឺជាអជ្ញាកណ្តាល ក្នុងការដោះស្រាយ នូវវិបត្តិរបស់ប្រទេសជាតិផងដែរ។ តួយ៉ាងដូចជាស្ថានការណ៍ ដែលកំពុងតែកើតឡើងយ៉ាងក្តៅគគុកនៅ ក្នុងប្រទេសបច្ចុប្បន្ន ដែលមិនមានភាពឯកភាពគ្នា ក្រោយការបោះឆ្នោត បានរុញច្រានស្ថានភាព នយោបាយនៅកម្ពុជា ឲ្យធ្លាក់ទៅក្នុងវិបត្តិមួយ ដែលមកទល់ពេលនេះ នៅតែមិនទាន់អាចរកដំណោះ ស្រាយរួមបានឡើយ។ ដូច្នេះតួអង្គព្រះមហាក្សត្រ គឺជាការចាំបាច់ណាស់ក្នុងការដោះស្រាយនូវបញ្ហា នេះ។ ប៉ុន្តែក្នុងដំណាក់កាលនេះ គេសង្កេតឃើញថា ឥទ្ធិពលរបស់ព្រះមហាក្សត្រ ហាក់មិនមានទម្ញន់អ្វី ឡើយលើអ្នកនយោបាយ និងពលរដ្ឋកម្ពុជា។
ជុំវិញការប្រមាថស្ថាប័នព្រះមហាក្សត្រ និងអង្គព្រះមហាក្សត្រ ខ្សែរាជវង្សមួយព្រះអង្គ ព្រះនាម ស៊ីសុវត្ថិ ធម្មិកោ កាលពីពេលថ្មីៗកន្លងទៅ បានចេញមុខបរិហារជាសាធារណៈថា លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីចាំផ្ទះ និងលោក ជាម យៀប មន្រ្តីបក្សប្រជាជនកម្ពុជា ធ្លាប់បានគម្រាមបញ្ចប់របបរាជនិយមនៅកម្ពុជា។ លោក ហ៊ុន សែន ដែលបានគម្រាមព្រះមហាក្សត្រកាលពីឆ្នាំ ២០០៥ កន្លងទៅនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីលោកត្រលប់មកពីប្រជុំនៅវៀតណាមវិញ ទាក់ទងនឹងសន្ធិសញ្ញាព្រំដែនកម្ពុជា- វៀតណាមថា ប្រសិនបើព្រះមហាក្សត្រ មិនព្រមឡាយព្រះហស្ថលេខាចំពោះសន្ធិសញ្ញានេះទេ ត្រូវតែគិតគូយករបបសាធារណរដ្ឋមកដាកជំនួនរាជានិយមវិញ។ ចំណែកលោក ជាម យៀប វិញ បានព្រមានចំពោះ ព្រះមហាក្សត្រកាលពីឆ្នាំ ២០០៦ ខែវិច្ឆិការ កន្លងទៅដែរថា គណបក្សប្រជាជនកម្ពុជា យកលទ្ធិរាជាធិបតេយ្យមកបាន ចង់លុបវិញពេលណាក៏បានដែរ៕
---------------------------------
ដោយ៖ ជា ធីរិទ្ធ - ភ្នំពេញថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ